ជាតិ
ម្ចាស់ពានរង្វាន់ផ្នែកអភិរក្សទន្លេមេគង្គ៖ យុវជនត្រូវជម្នះឧបសគ្គ និងកុំឆាប់បោះបង់
19, Nov 2022 , 10:59 am        
រូបភាព
អ្នកស្រីប៊ុត ច័ន្ទមេត្តា៖ ការងារដែលយើងស្រឡាញ់ ត្រូវពុះពារ និងប្ដេជ្ញាច្នៃឧបសគ្គដើម្បីវា
អ្នកស្រីប៊ុត ច័ន្ទមេត្តា៖ ការងារដែលយើងស្រឡាញ់ ត្រូវពុះពារ និងប្ដេជ្ញាច្នៃឧបសគ្គដើម្បីវា
ដោយ:
ភ្នំពេញ៖  អ្នកស្ត្រី ប៊ុត ច័ន្ទមេត្តា ជាបុគ្គលិកជាន់ខ្ពស់របស់អង្គការ WWF ដែលបានចូលរួមក្នុងកិច្ចការពារ និងផ្សព្វផ្សាយទាក់ទងការងារអភិរក្ស ធនធានធម្មជាតិ និងសត្វកម្រមួយចំនួន នៅក្នុងប្រទេសកម្ពុជា ជាង១០ឆ្នាំមកហើយ។ អ្នកស្រ្តីនិងបេក្ខជន៥រូបទៀត ត្រូវបានជ្រើសរើសឱ្យទទួលពានរង្វាន់បុគ្គលិកឆ្នើមក្នុងការអភិរក្សទន្លេមេគង្គឆ្នាំ២០២២។

 
អ្នកស្រី ប៊ុត ច័ន្ទមេត្តា បានបញ្ចប់បរិញ្ញាបត្រ ផ្នែកវិទ្យាសាស្ត្របរិស្ថាន នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ សព្វថ្ងៃស្ត្រីរូបនេះ បានបំពេញការងារយ៉ាងសកម្មក្នុងការការពារបរិស្ថាន។ នៅឆ្នាំ២០០៨ អ្នកស្ត្រី ច័ន្ទមេត្តា បានចូលបម្រើការងារជាមួយអង្គការម្លប់បៃតង ក្នុងនាមជាជំនួយការគម្រោង។ មួយឆ្នាំក្រោយមក អ្នកស្រីបានទទួលមុខងាជាប្រធានគម្រោង និងត្រូវប្រចាំការនៅខេត្តកំពង់ស្ពឺលើការងារបរិស្ថានជំនាញអប់រំ ផ្នែកអេកូទេសចរណ៍ តំបន់ព្រៃឈើ និងការលើកកម្ពស់សហគមន៍។ 


  រូបភាពដោយអ្នកស្រី ប៊ុត ច័ន្ទមេត្តា បច្ចុប្បន្នជាមន្ត្រីជាន់ខ្ពស់ផ្នែកអប់រំ និងផ្សព្វផ្សាយនៃអង្គការWWF

 
វិថីការងារចេះតែបន្តទៅចុះ រហូតអ្នកស្រីចូលបានផ្លាស់ប្ដូរការងារថ្មី មកអង្គការ WWF ក្រោមតួនាទីជាមន្ត្រីផ្នែកអប់រំផ្សព្វផ្សាយ នៅតំបន់ទេសភាពនៃព្រៃលិចទឹកទន្លេមេគង្គ ខេត្តក្រចេះ និងស្ទឹងត្រែង។ «ផ្នែកអប់រំផ្សព្វផ្សាយនៅWWF ជាសកម្មភាពមួយដែលអាចឆ្លងទៅគ្រប់គម្រោងទាំងអស់។ លើសពីនេះយើងមានបង្កើតយុទ្ធនាការជាច្រើនទៀត ទាក់ទងនឹងការងារអប់រំ និងផ្សព្វផ្សាយលើប្រភេទសត្វកម្រៗនៅក្នុងប្រទេសកម្ពុជាផងដែរ »។ នេះជាការពន្យល់របស់អ្នកស្រីមេត្តា។ 
 
ទន្ទឹមការងារនៅក្នុងទីវាល ស្រ្តីរូបនេះ ក៏ជាម្ដាយមួយរូប ដែលមានកូន៣នាក់នៅក្នុងបន្ទុក។ បច្ចុប្បន្នការងារនេះ បានជំរុញឱ្យភាពជាម្ដាយមានតិចតួចសម្រាប់កូន បើធៀបទៅអ្នកម្ដាយដទៃទៀត។ អ្នកស្រីពន្យល់ដូច្នេះ ៖ « កូនៗនិងគ្រួសាររបស់ខ្ញុំនៅរាជធានីភ្នំពេញ។ ឯការងារខ្ញុំភាគច្រើននៅខេត្ត។ ខ្ញុំរីករាយ ដែលមានគ្រួសារចាំជួយលើកទឹកចិត្តនិងយល់អធ្យាស្រ័យ រហូតអាចឱ្យខ្ញុំនៅតែបន្តធ្វើការងារនេះរហូតមក»។ 
  

 រូបភាពដោយអ្នកស្រី ប៊ុត ច័ន្ទមេត្តា បច្ចុប្បន្នជាមន្ត្រីជាន់ខ្ពស់ផ្នែកអប់រំ និងផ្សព្វផ្សាយនៃអង្គការWWF

ស្ត្រីវ័យ៣៧ឆ្នាំរូបនេះ ត្រូវបែងចែកការងារ និងទំនួលខុសត្រូវ ដើម្បីអោយមានតុល្យភាព។ ក្នុងនាមជាមន្ត្រីជាន់ខ្ពស់ផ្នែកអប់រំផ្សព្វផ្សាយរបស់អង្គការ WWF ដែលត្រូវបំពេញការងារលើទីវាល ត្រូវប្រាកដច្បាស់អំពីកម្រិតនៃការលះបង់ និងភាពច្បាស់លាស់ក្នុងការសម្រេចចិត្តធ្វើការងារដែលខ្លួនស្រឡាញ់ និងប្ដេជ្ញាពុះពារ ដើម្បីបំពេញការងារក្នុងវិស័យអប់រំ និងការការពារបរិស្ថាន ទៅកាន់សាធារណជន និងតាមសហគមន៍នានានៅក្នុងប្រទេសកម្ពុជា។ 
 
 «ការងារនៅទីវាលធាតុពិតមិនសូវមានមនុស្សស្រីធ្វើទេកាលពីមុន ប៉ុន្ដែជំនាន់នេះខ្ញុំឃើញថាមានយុវតីងាក់មកចូលរួមបានច្រើនគួរសម។ ប៉ុន្ដែការងារអ្វីក៏ដោយ ប្រសិនបើយើងស្រឡាញ់ ត្រូវជឿជាក់ថា យើងអាចសម្របខ្លួនធ្វើវាបាន ទោះជាមានឧបសគ្គច្រើនយ៉ាងណាក៏ដោយ។ លើសពីនេះ ក្រុមការងារជាបុរសក៏ជាផ្នែកដ៏សំខាន់ក្នុងការជួយសម្រួលឱ្យការងារក្នុងទីវាលរបស់យើងកាន់ប្រសើរ»។ នេះជាការលើកឡើងរបស់ អ្នកស្ត្រីមេត្តា។ 
 

 រូបភាពដោយអ្នកស្រី ប៊ុត ច័ន្ទមេត្តា បច្ចុប្បន្នជាមន្ត្រីជាន់ខ្ពស់ផ្នែកអប់រំ និងផ្សព្វផ្សាយនៃអង្គការWWF

នៅពេលដែលចុះធ្វើការតាមខេត្តអ្វីដែលត្រូវធ្វើដំបូង គឺត្រូវបង្កើតអារម្មណ៍ សុវត្ថិភាពជាមុនសិន។ ជាក់ស្ដែង បច្ចុប្បន្ននៅតាមទៅជនបទដាច់ស្រយាលមួយចំនួន មិនទាន់មានបន្ទប់ទឹកនៅឡើង។ ដូច្នេះសម្រាប់នារី ពិតជាពិបាក ប៉ុន្ដែយោងតាមស្ថានភាពបែបនោះ គឺអាស្រ័យលើការត្រៀមខ្លួនជា។ 
 
បញ្ហាប្រឈមខ្លះ បានកើតឡើង រហូតពិបាកគ្រប់គ្រង។ «កន្លែងខ្ញុំធ្វើការភាគច្រើនជាតំបន់ឆ្ងាយៗ ដាច់ស្រយាលពីខេត្ត។ ពេលខ្លះត្រូវឆ្លងកាត់តាមផ្លូវទឹកជ្រៅ និងមានថ្មធំៗពិបាកធ្វើដំណើរ។ តំបន់គោលដៅខ្លះត្រូវចេញពីព្រឹក កាត់ទឹក ឬពេលខ្លះត្រូវជួបភ្លៀងនៅកណ្ដាលផ្លូវទឹកក៏មាន គ្រោះថ្នាក់ ពិបាកគួរសមដែរ។ គម្រោងខ្លះ ត្រូវធ្វើការទាំងយប់ក៏មានដែរ។ មុនចូលធ្វើការងារនេះ ខ្ញុំបានតាំងចិត្ត និងត្រៀមខ្លួនប្រឈមនឹងឧបសគ្គរួចហើយ »។ 
 
ការងារ ដែលក្រុមអ្នកស្រីបានបំពេញកន្លងមក មានតម្លៃណាស់ សម្រាប់កិច្ចការពារធនធាន និងជីវៈចម្រុះនៅក្នុងប្រទេសកម្ពុជា ឱ្យនៅគង់រង្សបន្តទៀត។ ការងារនេះ បានផ្ដល់ឱកាសឱ្យអ្នកស្រីក្លាយជាផ្នែកមួយនៃកិច្ចការងារផ្សព្វផ្សាយក្នុងកិច្ចការពារ និងការអភិរក្សធនធានកម្រៗ ដែលមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រទេសកម្ពុជា និងពិភពលោក។  
អ្នកស្រី មេត្តា ថ្លែងដូច្នេះ៖ «ការងារនេះ បានធ្វើឱ្យខ្ញុំស្គាល់ទីតាំងតំបន់ពិសេសៗជាច្រើនតាមរយៈការធ្វើការងារជាមន្ត្រីផ្សព្វផ្សាយ។ មកដល់ពេលនេះខ្ញុំរីករាយសម្រាប់ការបំពេញការងាររបស់ខ្ញុំដដែល»។ 
 

 រូបភាពដោយអ្នកស្រី ប៊ុត ច័ន្ទមេត្តា បច្ចុប្បន្នជាមន្ត្រីជាន់ខ្ពស់ផ្នែកអប់រំ និងផ្សព្វផ្សាយនៃអង្គការWWF

អ្នកស្រី មេត្តា បានលើកទឹកចិត្តដល់អ្នកជំនាន់ក្រោយ ត្រូវដាក់ចិត្តដាក់កាយ និងត្រូវជម្នះឧបសគ្គជាច្រើននៅចំពោះមុខ មុនអាចធ្វើការងារដែលស្ថិតក្នុងក្តីស្រមៃនោះបាន។  លើសពីនេះ អ្នកស្រីបានជំរុញឱ្យយុវជន និងយុវតីត្រូវប្រឹងប្រែង កសាងសមត្ថភាព និងពុះពារយកអ្វីដែលខ្លួនស្រឡាញ់ ដើម្បីជាប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។  
 
ក្នុងនាមជាមន្ត្រីជាន់ខ្ពស់ផ្នែកអប់រំ និងផ្សព្វផ្សាយនៃអង្គការ WWF អ្នកស្រ្តី មេត្តាបានបញ្រ្ជាបចំណេះដឹងតាមរយៈការផ្សព្វផ្សាយដល់ពលរដ្ឋ និងសាធារណជននៅតាមតំបន់គោលដៅមិនក្រោម១ម៉ឺននាក់ឡើយ ក្នុងមួយឆ្នាំៗ។ 
 
កាលពីថ្ងៃទី០៣ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ អ្នកស្រ្តីនិងបេក្ខជន៥រូបទៀត ត្រូវបានជ្រើសរើសឱ្យទទួលពានរង្វាន់បុគ្គលិកឆ្នើមក្នុងការអភិរក្សទន្លេមេគង្គឆ្នាំ២០២២។ «ពាន់រង្វាន់នេះ គឺសម្រាប់អ្នកទាំងអស់គ្នា។ មិនមែនសម្រាប់តែខ្ញុំទេ ប្រសិនបើអ្នកនៅជុំវិញខ្លួនមិនបានចូលរួមសហការណ៍ ឬការគាំទ្រលើការងារនេះ»។ អ្នកស្រីមេត្តាលើកឡើងនៅថ្ងៃទទួលពាន់រង្វាន់បុគ្គលិកឆ្នើមក្នុងអភរិក្សទន្លេមេគង្គជំនាន់ទី២ ឆ្នាំ២០២២៕ 
 

 រូបភាពដោយអ្នកស្រី ប៊ុត ច័ន្ទមេត្តា បច្ចុប្បន្នជាមន្ត្រីជាន់ខ្ពស់ផ្នែកអប់រំ និងផ្សព្វផ្សាយនៃអង្គការWWF


 រូបភាពដោយអ្នកស្រី ប៊ុត ច័ន្ទមេត្តា បច្ចុប្បន្នជាមន្ត្រីជាន់ខ្ពស់ផ្នែកអប់រំ និងផ្សព្វផ្សាយនៃអង្គការWWF


 រូបភាពដោយអ្នកស្រី ប៊ុត ច័ន្ទមេត្តា បច្ចុប្បន្នជាមន្ត្រីជាន់ខ្ពស់ផ្នែកអប់រំ និងផ្សព្វផ្សាយនៃអង្គការWWF
 

Tag:
 ស្រ្តីអ្នកអភិរក្ស
  បរិស្ថាន
  បុគ្គលិកអង្គការWWF
© រក្សាសិទ្ធិដោយ thmeythmey.com