FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ថានឹងបញ្ចប់អាជីពនៅវ័យ៤០ឆ្នាំ ខណៈចង់លេង World Cup ផ្តាច់ព្រ័ត្រទល់ Messi
19, Nov 2022 , 7:29 pm        
រូបភាព
Cristiano Ronaldo ខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្កាល់ និង Manchester United នឹងបញ្ចប់អាជីពជាកីឡាករបាល់ទាត់នៅត្រឹមវ័យ ៤០ឆ្នាំ។ ស្របពេលត្រៀមខ្លួននៅ World Cup 2022 Ronaldo អះអាងថាចង់លេងនៅវគ្គផ្តាច់ព្រ័ត្រពានពិភពលោកទល់ Lionel Messi។



នាកម្មវិធីកិច្ចសម្ភាសន៍ Piers Morgan Uncensored កាលពីពេលថ្មីៗនេះដែលបានចាក់ផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំមានក្តីស្រមៃចង់ឈ្នះ World Cup ដែលទំនងជាការបង្ហាញខ្លួនលើកចុងក្រោយ។ ទន្ទឹមនឹងនេះខ្សែប្រយុទ្ធក្រុម Manchester United ក៏បានប្រាប់ឱ្យដឹងថារូបគេនឹងបញ្ចប់អាជីពកីឡាករបាល់ទាត់នៅវ័យ ៤០ឆ្នាំ។ 
 
ស្របពេលដែល Ronaldo ត្រៀមខ្លួននៅ World Cup ដែលជាការបង្ហាញខ្លួនជាលើកទី៥ ឱ្យព័រទុយហ្កាល់ នឹងអាចជាលើកចុងក្រោយសម្រាប់រូបគេ ខ្សែប្រយុទ្ធចាស់វស្សារូបនេះគ្រោងចូលនិវត្តន៍នៅវ័យ ៤០ឆ្នាំ ដែលគេចាត់ទុកថាជាវ័យដ៏សក្តិសម។
 
«ខ្ញុំចង់លេង​ ២ ឬ ៣ឆ្នាំទៀតយ៉ាងយូរ ខ្ញុំចង់បញ្ចប់អាជីពនៅត្រឹមវ័យ ៤០ឆ្នាំ ព្រោះវ័យនេះនឹងជាវ័យដ៏ល្អ ប៉ុន្តែខ្ញុំមិនដឹងឡើយថា ពេលខ្លះអ្វីដែលបានគ្រោងទុក មិនដូចការគិត។ ជីវិតមានភាពបត់បែន ហើយជីវិតគឺត្រូវមានការប្រឹងប្រែង។»។ Ronaldo និយាយក្នុងកម្មវិធីដែលរូបគេបានទម្លាយអារម្មណ៍រិះគន់លើ Man United បែបនេះ។
ស្របពេលគ្នានេះ ប្រធានក្រុមព័រទុយហ្កាល់ក៏បានលើកឡើងអំពីខ្សែប្រយុទ្ធ Lionel Messi ដែលជាគូប្រជែងរយៈពេលជាង ១៦ឆ្នាំរបស់ខ្លួនផងដែរ។ Ronaldo ថា Messi ជាមនុស្សម្នាក់ដ៏ ជាគូប្រជែងដ៏កំពូល។ 
 
Ronaldo ក៏និយាយពីក្តីរំពឹងបន្ថែមទៀតថា ព័រទុយហ្កាល់នឹងអាចឆ្លងផុតវគ្គចែកពូល H ដែលត្រូវជួបហ្គាណា, អ៊ុយរូហ្កាយ និងកូរ៉េខាងត្បូង ដើម្បីទៅវគ្គបន្ទាប់។ ក្រោយប្រកួតប្រជែងគ្នាជាច្រើនឆ្នាំទាំងនៅទឹកដីអេស្ប៉ាញ Ronaldo វ័យ ៣៧ឆ្នាំថាចង់លេងទល់ Messi នៅវគ្គផ្តាច់ព្រ័ត្រ World Cup 2022 នៅកាតាតែម្តង។
 
​«វាគឺល្អពេកហើយ ខ្ញុំចង់ប្រកួតជាមួយគេម្តងទៀត ព្រោះគេជាកីឡាករដ៏អស្ចារ្យ ប្រៀបបានវេទមន្ត ជាមនុស្សម្នាក់ដ៏កំពូល ដែលយើងបានចែករំលែកគ្នាជាង ១៦ឆ្នាំមកហើយ។ រូបគេដូចជាមិត្តរួមក្រុមម្នាក់អ៊ីចឹង ខ្ញុំមានទំនាក់ទំនងល្អជាមួយគេ បើទោះបីមិនមែនជាមិត្តភក្កិដូចមនុស្សដទៃក្តី។»។ នេះជាសម្តី Ronaldo ដែលបានលើកឡើង៕
 

Tag:
 World Cup
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com