ជាតិ
កម្ពុជា នឹងមានភ្លៀងរយៈពេល ៤ថ្ងៃ ខណៈតំបន់សមុទ្រ អាចមានរលកធំៗ
19, Nov 2022 , 2:59 pm        
រូបភាព
រូបភាពពី៖ ក្រសួងធនធានទឹក និងឧតុនិយម។
រូបភាពពី៖ ក្រសួងធនធានទឹក និងឧតុនិយម។
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ កម្ពុជា នឹងមានភ្លៀងធ្លាក់រយៈពេល៤ថ្ងៃ ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ តំបន់សមុទ្រ  អាចមានភ្លៀងធ្លាក់ច្រើន ដោយអន្លើលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ផងដែរ។

 
កម្ពុជា នឹងរងសម្ពាធទាបសកម្មមួយកើននៅលើភាគខាងត្បូង នៃសមុទ្រចិន ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែវិច្ឆិកានេះ។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យផ្នែកខ្លះនៃតំបន់ទំនាបកណ្ដាល ភាគពាយព្យ និងតំបន់សមុទ្រ មានភ្លៀងធ្លាក់ក្នុងកម្រិតច្រើន អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ 
 
ការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បណ្ដាខេត្តដែលនៅជាប់តំបន់ទំនាបកណ្ដាល នឹងមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ។ ក្នុងនោះផ្នែកមួយចំនួននៃរាជធានី-ខេត្ត នៅតំបន់ទំនាបកណ្តាលភាគខាងក្រោម ភាគពាយ័ព្យ និងតំបន់សមុទ្រ  អាចមានភ្លៀងធ្លាក់ច្រើន ដោយអន្លើលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ផងដែរ។ 
 
បន្ថែមពីនេះ បណ្ដាខេត្តតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ និងមានរលកធំៗនៅលើផ្ទៃសមុទ្រទៀតផង។ យ៉ាងណាមិញក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវឱ្យប្រជាជន និងមន្ទីរពាក់ព័ន្ធទាំងអស់បន្តប្រុងប្រយ័ត្ន ជុំវិញបញ្ហាអាកាសធាតុនេះ៕
 
 

Tag:
 ThmeyThmey25
 ភ្លៀងធ្លាក់
© រក្សាសិទ្ធិដោយ thmeythmey.com