អន្តរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីលអន្តរទ្វីបមួយគ្រាប់នៅថ្ងៃនេះ ហើយធ្លាក់ចូលតំបន់សេដ្ឋកិច្ចផ្តាច់មុខជប៉ុន
18, Nov 2022 , 11:09 am        
រូបភាព
ដោយ:
កូរ៉េខាងជើង នៅថ្ងៃទី១៨ ខែវិច្ឆិកា បាញ់មីស៊ីលមួយគ្រាប់ទៀតដែលទំនងជាមីស៊ីលអន្តរទ្វីបសំដៅទិខាងកើត មួយថ្ងៃក្រោយបាញ់មីស៊ីលចម្ងាយខ្លីព្រមានអាម៉េរិក និងសម្ព័ន្ធមិត្តដែលកំពុងបង្កើនវត្តមានយោធាក្នុងតំបន់ប្រឆាំងក្រុងព្យុងយ៉ាង។ នាយករដ្ឋមន្រ្តីជប៉ុនវិញអះអាងថា មីស៊ីលនោះធ្លាក់ចូលតំបន់សេដ្ឋកិច្ចផ្តាច់មុខជប៉ុន។

 
យោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូងនៅថ្ងៃទី១៨ ខែវិច្ឆិកា មីស៊ីលមួយគ្រាប់នោះទំនងជាមីស៊ីលអន្តរទ្វីបដែលជាមីស៊ីលចម្ងាយឆ្ងាយបំផុតរបស់កូរ៉េខាងជើង ហើយផលិតឡើងដើម្បីបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ 
 
ជប៉ុនក៏បញ្ជាក់ពីការបាញ់នេះដែរ។ ថ្លែងពីទីក្រុងបាងកក នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ អះអាងថា មីស៊ីលមួយគ្រាប់នេះប្រហែលជាមីស៊ីលអន្តរទ្វីបដែលធ្លាក់ចូលតំបន់សេដ្ឋកិច្ចផ្តាច់មុខជប៉ុន។ បើតាមក្រសួងការពារជាតិជប៉ុន មីស៊ីលអន្តរទ្វីបនេះត្រូវបានបាញ់ឆ្ពោះទៅភាគខាងកើតតាមឆ្នេរសមុទ្រភាគខាងលិចកូរ៉េខាងជើងប្រហែលជាម៉ោង១០និង១៤នាទីព្រឹក។
 
ក្រសួងការពារជាតិជប៉ុនបន្ថែមថា មីស៊ីលចម្ងាយឆ្ងាយមួយគ្រាប់នេះបានធ្លាក់ចូលក្នុងទឹកចម្ងាយប្រហែល២១០គីឡូម៉ែត្រពីភាគខាងលិចនៃកោះ Oshima របស់ជប៉ុនប្រហែលម៉ោង ១១និង២០នាទីព្រឹក។ តំបន់សេដ្ឋកិច្ចផ្តាច់មុខជប៉ុនលាតសន្ធឹងក្នុងចម្ងាយ៣៧០គីឡូម៉ែត្រពីឆ្នេររបស់ខ្លួន។
 
«កូរ៉េខាងជើងបានធ្វើសកម្មភាពបង្ករឿងដដែលៗជាញឹកញាប់ ហើយខ្ញុំចង់បញ្ជាក់ជាថ្មីម្តងទៀតថា សកម្មភាពទាំងនេះមិនអាចអត់ឱនបានទេ»។ លោក គីស៊ីដា ប្រាប់អ្នកកាសែតបែបនេះដោយសង្កត់ធ្ងន់ថា ក្រុងតូក្យូថ្កោលទោសជាខ្លាំងទៅលើសកម្មភាពចុងក្រោយនេះ។
 
បើតាមលោក គីស៊ីដា ជប៉ុននឹងបន្តប្រឹងឱ្យអស់ពីសមត្ថភាពដើម្បីប្រមូលព័ត៌មាន ត្រួតពិនិត្យ ហើយធ្វើការយ៉ាងជិតស្និទ្ធជាមួយអាម៉េរិក និងសម្ព័ន្ធមិត្តត្រីភាគីជាមួយអាម៉េរិក និងកូរ៉េខាងត្បូងឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង។
 
មួយថ្ងៃមុននេះ កូរ៉េខាងជើងបាញ់មីស៊ីលចម្ងាយខ្លីមួយគ្រាប់ដើម្បីព្រមានដល់អាម៉េរិក និងសម្ព័ន្ធមិត្តដែលបានរួមគ្នាប្តេជ្ញាពង្រឹងសមត្ថភាពយោធាប្រឆាំងក្រុងព្យុងយ៉ាង។ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui ព្រមានថានឹងឆ្លើយតបខាងយោធាដ៏ខ្លាំងក្លាចំពោះចំណាត់ការរបស់អាម៉េរិកដែលបង្កើនវត្តមានយោធាក្នុងតំបន់។ លោកស្រីបន្ថែមថា ក្រុងវ៉ាស៊ីនតោនកំពុងលេងល្បែងដែលនឹងស្តាយក្រោយ។​
 
កាលពីសប្តាហ៍មុន លោកស្រី Choe ក៏បានថ្កោលទោសកិច្ចប្រជុំត្រីភាគីរវាងមេដឹកនាំអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុនដែលប្រទេសទាំងបីប្តេជ្ញាសហការរួមគ្នាកាន់តែខ្លាំងក្លា បើក្រុងព្យុងយ៉ាងហ៊ានប្រើប្រាស់អាវុធនុយក្លេអ៊ែរវាយប្រហារសម្ព័ន្ធមិត្តណាមួយរបស់ប្រទេសទាំងនោះ។ 
 
នៅឆ្នាំនេះ កូរ៉េខាងជើងតេស្តមីស៊ីលបាលីស្ទិកជាច្រើនគ្រាប់ដែលត្រូវបានហាមប្រាមក្នុងសេចក្តីសម្រេចរបស់ក្រុងប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ កាលពីដើមខែវិច្ឆិកានេះ ក្រុងព្យុងយ៉ាងបាញ់មីស៊ីលប្រហែល២៥គ្រាប់ដែលមានមីស៊ីលរយៈចម្ងាយខ្លីមួយគ្រាប់កាត់ព្រំដែនសមុទ្រកូរ៉េធ្លាក់កៀកដែនទឹកកូរ៉េខាងត្បូងជាលើកដំបូង ហើយមីស៊ីលអន្តរទ្វីបមួយគ្រាប់ដែរតែបរាជ័យ ​ដើម្បីឆ្លើយតបនឹងសមយុទ្ធដែនអាកាសរួមគ្នារបស់កូរ៉េខាងត្បូង និងអាម៉េរិក៕
 
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com