ជាតិ
ការនាំចេញម្រេច ស្វាយចន្ទី ចេក និងស្វាយ មានការធ្លាក់ចុះជិត៥០ភាគរយ រយៈពេល១០ខែ
19, Nov 2022 , 5:29 pm        
រូបភាព
ភ្នំពេញ៖ ការនាំចេញម្រេច ស្វាយចន្ទី ចេក និងស្វាយ របស់កម្ពុជា ត្រូវបានធ្លាក់ចុះស្ទើរពាក់កណ្តាលក្នុងរយៈពេល១០ខែ ឆ្នាំ២០២២។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

 
ការនាំចេញគ្រាប់ស្វាយចន្ទីឆៅធ្លាក់ចុះ ៤៨,៥៩ភាគរយ ដោយការនាំចេញមានចំនួនសរុបជិត៤៧តោន។ កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមជាង ៤៦លានតោន, ប្រទេសថៃប្រមាណ ២ពាន់តោន និងប្រទេសឥណ្ឌា ១៥០,១៦តោន។ គ្រាប់ស្វាយចន្ទីឆៅប្រមាណ ១ម៉ឺនតោន ត្រូវបាននាំចេញទៅប្រទេសចិន ខណៈការនាំចេញទៅជប៉ុនមានចំនួន ០,១៤តោន និងប្រទេសហ្វីលីពីនមានចំនួន ០,០៥តោន។ 
 
ចំពោះគ្រាប់ស្វាយចន្ទីកែច្នៃមានការធ្លាក់ចុះជិត ៥៨,៩៣ភាគរយ ដោយបាននាំចេញជិត ៦ម៉ឺនតោន។ គ្រាប់ស្វាយចន្ទីកែច្នៃ បានចេញទៅប្រទេសថៃច្រើនជាងគេ ដែលមានចំនួនជាង ២ម៉ឺនតោន ខណៈការនាំចេញទៅប្រទេសចិនមានប្រមាណ ២ម៉ឺនតោន។ ដោយឡែក កម្ពុជា ក៏បាននាំចេញទៅប្រទេសជប៉ុនប្រមាណ ៧ពាន់តោន កោះតៃវ៉ាន់ ២៥តោន ប្រទេសកូរ៉េប្រមាណ ៧តោន និងប្រទេសស្វីស ០,១២តោន។ 
 
ការនាំចេញម្រេចក្នុងខែតុលានេះ មានប្រមាណ ៧៧ម៉ឺនតោន ដោយធ្លាក់ចុះ ៧២,៥១ភាគរយ ទោះកម្ពុជា បាននាំចេញម្រេចទៅកាន់បណ្តាប្រទេសជាច្រើន។ កម្ពុជា បាននាំចេញម្រេចទៅវៀតណាមច្រើនជាងគេក្នុងចំនួន ជាង៦៦ម៉ឺនតោន។ ស្របពេលជាមួយគ្នានោះ កម្ពុជា ក៏បាននាំចេញទៅប្រទេសអាល្លឺម៉ង់ប្រមាណ ៩ម៉ឺនតោន សហរដ្ឋអាមេរិកជាង ២ពាន់តោន បារាំងជាង១ពាន់តោន ប៊ែលហ្ស៊ិកជាង ១ពាន់តោន ម៉ាឡេស៊ីប្រមាណ ១ពាន់តោន និងសាធារណរដ្ឋឆេកប្រមាណ ១ពាន់តោន។ ដោយឡែក ម្រេច ប្រមាណ ៤ពាន់តោន ត្រូវបាននាំចេញទៅ ១៣ប្រទេសផ្សេងទៀត។
 
កម្ពុជា បាននាំចេញផ្លែស្វាយស្រស់ជាង ១៣លានតោន ដោយធ្លាក់ចុះប្រមាណ ៣១ភាគរយ។ ផ្លែស្វាយស្រស់ ត្រូវបាននាំចេញទៅប្រទេសវៀតណាមជិត ៨លានតោន ប្រទេសថៃប្រមាណ ៣លានតោន និងប្រទេសចិនជាង ២លានតោន។ លើសពីនេះ កម្ពុជា ក៏បាននាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសកូរ៉េមានជាង ១ម៉ឺនតោន និងទីក្រុងហុងកុង ២២៥តោន។
 
ទន្ទឹមនោះ កម្ពុជា ក៏បាននាំចេញផ្លែចេកស្រស់ជាង ៣២លានតោន ដោយធ្លាក់ចុះ ១១,៧៩ភាគរយ។ ចេកស្រស់ ត្រូវបានចេញនាំចេញប្រទេសចិនប្រមាណ ២៩លានតោន ប្រទេសវៀតណាមប្រមាណ ៣លានតោន និងប្រទេសជប៉ុន ១០តោន។ 
 
ចំពោះមូលហេតុ ដែលបណ្តាលឱ្យការនាំចេញទិន្នផលខាងលើធ្លាក់ចុះ សារព័ត៌មានThmeyThmey25 មិនទាន់ទទួលបានការបញ្ជាក់ពីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទឡើយ៕
 
 

Tag:
 កសិកម្ម
  ការនាំចេញ
  ធ្លាក់ចុះ
© រក្សាសិទ្ធិដោយ thmeythmey.com