អន្តរជាតិ
នាយករដ្ឋមន្ត្រីអូស្ត្រាលីថា ទស្សកិច្ចទៅចិនមិនទាន់កំណត់ពេលនៅឡើយ
19, Nov 2022 , 4:59 pm        
រូបភាព
នាយករដ្ឋមន្ត្រីអូស្ត្រាលី អាន់ថូនី អាល់បានីស ថ្លែងនៅថ្ងៃទី១៩ ខែវិច្ឆិកាថា ដំណើរទស្សនកិច្ច​របស់​លោកទៅកាន់ចិន នៅមិនទាន់បានពិភាក្សា និងកំណត់ពេលវេលានៅឡើយ។ ប៉ុន្តែលោកនឹងធ្វើការ​លើរឿងនេះនៅពេលឆាប់ៗ។

 
អំឡុងពេលចូលរួមកិច្ចប្រជុំប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង ២០ (G20) នៅឥណ្ឌូណេស៊ី នាយករដ្ឋមន្រ្តីអូស្ត្រាលី អាន់ថូនី អាល់បានីស ក៏បានជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនភីង ដែលនោះជាជំនួបលើកដំបូងក្នុងពេលជាង៣ឆ្នាំ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ មិនល្អប្រសើរឡើយនាពេលចុងក្រោយ។
 
ពីកិច្ចប្រជុំ APEC នៅថៃ លោក អាល់បានីស បានបញ្ជាក់ថា លោក កំពុង​ពិភាក្សា​ពី​ការ​ធ្វើ​ដំណើរ​ទៅ​ចិន ដែលនឹងស្ដារទំនាក់ទំនងទ្វេភាគីឡើងវិញ។ 
 
«អ្វីដែលពួកយើងបានពិភាក្សានៅក្នុងសប្ដាហ៍នេះគឺជាជំហានដំបូង ហើយខ្ញុំនឹងបន្តវាទៅមុខដោយ​ខ្លួនឯង»។ លោក អាល់បានីស បានលើកឡើងបែបនេះអំឡុងសន្និសីទកាសែតក្រៅកិច្ចប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីបាស៊ីហ្វិក (APEC) នៅទីក្រុងបាងកក។ 
 
មេដឹកនាំអូស្ត្រាលីរូបនេះបន្តថា អូស្ត្រាលីនិងនូវែលសេឡង់នឹងបន្តដើរជាមួយគ្នា ខណៈ​នាយករដ្ឋ​មន្ត្រី​នូវែលសេឡង់ លោកស្រីចាស៊ីនដា អាឌើន ក៏ទទួលបានការអញ្ជើញទៅកាន់ទីក្រុងប៉េកាំង​ក្រោយ​បាន​ជួបលោកស៊ីនៅថ្ងៃទី១៨ ខែវិច្ឆិកា។ រដ្ឋាភិបាលនូវែសេឡង់លើកឡើងក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា រដ្ឋាភិបាលប្រទេសទាំងពីរបានកំណត់ដំណើរទស្សកិច្ចរបស់លោកស្រី អាឌើន រួចរាល់ហើយ។
 
ទាក់ទងនឹងបញ្ហាកោះតៃវ៉ាន់ លោក អាល់បានីស សង្កត់ធ្ងន់ថា លោកមិនប្តូរជំហរនោះឡើយ ក្នុងការជំរុញឱ្យកោះមួយនេះចូលរួមកិច្ចព្រមព្រៀងទូលំទូលាយសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ។ CPTPP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលភ្ជាប់ប្រទេសកាណាដា, អូស្ត្រាលី, ព្រុយណេ, ស៊ីលី, ជប៉ុន, ម៉ាឡេស៊ី, ម៉ិកស៊ិក, នូវែលសេឡង់, ប៉េរូ, សិង្ហបុរី និងវៀតណាម។
អូស្ត្រាលី និងចិនមានជម្លោះតានតឹងជាមួយគ្នាជាច្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះរួមមា​នជម្លោះពា​ណិជ្ជកម្ម និងប្រភពដើមនៃជំងឺកូវីដ-១៩ជាដើម។ យ៉ាងណាមិញ រដ្ឋាភិបាលថ្មីរបស់លោក អាល់បានីស កំពុងស្វែងរកមធ្យោបាយជួសជុល និងស្ដារទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ៕
 

Tag:
 អូស្ត្រាលី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com