អន្តរជាតិ
ប្រេសិតពិសេសអាស៊ាន៖ ជំនួបជាមួយភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា ជាកិច្ចការអាទិភាព
17, Nov 2022 , 9:39 pm        
រូបភាព
លោកប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រេសិតពិសេសអាស៊ានលើបញ្ហាមីយ៉ាន់ម៉ា។ រូបភាពយកពី ASEAN Cambodia 2022
លោកប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រេសិតពិសេសអាស៊ានលើបញ្ហាមីយ៉ាន់ម៉ា។ រូបភាពយកពី ASEAN Cambodia 2022
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៧ ខែវិច្ឆិកា បានចេញរបាយការណ៍មួយរបស់ប្រេសិតពិសេសអាស៊ានលើមីយ៉ាន់ម៉ា ដែលដាក់ទៅកាន់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង៤១។ របាយការណ៍នោះ បានបញ្ជាក់ថា ជំនួបជាមួយភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា ជាកិច្ចការអាទិភាពរបស់ប្រេសិតពិសេសអាស៊ាន។

 
វិបត្តិមីយ៉ាន់ម៉ា នៅតែបញ្ហាដ៏ក្តៅសម្រាប់អាស៊ាន និងមិនទាន់មានច្រកចេញនៅឡើយ។ ការប៉ះទង្គិចក្នុងប្រទេស ក៏មានជាញឹកញាប់ផង។ ជុំវិញបញ្ហាមីយ៉ាន់ម៉ានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៧ ខែវិច្ឆិកា បានបញ្ចេញរបាយការណ៍របស់ប្រេសិតពិសេសអាស៊ាន ដែលបានដាក់ទៅកាន់កិច្ចប្រជុំកំពូលអាស៊ានលើក៤០ និង៤១។ 
 
របាយការណ៍កម្រាស់ ១៩ទំព័រនេះ បានបញ្ជាក់ពីកិច្ចខិតខំរបស់ប្រេសិតពិសេសអាស៊ាន ក្នុងការជួយសម្របសម្រួលបញ្ហានៅមីយ៉ាន់ម៉ា ក៏ដូចជាជួបភាគីពាក់ព័ន្ធទាំងអស់។ 
 
«ជំនួបជាមួយភាគីពាក់ព័ន្ធទាំងអស់ គឺជាកិច្ចការអាទិភាពមួយរបស់ប្រេសិតពិសេសអាស៊ាន»។ របាយការណ៍ចេញដោយក្រសួងការបរទេសកម្ពុជា បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ប្រេសិតពិសេសអាស៊ាន និងជារដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ក្នុងដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ា បានជួបជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចចំនួន ៧ និងបក្សនយោបាយចំនួន ៨។ 
 
បើតាមរបាយការណ៍ខាងលើ ប្រេសិតពិសេសអាស៊ាន ក៏បានទាមទារជួបពិភាក្សាជាមួយអង្គការប្រដាប់អាវុធ ដែលកំពុងប្រយុទ្ធជាមួយយោធាមីយ៉ាន់ម៉ា និងបក្សនយោបាយចំនួន ៤ ដែលស្ថិតក្រោមការត្រួតពិនិត្យរបស់គណៈកម្មការរៀបចំការបោះឆ្នោតសហភាព (UEC) ផង។ លោកប្រាក់ សុខុន ក៏បានស្នើជួបជាមួយលោកស្រី អ៊ុងសាន ស៊ូជី និងលោក Win Myint ដែរ ប៉ុន្តែយោធាមីយ៉ាន់ម៉ា អះអាងថា ខ្លួននឹងពិចារណាលើបញ្ហានេះ នៅពេលបញ្ចប់នីវិវិធីច្បាប់។ 
 
 
មិនតែប៉ុណ្ណោះ របាយការណ៍ខាងលើ បានលើកឡើងពីកិច្ចខិតខំ ក្នុងការផ្តល់ជំនួយទៅមីយ៉ាន់ម៉ា សម្រាប់គ្រប់ភាគីទាំងអស់។ ក្រោមកិច្ចខិតខំនេះ ប្រេសិតពិសេសអាស៊ាន បានប្រមែប្រមូលវ៉ាក់សាំង ៣លានដូស រួមទាំងសម្ភារវេជ្ជសាស្រ្តផ្សេងទៀត សម្រាប់ផ្តល់ឱ្យមីយ៉ាន់ម៉ា ដើម្បីជួយសង្រ្គោះប្រជាជន ក្នុងពេលមានវិបត្តិជំងឺឆ្លងសកល៕ 
 

Tag:
 អាស៊ាន
  មីយ៉ាន់ម៉ា
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com