អន្តរជាតិ
អាម៉េរិក នឹងជួយថៃអភិវឌ្ឍរ៉េអាក់ទ័រខ្នាតតូចដើម្បីផលិតថាមពលនុយក្លេអ៊ែរ
19, Nov 2022 , 12:29 pm        
រូបភាព
អនុប្រធានាធិបតីអាម៉េរិក កាម៉ាឡា ហារីស។ រូបថត AFP
អនុប្រធានាធិបតីអាម៉េរិក កាម៉ាឡា ហារីស។ រូបថត AFP
ទីក្រុងវ់ាស៊ីនតោន នឹងជួយទីក្រុងបាងកកក្នុងការអភិវឌ្ឍថាមពលនុយក្លេអ៊ែរតាមរយៈរ៉េអាក់ទ័រខ្នាតតូច។ អនុប្រធានាធិបតីអាម៉េរិក កាម៉ាឡា ហារីស ប្រកាសបែបនេះនៅថ្ងៃទី១៨ ខែវិច្ឆិកាអំឡុងទស្សនកិច្ចនៅថៃ។

 
ជាផ្នែកមួយនៃកម្មវិធីប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ អាម៉េរិកនឹងជួយថៃឱ្យទទួលបានថាមពលនុយក្លេអ៊ែរដែលមិនសូវផ្ដល់ផលប៉ះពាល់ដល់បរិស្ថាន តាមររយៈការផ្ដល់រ៉េអាក់ទ័រខ្នាតតូច។ គម្រោងនេះ ស្ថិតក្រោមគំនិតផ្ដួចផ្ដើមពិភពលោកគ្មានកាបូន ដែលដាក់ចេញកាលពីសន្និសីទស្ដីពីបម្រែបម្រួលអាកាសធាតុកាលពីឆ្នាំ២០២១ ។ រដ្ឋបាលអាម៉េរិក នឹងចាប់ដៃជាមួយវិស័យឯកជន និងបណ្ដាសប្បុរសនានាដើម្បីដោះស្រាយវិបត្តិអាកាសធាតុ។
 
ថៃ មិនមានថាមពលនុយក្លេអ៊ែរឡើយ បើទោះជាធ្លាប់មានគម្រោងក្ដី តែក៏បាត់បង់ទៅវិញក្រោយគ្រោះមហន្តរាយនុយក្លេអ៊ែរនៅរោងចក្រ Fukshima របស់ជប៉ុនកាលពីឆ្នាំ២០១១។ 
 
បើតាមសេតវិមាន ក្រោមគម្រោងនេះ អាម៉េរិកនឹងផ្ដល់ជំនួយបច្ចេកទេសដល់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះក្នុងការអភិវឌ្ឍរ៉េអាក់ទ័រធុនតូច ដែលអាចផលិតក្នុងរោងចក្រផ្ទាល់ ហើយងាយស្រួលក្នុងការដឹកជញ្ជូនផងដែរ។ រ៉េអាក់ទ័រខ្នាតតូចនេះ មានសុវត្ថិភាពខ្ពស់ ព្រោះមិនត្រូវការមនុស្សបិទរ៉េអាក់ទ័រឡើយក្នុងអាសន្ន។ អ្នកជំនាញអាម៉េរិក នឹងធ្វើការជាមួយដៃគូនៅថៃលើការពង្រាយរ៉េអាក់ទ័រដែលមានស្តង់ដាសុវត្ថិភាព និងសន្តិសុខខ្ពស់ ហើយមិនសាយភាយនុយក្លេអ៊ែរឡើយ។
 
«យើងត្រៀមខ្លួនធ្វើការជាមួយថៃដើម្បីទាញយកប្រយោជន៍ពីរ៉េអាក់ទ័រខ្នាតតូច និងប្រភពថាមពលដែលអាចទុកចិត្តបាន។» មន្រ្តីជាន់ខ្ពស់អាម៉េរិកដែលអមដំណើរលោកស្រី ហារីស ទៅថៃបញ្ជាក់បែបនេះ។
 
សេតវិមានមិនបានផ្ដល់ពេលវេលាជាក់លាក់ពីគម្រោងនេះឡើយ​ ប៉ុន្តែអះអាងថា នឹងគាំទ្រថៃលើការសម្រេចគោលដៅកាបូនអព្យាក្រឹត្យនៅឆ្នាំ២០៦៥។
 
ប្រទេសមួយចំនួនដូចជាគូប្រជែងរបស់អាម៉េរិកមានរុស្ស៊ី និងចិន ព្រមទាំងអាហ្សង់ទីនជាដើម ក៏កំពុងអភិវឌ្ឍរ៉េអាក់ទ័រខ្នាតតូចដែរក្នុងវិស័យថាមពលរបស់ខ្លួន៕
 
 

Tag:
 អាម៉េរិក
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com