អន្តរជាតិ
មេដឹកនាំកូរ៉េខាងជើង បង្ហាញមុខកូនស្រីលើកដំបូងពេលចុះដឹកនាំការបាញ់មីស៊ីលអន្តរទ្វីប
19, Nov 2022 , 8:29 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន កាន់ដៃកូនស្រី ចុះត្រួតពិនិត្យការបាញ់មីស៊ីលអន្តរទ្វីប។ រូបថត KCNA
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន កាន់ដៃកូនស្រី ចុះត្រួតពិនិត្យការបាញ់មីស៊ីលអន្តរទ្វីប។ រូបថត KCNA
មេដឹកនាំកូរ៉េខាងជើង​ គីម ជុងអ៊ុន ចុះដឹកនាំការបាញ់មីស៊ីលអន្តរទ្វីបដែលមានសមត្ថភាពបាញ់ដល់ដែនគោករបស់អាម៉េរិក ហើយប្ដេជ្ញាពង្រឹងសមត្ថភាពការពារប្រទេសទល់នឹងការគំរាមខាងក្រៅ។ នេះបើតាមទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េខាងជើង (KCNA) នៅថ្ងៃទី១៩ ខែវិច្ឆិកា។ លោក គីម ក៏បង្ហាញមុខកូនស្រីជាលើកដំបូងផងដែរ។

 
នៅថ្ងៃទី១៨ ខែវិច្ឆិកា កូរ៉េខាងជើងបានបាញ់មីស៊ីលអន្តរទ្វីបមួយថ្ងៃបន្ទាប់ពីព្រមានអាម៉េរិកដែលបង្កើនវត្តមានផ្នែកសន្តិសុខក្នុងតំបន់របស់ខ្លួន។ រដ្ឋាភិបាលជប៉ុនក៏បានបញ្ជាក់ថា មីស៊ីល​កូរ៉េខាង​ជើង​បានធ្លាក់ចូលតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួនផងដែរ។
 
លោក គីម ជុងអ៊ុន ប្រមុខដឹកនាំកូរ៉េខាងជើង ចូលរួមត្រួតពិនិត្យការតេស្តមីស៊ីលនេះដោយផ្ទាល់។ បើតាម KCNA លោក គីម ថ្លែងថា ការគំរាមកំហែងពីអាម៉េរិក និង​សម្ព័ន្ធមិត្ត​របស់​អាម៉េរិក​ដែល​ប្រកាន់​គោលនយោបាយព្រៃផ្សៃ បង្ខំឱ្យទីក្រុងព្យុងយ៉ាងត្រូវបង្កើនល្បឿន និងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន។
 
«លោក គីម ជុងអ៊ុន បានប្រកាសយ៉ាងឱឡារិកថា ប្រសិនជាសត្រូវបន្តការគំរាមកំហែង បក្ស និង​រដ្ឋាភិ​បាលរបស់យើងនឹងប្រតិកម្មយ៉ាងម៉ឺងម៉ាត់ជាមួយនឹងអាវុធនុយក្លេអ៊ែរ។ KCNA រាយការណ៍បែបនេះ រួចបន្តថា ការបាញ់មីស៊ីលអន្តរទ្វីប Hwasong-17 ជា​ផ្នែក​មួយនៃយុទ្ធសាស្ត្រការពារ និងកសាង​អាទិភាពកំពូលដែលមានគោលបំណង​ពង្រឹងការឆ្លើយត​ប​នុយក្លេអ៊ែរដ៏ខ្លាំង។
 
នៅថ្ងៃតេស្តមីស៊ីលនោះ រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui​ ថ្កោលទោសកិច្ចប្រជុំកំពូលត្រីភាគីរបស់អាម៉េរិក កូរ៉េខាងត្បូង និងជប៉ុនដែលសម្ព័ន្ធមិត្តទាំងបីប្រទេសបាន​រិះគន់ការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងហើយក៏សន្យាសហការគ្នាដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការផងដែរ។
 
ទាក់ទងការបង្ហាញកូនស្រីវិញ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង មិនបានផ្ដល់ព័ត៌មានលម្អិតឡើយ។ កន្លងមក កូរ៉េខាងជើង ក៏មិនបានបញ្ជាក់ពីការរៀបការរបស់លោក គីម ដែរ ទោះបានបង្ហាញមុខភរិយាលោក គីម ឈ្មោះ Ri Sol-ju ក្ដី។ តាមព័ត៌មានកន្លងមក លោក គីម មានកូនប្រុសស្រី៣នាក់៕
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com