FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Damsgaard៖ គ្មានក្រុមណាចង់ប៉ះដាណឺម៉ាកឡើយនៅ World Cup 2022
18, Nov 2022 , 10:29 pm        
រូបភាព
ដាណឺម៉ាកប្រហែលមិនមែនជាក្រុមដែលសមឈ្នះពានរង្វាន់ World Cup 2022 ប៉ុន្តែប្រទេសទាំង ៣១ផ្សេងទៀតដែលមានវត្តមាននៅកាតា គ្មានក្រុមណាមួយហ៊ានលេងទល់ក្រុមជម្រើសជាតិដាណឺម៉ាកទេ។ នេះបើតាមសម្តីខ្សែបម្រើវ័យក្មេងដាណឺម៉ាក Mikkel Damsgaard នៅថ្ងៃទី១៧ ខែវិច្ឆិកា។



ដាណឺម៉ាកជាក្រុមក្នុងចំណោមក្រុមដែលឈ្នះកៅអីដោយស្វ័យប្រវត្តិពីការប្រកួតជម្រុះក្នុងពូលតាមតំបន់នៃទ្វីបអឺរ៉ុបសម្រាប់ការធ្វើដំណើរទៅកាន់ ​World Cup 2022 នៅប្រទេសកាតា។​ 
ដាណឺម៉ាកដែលមិនសូវទទួលបានការចាប់អារម្មណ៍ បង្ហាញខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើលនៅព្រឹត្តិការណ៍ UEFA Euro កាល​​ពី១៨ខែមុន ដែលពួកគេបានឈានជើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
World Cup នៅកាតា ដាណឺម៉ាកស្ថិតក្នុងពូល D ដោយត្រូវលេងទល់ក្រុមទុយនីស៊ីនៅជំនួបបើកឆាកក្នុងពូល នាកីឡដ្ឋាន Education City ក្នុងទីក្រុង Al Rayyan នៅថ្ងៃទី២២ បន្ទាប់មកជួបបារាំង និងអូស្រ្តាលី។ 
 
ខណៈកំពុងហ្វឹកហាត់ជាមួយក្រុមនៅក្នុងប្រទេសកាតាខ្សែបម្រើវ័យ ២២ឆ្នាំ Damsgaard សមាជិកដ៏សំខាន់ប្រចាំក្រុមដាណឺម៉ាកបានបង្ហាញ អារម្មណ៍ចំពោះការប្រកួតថា ដាណឺម៉ាកគ្មានក្រុមណាចង់ប៉ះឡើងនៅ World Cup។
 
«ខ្ញុំមិនគិតថានឹងមានមនុស្សជាច្រើនអាចប៉ាន់ស្មានចំពោះសមត្ថភាពយើងឡើយ ខ្ញុំក៏មិនគិតថាយើងស្ថិតនៅក្នុងចំណោមក្រុមកំពូលៗសម្រាប់ការប្រកួតនេះដែរ ប៉ុន្តែយើងគឺជាក្រុមមួយដ៏ល្អដែលមិនអាចមើលរំលង និងយើងអាចប្រជែងជាមួយគ្រប់គ្នា។ ពិតណាស់យើងមិនមែនជាក្រុមដែលគេពេញចិត្ត តែខ្ញុំគិតថាគ្មាននរណាម្នាក់ចង់ជួបយើងឡើយ ជាពិសេសក្រុមខ្លាំងៗគ្មាននរណាចង់លេងទល់យើងឡើយ។»។ Damsgaard បាននិយាយប្រាប់អ្នកកាសែតបែបនេះ។
 
លើសពីនេះ Damsgaard ខ្សែបម្រើក្រុម Brentford FC នៃលីគកំពូលអង់គ្លេស ក៏បានអះអាងបន្ថែមថាពេលដាណឺម៉ាកប៉ះទុយនីស៊ីក្រុមរបស់គេនឹងធ្វើគ្រប់យ៉ាងនិងមិនផ្តល់ឱកាសដល់ក្រុមគូប្រកួតឡើយ។ 
 
ក្រោយនិយាយទាក់ទង់នឹងការប្រកួតរួច កីឡាករវ័យទើប ២២ឆ្នាំនេះ ក៏បានបង្ហាញពីផលវិបាកនៃការត្រៀមខ្លួនសម្រាប់ World Cup ​2022 នេះ ខណៈគេជាកីឡាករលេងនៅអង់គ្លេសដែលមានការប្រកួតច្រើន៕
 
 

Tag:
 World Cup
  Denmark
© រក្សាសិទ្ធិដោយ thmeythmey.com