អន្តរជាតិ
UN៖ ចំនួនប្រជាជនពិភពលោកកើនដល់ ៨ពាន់លាននាក់
19, Nov 2022 , 8:29 am        
រូបភាព
រូបភាព៖ AP
រូបភាព៖ AP
ចំនួនប្រជាជនសកល បានកើនដល់ ៨ពាន់លាននាក់ នៅថ្ងៃទី១៥ ខែវិច្ឆិកា។ នេះបើតាមការបញ្ជាក់របស់អង្គការសហប្រជាជាតិ (UN)។

 
នៅក្នុងឆ្នាំ២០១១ ចំនួនប្រជាជនពិភពលោក បានកើនដល់ ៧ពាន់លាននាក់។ ១១ឆ្នាំក្រោយ អង្គការសហប្រជាជាតិ បានបញ្ជាក់ថា ចំនួនប្រជាជនសកល បានហក់ឡើងដល់ ៨ពាន់លាននាក់។ 
 
យ៉ាងណាមិញ ប្រធានផ្នែកទទួលបន្ទុកលើចំនួនប្រជាជន លោក  John Wilmoth បានយល់ថា ការកើនដល់ចំនួន ៨ពាន់លាននាក់ ជាជោគជ័យរបស់មនុស្សជាតិ ប៉ុន្តែវា ក៏ប្រឈមនឹងហានិភ័យខ្លាំងដែរសម្រាប់ពេលអនាគត។ 
 
ក្នុងចំនួន ១ពាន់លាននាក់នេះ ប្រទេសមានប្រាក់ចំណូលមធ្យម មានកំណើនចំនួនប្រជាជនច្រើនជាងគេ ដោយមានរហូតដល់ប្រមាណ ៧០០លាននាក់ បើគិតចាប់តាំងពីឆ្នាំ២០១១។ ឥណ្ឌា ដែលត្រូវបានរំពឹងថា នឹងកើនលើសចិន នៅឆ្នាំក្រោយ បានកើនចំនួនប្រជាជន ១៨០លាននាក់។
 
យ៉ាងណាមិញ ប្រទេសអភិវឌ្ឍន៍មួយចំនួន បានប្រឈមនឹងបញ្ហាថយចុះអត្រាកំណើត។ ប្រទេសទាំងនោះ មានដូចជា អាម៉េរិក ជប៉ុន និងតំបន់អឺរ៉ុបជាដើម។ 
 
សូមបញ្ជាក់ថា បើទោះចំនួនប្រជាជនកើនដល់ ៨ពាន់លាននាក់ក្តី ប៉ុន្តែអត្រាកំណើនប្រជាជនបានថយចុះយ៉ាងខ្លាំង ដោយមានចំនួនតិចជាង ១ភាគរយ ក្នុងមួយឆ្នាំ។ ផ្នែកតាមទិន្នន័យនេះ ពិភពលោក អាចកើនចំនួនប្រជាជនដល់ ៩ពាន់លាននាក់ នៅក្នុងឆ្នាំ ២០៣៧ និងប្រមាណ ១០,៤ពាន់លាននាក់ នៅក្នុងអំឡុងឆ្នាំ២០៨០៕ 
 

Tag:
 UN
  អន្តរជាតិ
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com