ជាតិ
ការបំបែកឯកទគ្គកម្មពិភពលោក ជួយក្រុមហ្វារពន្លឺសិល្បៈ កាន់តែមានពន្លឺទៅមុខលើឆាកអន្តរជាតិ
19, Nov 2022 , 11:59 am        
រូបភាព
ការសម្ដែងសៀករបស់ក្រុមហ្វារពន្លឺសិល្បៈនាពេលកន្លងមក។ រូបថត៖ Phare Ponleu Selpak
ការសម្ដែងសៀករបស់ក្រុមហ្វារពន្លឺសិល្បៈនាពេលកន្លងមក។ រូបថត៖ Phare Ponleu Selpak
ភ្នំពេញ៖ ក្រុមសៀកអង្គការហ្វារពន្លឺសិល្បៈ បានសម្តែងសៀកមានរយៈពេល ២៤ម៉ោង ១០នាទី និង៣០វិនាទី ដែលបានបំបែកឯកទគ្គកម្មពិភពលោក។  ការសម្តែងសៀកនេះ ត្រូវបានសម្តែងកាលពីថ្ងៃទី៦ និងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ កន្លងទៅ ដោយមានសិល្បករចូលរួមសម្តែងប្រហែល ៩០នាក់។ ប៉ុន្តែអង្គការ Guinness World Records ទើបប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកានេះ។

 
អង្គការហ្វារពន្លឺសិល្បៈ បានបញ្ជាក់ថា ការសម្តែងសៀករបស់ខ្លួន បានធ្វើឡើងនៅក្រុងបាត់ដំបង ដែលជាការខិតខំប្រឹងប្រែងចុងក្រោយដើម្បីកៀរគរថវិកាសម្រាប់ក្រុមសៀកឱ្យបន្តដំណើរបានអំឡុងពេលកូវីដ-១៩។ ស្ថិតនៅក្នុងខេត្តបាត់ដំបង អង្គការហ្វារពន្លឺសិល្បៈ បានបណ្តុះបណ្តាលសិល្បៈដោយឥតគិតថ្លៃដល់ប្រជាជនកម្ពុជាក្រីក្រតាំងពីឆ្នាំ ១៩៩៤។ 

លោក ហួត តារា នាយកប្រតិបត្តិ សហគ្រាសសង្គមហ្វារ (ល្ខោន សៀកកម្ពុជាហ្វារ & ស្ទូងឌីយ៉ូ គំនិតច្នៃប្រឌិតកម្ពុជា ហ្វារ) លើកឡើងថា វាជាក្តីរំភើប និងមោទកភាពដែលមានឱកាសពាំនាំនូវកេរ្តិ៍នេះ ជូនវប្បធម៌ និងប្រទេសកម្ពុជាទាំងមូល។  លើកពីនេះ ក្រុមសៀកហ្វាពន្លឺសិល្បៈ ក៏បានបង្ហាញពីអំពីគុណតម្លៃក្រុមសិល្បករទាំងអស់ក្នុងសង្គម។ ការឈ្នះនេះ គឺជាការលើកកម្ពស់កេរ្តី ដែលមិនអាចប៉ាន់ស្មានជាទឹកលុយបាននោះឡើយ។
  

 
 
លោក ហួត តារា បានប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖ «សិល្បករហ្វាពន្លឺសិល្បៈ គឺជាទូតសុឆន្ទៈវប្បធម៌ ដ៏សំខាន់របស់កម្ពុជា ដែលដើរជុំវិញពិភពលោកទាំងអស់ ដើម្បីពាំនាំនូវរូបភាព កិត្តនាមមកដល់ប្រទេសយើង និងជូនដល់ឆាកអន្តរជាតិ»។​ 

លោក ហួត តារា​  បានបន្ថែមថា ក្រុមសៀករបស់លោកបានជួបផលលំបាកយ៉ាងខ្លាំងអំឡុងពេលកូវីដ-១៩។ ក្រុមសៀកហ្វារពន្លឺសិល្បៈ បានបាត់ចំណូលច្រើន ដោយសារមិនសូវមានអ្នកទស្សនា ហើយក្រុមនេះត្រូវផ្គត់ផ្គង់ក្រុមការងារជាអ្នកសម្ដែងថែមទៀត។ 
 
ជាមួយគ្នានេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានអបអរសាទរចំពោះលទ្ធផលដ៏ល្អនេះ។ លោកស្រី ភឿង សកុណា បានកោតសរសើរតាមបណ្ដាញសង្គមដូច្នេះ៖ «សូមអបអរសាទរ ចំពោះការខិតខំប្រឹងប្រែង ក៏ដូចជាទេពកោសល្យជំនាញវិជ្ជាជីវៈ។ សូមប្អូនៗ បន្តបេសកកម្មទៅមុខ ប្រកបដោយជោគជ័យ»។
  

 
ជាមោទកភាពសម្រាប់អង្គការ អង្គការហ្វារពន្លឺសិល្បៈ ដែលមានមូលដ្ឋាននៅខេត្តបាត់ដំបង។ លោក សុខ លូ អភិបាលខេត្តបាត់ដំបង ក៏បានជួបសំណេះសំណាលជាមួយអង្គការនេះ និងអបអរសាទរចំពោះការសម្រេចបានកំណត់ត្រាដ៏ល្អនេះ។ 
 
អភិបាលខេត្តបាត់ដំបងរូបនេះ បានបង្ហោះរូបជាមួយក្រុមការងារអង្គការ លើបណ្ដាញសង្គមដូច្នេះ៖« សូមអបអរសាទរ! ក្រុមសៀកអង្គការហ្វារពន្លឺសិល្បៈរបស់កម្ពុជាដែលមានទីតាំងក្នុងខេត្តបាត់ដំបង បានបង្កើតកំណត់ត្រាពិភពលោកហ្គីណេស (Guinness) ដោយសម្តែងសៀកវែងជាងគេក្នុងពិភពលោកជាប់រហូតរយៈពេល២៤ម៉ោង១០នាទីនិង៣០វិនាទី»។ 
  

 
អង្គការ Guinness World Records បានបញ្ជាក់ថា ក្រុមសៀកកម្ពុជា បានជួយកុមារជួបការលំបាកជាង ៨០០នាក់។ អង្គការនេះ បានចាត់វិធានការប្រកបដោយការច្នៃប្រឌិតក្នុងមួយទសវត្សរ៍ចុងក្រោយនេះ ដើម្បីជៀសវាងការពឹងផ្អែកលើអំណោយ ដោយបង្កើតសៀកមិនប្រើសត្វ និងកន្លែងទេសចរណ៍ដ៏ពេញនិយមមួយ ដែលបានផ្តល់មូលនិធិទ្រទ្រង់កម្មវិធីជួយសង្គ្រោះប្រជាពលរដ្ឋក្រីក្ររបស់ពួកគេ។
 
កំណត់ត្រាពិភពលោក «ការសម្តែងសៀកវែងបំផុត» នេះ ត្រូវបានបញ្ចូលទៅក្នុងបញ្ជីកំណត់ត្រាពិភពលោកផ្សេងទៀតរបស់កម្ពុជា រួមមាន ក្រមាវែងជាងគេបំផុត នំអន្សមធំជាងគេបំផុត អក្ខរក្រមច្រើនជាងគេបំផុត និងអគារសាសនាធំជាគេបំផុតគឺប្រាសាទអង្គរវត្ត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com