ជាតិ
ពីនេះ ពីនោះ
យុវតី២រូប ផលិតបទចម្រៀង២ភាសា បញ្ជ្រាបការយល់ដឹងពីការប្រើប្រាស់ប្លាស្ទិក
20, Nov 2022 , 9:29 am        
រូបភាព
កញ្ញា ថោង ហុងអ៊ីង (ឆ្វេង) និង កញ្ញា វីរៈ ម៉ូនីកា (ស្ដាំ) ជាម្ចាស់ស្នាដៃបទ «Re Five» និងជាស្ថាបនិក «តោះយើង»។ រូបភាពពីទំព័រហ្វេសប៊ុក តោះយើង។
កញ្ញា ថោង ហុងអ៊ីង (ឆ្វេង) និង កញ្ញា វីរៈ ម៉ូនីកា (ស្ដាំ) ជាម្ចាស់ស្នាដៃបទ «Re Five» និងជាស្ថាបនិក «តោះយើង»។ រូបភាពពីទំព័រហ្វេសប៊ុក តោះយើង។
ភ្នំពេញ៖ យុវតី២រូប សហការគ្នាផលិតបទចម្រៀងមួយបទ ចំណងជើង «Re-five»និយាយពីការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ បទចម្រៀងនេះ ជាផ្នែកមួយនៃ ក្រុមយុវជន «តោះយើង»។ ចម្រៀងពីរភាសានេះ ត្រូវបានបង្កើតឡើងក្នុងចេតនា ជំរុញ​ឱ្យសាធារណជនអនុវត្ត 5Rs។ កញ្ញា វីរៈ ម៉ូនីកា សង្ឃឹមថា បទចម្រៀងនេះ​ ជាផ្នែកមួយក្នុងការចូលរួមចំណែក ផ្លាស់ប្ដូរជាវិជ្ជមានក្នុងសង្គមកម្ពុជា ឱ្យយកចិត្តទុកដាក់លើការប្រើប្រាស់ប្លាស្ទិក។



«​២០២២ឆ្នាំនេះ សូមទាំងអស់គ្នាចូលរួមម្នាក់បន្តិច ចូលទាំងអស់គ្នាកាត់បន្ថយប្លាស្ទិក...» ជាសំណេរ នៃបទចម្រៀងមួយបទ ដែលមានចំណងឃើងថា «Re-five»។ បទចម្រៀងមួយបទនេះ ត្រូវបានផលិតឡើងដោយ យុវតីខ្មែរពីររូប គឺកញ្ញា វីរៈ ម៉ូនីកា ជានិស្សិតផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងកញ្ញា ថោង ហុងអ៊ីង​ ជាអតីតនិស្សិតផ្នែកវិស្វកម្ម។


 
សកម្មភាពរើសសំរាម។ រូបភាពពីទំព័រហ្វេសប៊ុក one step no plastic។ 
 
 
បទចម្រៀងដែលមាន២ភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេសនេះ ត្រូវបានយុវជនទាំង២ចំណាយពេល ជាង១ឆ្នាំ ដើម្បីផលិត បន្ទាប់ពីពួកគេបញ្ចប់ការបណ្ដុះបណ្ដាលផ្នែកផលិតតន្ត្រីរយៈពេលប្រមាណ៦ខែរួចមក។ យុវតីទាំងពីររូបផលិតចម្រៀងនេះឡើង ក្នុងគោលបំណង ជំរុញឱ្យសាធារណជនទូទៅចូលរួមអនុវត្តនូវវិធីសាស្ត្រទាំង៥ ក្នុងការកាត់បន្ថយប្លាស្ទិក «5Rs» ។ វិធីសាស្ត្រទាំង៥នោះរួមមាន បដិសេធមិនប្រើប្រាស់ (Refuse), ការកាត់បន្ថយប្លាស្ទិក (Reduce), ការប្រើប្រាស់ប្លាស្ទិកឡើងវិញ (Reuse), ការកែច្នៃប្លាស្ទិកឡើងវិញ (Recycle) និងការក្រើនរំឭក ខ្លួនឯង និងអ្នកដទៃ (Remind)។
 
កញ្ញា វីរៈ ម៉ូនីកា ពន្យល់បន្ថែមពីបទចម្រៀងរបស់ពួកគេដូច្នេះ៖ «និយមន័យធំ នៃបទចម្រៀងនេះ​ គឺ Re Five ដែលមាន Refuse, Reduce, Reuse, Recycle និង Remind។ ពាក្យទាំងប្រាំនេះគឺ ជា keyword (គន្លឹះ) ដែលអាចកាត់បន្ថយប្លាស្ទិក»។
 
យ៉ាងណាមិញ ចម្រៀងមួយបទនេះ ក៏ជាផ្នែកមួយ នៃគម្រោង «តោះយើង» ដែលធ្វើ​ឡើងរួមគ្នារវាង កញ្ញា វីរៈ ម៉ូនីកា និងកញ្ញា ថោង ហុងអ៊ីង​។ «តោះយើង»​​ (Tos Yerng) ត្រូវបានបង្កើតឡើងអំឡុងឆ្នាំ២០២២ ជាវេទិកាមួយ ដែលចែករំលែកភាពវិជ្ជមាន និងលើកកម្ពស់ការយល់ដឹង ស្មារតី ក្រោមប្រធានបទណាមួយ សម្រាប់យុវជន និងយុវជន។ តួយ៉ាងក្នុងឆ្នាំ២០២២ ដែលជាឆ្នាំដំបូង នៃវេទិកា «តោះយើង» គឺជ្រើសរើស ប្រធានបទ បញ្ជ្រាបការយល់ដឹង និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។
  

សកម្មភាពរើសសំរាម ក្នុងយុទ្ធនាការ one step no plastic។ រូបភាពពីទំព័រហ្វេសប៊ុក one step no plastic។ 
 
លើសពីបទចម្រៀង ដើម្បីបញ្ជ្រាបការយល់ដឹងពីការប្រើប្រាស់ប្លាស្ទិក ក្នុងឆ្នាំនេះ «តោះយើង» ក៏បានសហការជាមួយក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកមួយ ដើម្បីបង្កើតជាយុទ្ធនាការ រើសសំរាម នៅតាមតំបន់ទេសចរណ៍គោលដៅ ក្នុងប្រទេស ហៅថា «ONE STEP NO PLASTIC» នាអំឡុងខែកក្កដា ក្នុងឆ្នាំនេះ និងត្រូវបញ្ចប់នៅចុងឆ្នាំ។
 
យុទ្ធនាការនេះ បង្កើតឡើងក្នុងគោលបំណង កាត់បន្ថយសំរាមប្លាស្ទិក និង លើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងភាពទាក់ទាញ។ កន្លងមកយុទ្ធនាការនេះ បានរើសសំរាម តាម​បណ្ដា រាជធានី ខេត្ត ទេសចរណ៍មួយចំនួនរួចមកហើយ រួមមាន រាជធានីភ្នំពេញ កែប សៀមរាប និង ខេត្តក្រចេះ។ សំរាមប្លាស្ទិក ដែលប្រមូលបានពីយុទ្ធនាការទាំងនោះ ត្រូវបានយកទៅកែច្នៃឡើងវិញផងដែរ។
  
 សំណល់ប្លាស្ទិក ដែលរើសបានពីយុទ្ធនាការ កែច្នៃជាឥដ្ឋបរិស្ថាន។ រូបភាពពីទំព័រហ្វេសប៊ុក one step no plastic។ 
 
សម្រាប់កញ្ញា​ ម៉ូនីកា ខ្លួនយល់ឃើញថា តាមរយៈបទចម្រៀន និងសកម្មភាពមួយដែលខ្លួនបានធ្វើនេះ វាមិនអាចផ្លាស់ប្ដូរឥរិយាបថទាំងស្រង់ នៃការប្រើប្រាស់ប្លាស្ទិកនោះទេ។ ប៉ុន្តែកញ្ញា ជឿជាក់ថា វាអាចធ្វើឱ្យសាធារណជនមួយចំនួន បានដឹងអំពីផលប៉ះពាល់ពីសំរាមប្លាស្ទិក ជាពិសេសយុវជន។
 
កញ្ញា ម៉ូនីកា សង្កត់ធ្ងន់ដូច្នេះ៖ «សម្រាប់ខ្ញុំយើង មិនផ្ដល់ការការផ្លាស់ប្ដូរធំឡើយទៅកាន់សង្គមទេ ប៉ុន្តែយ៉ាងហោចណាស់ ក៏មានមនុស្សមួយចំនួនតូចគាត់បានស្គាល់យើង ដឹងពីសកម្មភាពរបស់ពួកយើង និង ចាប់ផ្ដើមអនុវត្តន៍ Re Five ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ហើយខ្ញុំគិតថាវាជារឿ​ងល្អ ជាជាងដែលយើងមិនបានធ្វើអ្វីសោះ»។
 
ចំពោះយុវតី២៣ឆ្នាំរូបនេះ យល់ឃើញថា ការចាប់ផ្ដើមនូវការកាត់បន្ថយប្លាស្ទិក គឺចាប់ផ្ដើមពីចំណុចតូចៗ នៅក្នុងជីវិតរស់នៅប្រចាំ​ថ្ងៃរបស់មនុស្សគ្រប់គ្នា។ កញ្ញាលើកឡើងដូច្នេះ៖ « ខ្ញុំសូមផ្ដាំទៅកាន់មហាជនថា យើងគួរតែចាប់ផ្ដើមកាត់បន្ថយប្លាស្ទិកចាប់ពីពេលនេះតទៅ ប្រសិនបើយើងចង់ឱ្យក្មេងជំនាន់ក្រោយ របស់យើងមានភពផែនដីដ៏ល្អរស់នៅបន្តទៀត»៕
 

Tag:
 ThmeyThmey25
  ប្លាស្ទិក
  Re-5
  តោះយើង
  វីរៈ ម៉ូនីកា
  ថោង ហុងអ៊ីង
© រក្សាសិទ្ធិដោយ thmeythmey.com