FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
សោកស្តាយ! Mane មិនអាចជួយសេណេហ្កាល់លេង World Cup បានទេ ដោយសារទើបវះកាត់
18, Nov 2022 , 9:45 am        
រូបភាព
Sadio Mane នឹងអវត្តមានសម្រាប់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិសេណេហ្កាល់ក្នុងការប្រកួត FIFA World Cup នៅកាតា ក្រោយទទួលការវះកាត់របួសជង្គង់។ Mane ដែលត្រូវរបួសជង្គង់អំឡុងលេងឱ្យ Bayern Munich ត្រូវបានគ្រូសេណេហ្គាល់បញ្ចូលឈ្មោះកីឡាករទាំង២៦រូបចុងក្រោយផងដែរ។



ដំបូងឡើយ សហព័ន្ធកីឡាបាល់ទាត់សេណេហ្កាល់ (SFF) បញ្ជាក់ថា Mane អាចខកខានតែជំនួបបើកឆាកពូល A ទល់ហូឡង់ប៉ុណ្ណោះ ដោយគិតថាស្ថានភាពជំងឺអាចធូរស្រាលឡើងវិញ។ ប៉ុន្តែជារឿងគួរសោកស្តាយសម្រាប់អ្នកគាំទ្រសេណេហ្កាល់ ក្រោយវិរបុរសរបស់ពួកគេត្រូវអវត្តមានពេញមួយព្រឹត្តិការណ៍ World Cup តែម្តង។
 
ក្រោយទទួលការស្តេន MRI លើកចុងក្រោយនៅថ្ងៃទី១៧ ខែវិច្ឆិកា Mane អតីតខ្សែប្រយុទ្ធឆ្នើម Liverpool ត្រូវបង្ខំចិត្តឱ្យទទួលការវះកាត់តែម្តង។ បើទោះបីក្លិប Bayern Munich បញ្ជាក់ថាការវះកាត់របស់កីឡាករខ្លួនទទួលបានជោគជ័យក៏ដោយ ប៉ុន្តែនៅតែតម្រូវឱ្យសម្រាកព្យាបាលរហូតសះស្បើយ។
 
ក្លិបយក្សអាល្លឺម៉ង់បញ្ជាក់ថា Mane ត្រូវវះកាត់ភ្ជាប់សរសៃពួរជើងខាងស្តាំ ហើយត្រូវបន្តសម្រាកព្យាបាលនៅទីក្រុង Munich ប្រហែលរយៈពេលមួយសប្តាហ៍ទៅមុខទៀត។
សម្រាប់បេក្ខភាពដែលត្រូវជំនួស Mane នោះ គ្រូបង្វឹកសេណេហ្កាល់លោក Aliou Cissé នៅមិនទាន់សម្រេចថាយកណានៅឡើយទេ។
 
សេណេហ្កាល់ នឹងចាប់ផ្តើមយុទ្ធនាការ World Cup របស់ខ្លួនដោយត្រូវលេងទល់នឹងហូឡង់សម្រាប់ជំនួបបើកឆាក នៅថ្ងៃ២១ ខែវិច្ឆិកា។ ក្រុមអាហ្រ្វិកនេះ ស្ថិតក្នុងពូល A ជាមួយម្ចាស់ផ្ទះកាតា និងអេក្វាទ័រ៕
 

Tag:
 World Cup
  FIFA
  Sadio Mane
© រក្សាសិទ្ធិដោយ thmeythmey.com