បេសកជនពិសេសនៃប្រធានអាស៊ានទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា គាំទ្រការសម្រេចរបស់របបយោធាមីយ៉ាន់ម៉ា ដែលបានដោះលែងអ្នកទោសជិត៦ពាន់នាក់ កាលពីថ្ងៃទី១៧ វិច្ឆិកា។ ប្រេសិតប្រធានអាស៊ាន ចាត់ទុកការសម្រេចរបស់របបយោធាមីយ៉ាន់ម៉ានេះ ជាសញ្ញាបង្ហាញពីឆន្ទៈរកដំណោះស្រាយនយោបាយ។
ប្រសិតប្រធានអាស៊ាន យល់ឃើញថា ការដោះលែងអ្នកទោសទ្រង់ទ្រាយធំនេះ ជា កាយវិកាដ៏សំខាន់ក្នុងទិសដៅត្រឹមត្រូវ ដើម្បីបង្កើតបរិយាកាសអំណោយផល សម្រាប់ចាប់ផ្តើមដំណើរការសន្ទនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា។
លោក ប្រាក់ សុខុន បេសកជនពិសេសនៃប្រធានអាស៊ានទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា បានចេញសេចក្តីថ្លែងការណ៍មួយ ជាភាសាខ្មែរ និងអង់គ្លេស តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ យ៉ាងដូច្នេះ៖«នេះគឺជាសញ្ញាបង្ហាញពីសុឆន្ទៈក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ន និងជាការវិវត្តវិជ្ជមាន ស្របតាមស្មារតី និងបំណងប្រាថ្នានៃកិច្ចព្រមព្រៀងជាឯកឆន្ទ៥ចំណុច ដែលសម្រេចក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ាន នៅថ្ងៃទី ២៤មេសា ឆ្នាំ២០២១»។
កម្ពុជា ដែលធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ ក៏បានប្រឹងប្រែងជួយដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ឱ្យវិលទៅរកប្រក្រតីភាព និងមាគ៌ាប្រជាធិបតេយ្យឡើងវិញដែរ។ ក្រោយមើលឃើញសញ្ញាល្អបែបនេះបេសកជនប្រេសិតប្រធានអាស៊ាន នឹងធ្វើដំណើរទស្សនកិច្ចលើកទី៣ នាពេលខាងមុខនេះ ដោយក្តីសង្ឃឹមថា នឹងអាចសម្រេចបាននូវវឌ្ឍនភាពបន្ថែមទៀត លើចំណុចអាទិភាពចំនួន៣ នៃកិច្ចព្រមព្រៀងជាឯកឆន្ទ៥ចំណុច ។
ចំណុចទាំង៣នោះ រួមមាន ការបញ្ចប់អំពើហិង្សា ,ការសម្របសម្រួលការចែកជំនួយមនុស្សធម៌ និងការកសាងជំនឿ និងទំនុកចិត្ត សម្រាប់កិច្ចសន្ទនាសន្តិភាពប្រកបដោយបរិយាប័ន្ន។ នេះបើតាមបេសកជនពិសេស។
របបយោធាមីយ៉ាន់ម៉ា បានដោះលែងអ្នកទោសជិត៦ពាន់នាក់ នៅថ្ងៃជ័យជម្នះជាតិមីយ៉ាន់ម៉ា នៅថ្ងៃទី១៧ ខែវិច្ឆិកា ។ ការដោះលែងទ្រង់ទ្រាយធំនេះ ក៏មានអ្នកនយោបាយ សកម្មជន និងអ្នកកាសែតជាដើម។ ក្នុងនោះរួមមាន លោក ច ទិនស្វេ អតីតរដ្ឋមន្ត្រីការិយាល័យទីប្រឹក្សារដ្ឋ , អ្នកស្រី ឡី ឡី ម៉ អតីតអភិបាលតំបន់តានីនតាយី (Tanintharyi), លោក ម្ញា អៃ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យជំនាន់៨៨៨៨ , បណ្ឌិត ម្ញោ ញុនត៍ សមាជិកគណៈកម្មាធិការកណ្តាល និងជាអ្នកនាំពាក្យនៃបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ(NLD) , លោក ថេន អ៊ូ សមាជិកគណៈកម្មាធិការកណ្តាលបក្ស NLD , លោក ច ហូ ទីប្រឹក្សាច្បាប់បក្ស NLD , សាស្រ្តាចារ្យ ម៉ោង តាឆូ និងព្រះតេជគុណ ស្វ៊ែ ញ៉ាវ៉ារ ,លោកស្រី វីគី បូម៉ែន អតីតឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅមីយ៉ាន់ម៉ា និងស្វាមី ,លោកសាស្រ្តាចារ្យ សន ធើណែល ជាអតីតទីប្រឹក្សានយោបាយសេដ្ឋកិច្ចរបស់លោកស្រី អោង សាន់ស៊ូជី ,លោក តូរូ គូបូតា ជាអ្នកកាសែត និងផលិតករភាពយន្តជប៉ុន និងលោក ច ថេ អ៊ូ ជាពលរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ការប្រជុំមេដឹកនាំអាស៊ាន កាលពីថ្ងៃទី៨ ដល់១៣ វិច្ឆិកា កន្លងមកនេះ បញ្ហាជម្លោះមីយ៉ាន់ម៉ា ក៏ជាប្រធានក្តៅនៅក្នុងកិច្ចប្រជុំដែរ។ គ្រប់ភាគីពាក់ព័ន្ធ គាំទ្រឱ្យអាស៊ាន បន្តអនុវត្តកិច្ចព្រមព្រៀងឯកច្ឆ័ន្ទ៥ចំណុច ហើយរិះរកមធ្យោបាយថ្មីទៀត ដើម្បីបន្តដាក់សម្ពាធលើមីយ៉ាន់ម៉ា៕