អន្តរជាតិ
COP27៖ EU ព្រមផ្ដល់សំណងសម្រាប់ការខូចខាតដោយគ្រោះធម្មជាតិ តែអាម៉េរិកស្ទាក់ស្ទើរ
19, Nov 2022 , 11:29 am        
រូបភាព
ខណៈកិច្ចព្រមព្រៀងចុងក្រោយនៃប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុអង្គការសហប្រជាជាតិលើកទី២៧ (COP27) ខិតជិតមកដល់ទីបញ្ចប់ ក្រុមអ្នកចរចានៅថ្ងៃទី១៨ ខែវិច្ឆិកា បាន​ពិចារណា​សំណើរបស់សហភាពអឺរ៉ុប ​(EU) ដែលចង់ដោះស្រាយបញ្ហាជាប់គាំង​លើការផ្តល់ហិរញ្ញប្ប​ទាន​ដល់​ប្រទេសដែលរងគ្រោះដោយគ្រោះមហន្តរាយអាកាសធាតុ។​ យ៉ាងណាមិញ អាម៉េរិកដែលជា​ប្រទេស​បំពុលអាកាសធាតុច្រើនដោយសារសកម្មភាពឧស្សាហកម្មកន្លងមក បែរជាស្ទាក់ស្ទើរ។

 
ពីកិច្ចប្រជុំ COP27 នៅអេហ្ស៊ីប EU បានយល់ព្រមក្នុងការរៀប​ចំ​ជំនួយ​ថវិកា​ពិសេស​មួយ​សម្រាប់​សង​ការខូចខាតដោយគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុនៅប្រទេសដែលងាយរងគ្រោះនានា។ ប៉ុន្តែ EU បញ្ជាក់ថា ថវិកាទាំងនោះគួរប្រមូលពីប្រទេសដែលបំភាយឧស្ម័នច្រើនដូចជាចិន និង​ អាម៉េរិក​ជាដើមជាជាងតែពីប្រទេសអ្នកមានដែលបានបំភាយឧស្ម័នជាយូរមកហើយ។
 
«អ្វី​ដែល​យើង​នឹង​ស្នើ​គឺ​បង្កើត​មូលនិធិ​ឆ្លើយតប​ការ​ខាត​បង់​និង​ការ​ខូច​ខាត​សម្រាប់​ប្រទេស​ដែល​ងាយ​រងគ្រោះ​បំផុត»។ ប្រធានគោលនយោបាយអាកាសធាតុរបស់សហភាពអឺរ៉ុបលោក Frans Timmermans លើកឡើងក្នុងកិច្ចប្រជុំកំពូល COP27 បែបនេះ។
 
EU ក៏កំណត់លក្ខខណ្ឌសម្រាប់ចូលរួមបស់ខ្លួនផងដែរដែលបញ្ជាក់ថា ប្រទេសសមាជិកយល់ព្រមលើ​ការប្ដេចជ្ញាចិត្តដើម្បីកាត់បន្ថយការបំភាយឧស្ម័ន។ EU មានប្រទេសសមាជិកចំនួន២៧ និងស្ថិតក្នុង​ចំណោមប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនលើពិភពលោក។
 
ចោទសួរដោយទីភ្នាក់ងារព័ត៌មាន Reuters ទាក់ទងនឹងសំណើរបស់ EU អ្នកនាំពាក្យក្រសួងការ​បរទេសចិនលោកស្រី Mao Ning លើកឡើងថា ប្រទេសអភិវឌ្ឍគួរតែបំពេញកាតព្វកិច្ច​របស់​ខ្លួន​ក្នុងការផ្តល់ហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍ ហើយប្រទេសទាំងអស់គួរតែអនុវត្តគោលដៅ​អាកាស​ធាតុរបស់ពួកគេទៅជាសកម្មភាពជាក់ស្តែង។ ចំណែកឯអាម៉េរិក វិញមិន​បាន​ឆ្លើយត​ប​អ្វី​នោះ​ឡើយ តែ​ដូចរាល់ដងអាម៉េរិកតែងតែស្ទាក់ស្ទើរក្នុងការផ្ដល់ជំនួយហិរញ្ញវត្ថុនេះ។
 
គួរបញ្ជាក់ថា សម្ព័ន្ធនៃរដ្ឋកោះតូច និងក្រុមប្រទេសទាំង៧៧ (G77) សុទ្ធតែបានជំរុញ​ឱ្យ​មាន​មូលនិធិថ្មីលើការឆ្លើយតបរបស់ប្រទេសទាំងនោះ និងទាមទារឱ្យប្រទេសអ្នកមានធ្វើតាមការសន្យាផ្ដល់លុយ១០០ពាន់លានដុល្លារដើម្បីដោះស្រាយបញ្ហាអាកាសធាតុ។ បញ្ហាហិរញ្ញវត្ថុនេះ ជាចំណុចក្ដៅមួយក្នុងកិច្ចប្រជុំ COP27 ៕
 

Tag:
 អឺរ៉ុប
  បម្រែបម្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com