ជាតិ
កម្ពុជាមានកសិដ្ឋានបង្កាត់ពូជស្វាក្ដាម៦ទីតាំង និងជាង១៣ម៉ឺនក្បាល
18, Nov 2022 , 7:59 pm        
រូបភាព
ស្វាក្ដាម។ រូបពី ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ
ស្វាក្ដាម។ រូបពី ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ កម្ពុជា មានកសិដ្ឋានបង្កាត់ស្វាក្ដាម៦ទីតាំង ដែលមានស្វាក្ដាមក្នុងនោះជាង១៣ម៉ឺនក្បាល ហើយក្នុងខែតុលានេះ មានកូនជាង៤ពាន់ក្បាល។ នេះរបាយការណ៍ ស្ដីពី សភាពការណ៍កសិកម្ម រក្ខាប្រមាញ់ និងនេសាទ ប្រចាំខែតុលា ឆ្នាំ២០២២ និងទិសដៅអនុវត្តបន្ត។

 
បើតាមរបាយការណ៍ក្រសួងសកិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាមានក្រុមហ៊ុនបង្កាត់ពូជស្វាក្ដាម ចំនួន៥ ដែលមានកសិដ្ឋានស្រាវជ្រាវ ចិញ្ចឹម និងបង្កាត់ពូជសត្វស្វាក្ដាម ដើម្បីយកកូននាំចេញ។ កសិដ្ឋានបង្កាត់ពូជស្វាក្ដាមទាំងនេះ មាន៦ទីតាំង នៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ សៀមរាប កំពង់ចាម កំពង់ស្ពឺ ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ដែលមានស្វាក្ដាម ១៣៩ ៦០៥ក្បាល។ 
 
ចំពោះចំណុចទី៣.២ នៃការងារអភិរក្សសត្វព្រៃ ប្រចាំខែតុលានេះ ក្រសួងកសិកម្មបានបង្ហាញលទ្ធផលយ៉ាងដូច្នេះ៖ «ចេញលិខិតអនុញ្ញាតដឹកជញ្ជូនសត្វព្រៃជូនក្រុមហ៊ុនចំនួន២ច្បាប់ មានស្វាក្ដាមចំនួន១៤៨៨ក្បាល»។ 
 
ជុំវិញ ករណីនាំចេញស្វាក្ដាមនេះ កាលថ្ងៃទី១៧វិច្ឆិកា លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ ត្រូវបានអាជ្ញាធរអាមេរិកឃាត់ខ្លួន ដោយចោទពីបទ រួមគំនិតគ្នា នាំចេញស្វាក្ដាម។ ហើយក្រសួងកសិកម្ម បានអះអាងថា ការនាំចេញស្វាក្តាមទៅអាម៉េរិក ជាមួយក្រុមហ៊ុន ដែលប្រកបអាជីវកម្មនាំចេញស្វាក្តាម ត្រូវបានអនុវត្តទៅតាមនីតិវិធីរបស់អាម៉េរិក។ ក្រសួងលើកឡើងទៀតថា នៅកម្ពុជា ស្វាក្តាម ជាប្រភេទសត្វសម្បូរ និងមានវត្តមាននៅទូទាំងប្រទេស។ ក្រសួង បន្តថា ស្វាក្តាម ត្រូវបាននាំចេញ ក្នុងគោលដៅបម្រើឲ្យវិស័យវេជ្ជសាស្រ្ត៕
 
 
 

Tag:
 ស្វាក្ដាម
© រក្សាសិទ្ធិដោយ thmeythmey.com