ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ប៉េង ហួត គ្រុប បរិច្ចាគទឹកប្រាក់ចំនួន ១១ម៉ឺនដុល្លារ ដើម្បីផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ដល់សិស្ស ចំនួន ៥០នាក់ មកពីអង្គការមូលនិធិកុមារកម្ពុជា
19, Nov 2022 , 8:33 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២២  ក្រុមហ៊ុន ប៉េង ហួត គ្រុប មានចិត្តសប្បុរសបានបរិច្ចាគថវិកាចំនួន ១១០,០០០ដុល្លារ ដើម្បីជួយឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រ ដល់សិស្សថ្នាក់ទី១២ ចំនួន ៥០នាក់ នៅសាលានីសិន គ្រីប អាខេឌឺមី ដែលជាវិទ្យាល័យរបស់អង្គការមូលនិធិកុមារកម្ពុជា ដែលផ្ដោតសំខាន់ទៅលើមុខវិជ្ជា STEM មានទីតាំងស្ថិតនៅក្នុងតំបន់ស្ទឹងមានជ័យ។  
 
នេះគឺជាចំនួនទឹកប្រាក់ដ៏ច្រើន និងដំបូងបំផុតរបស់ក្រុមហ៊ុនក្នុងស្រុកដែលបានបរិច្ចាគដល់អង្គការមូលនិធិកុមារកម្ពុជា (សុីសុីអេហ្វ) ដែលជាអង្គការធ្វើការជាមួយកុមារក្រីក្រ និងគ្រួសាររបស់កុមារក្នុងតំបន់ស្ទឹងមានជ័យ តាំងពីឆ្នាំ ២០០៤។


 
អាហារូបករណ៍នេះសម្រាប់សិស្សសុីសុីអេហ្វដែលនឹងជាប់ការប្រឡងថ្នាក់ជាតិ មធ្យមសិក្សាទុតិយភូមិ ថ្នាក់ទី ១២ ខាងមុខនេះដើម្បីបានបន្តការសិក្សានៅសាកលវិទ្យាល័យ និងរ៉ាប់រងលើថ្លៃសិក្សារហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្ររបស់ ពួកគេ។
 
សិស្សានុសិស្សចំនួន ៥០ នាក់មកពីសុីសុីអេហ្វ នឹងចូលរួមការប្រឡងថ្នាក់ជាតិ មធ្យមសិក្សាទុតិយភូមិ ថ្នាក់ទី ១២ នាខែធ្នូខាងមុខនេះ។
 


ជំនួយសប្បុរសនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ក្នុងការជួយដល់សិស្សក្រីក្របំផុត នៅកម្ពុជា។ អាហារូបករណ៍ដែលក្រុមហ៊ុនបានផ្តល់នឹងធានាបានថាសិស្សានុសិស្សទាំងនេះនឹងអាចលុបបំបាត់ វដ្តនៃភាពក្រីក្ររបស់ពួកគេ និងក្រុមគ្រួសារជារៀងរហូត។
 
“ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ប៉េង ហួត គ្រុប សម្រាប់ការជួយគាំទ្រដល់សិស្សរបស់ យើងដើម្បីបន្តការសិក្សារថ្នាក់បរិញ្ញាបត្រ។ វដ្តនៃភាពក្រីក្ររបស់កុមារទាំងនេះនឹងត្រូវបានលុបបំបាត់ នៅពេលដែលពួកគេបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ។ ខ្ញុំមានសេចក្តីរំភើបជាពន់ពេកដែលបានឃើញ សហគមន៍ក្នងស្រុកបង្ហាញការគាំទ្រដ៏ធំធេងបែបនេះ”។ លោក ស្កុត នីសិន ស្ថាបនិក និងនាយកប្រតិបត្តិ អង្គការមូលនិធិកុមារកម្ពុជា


 
សុីសុីអេហ្វជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ដែលមានទីតាំងនៅក្នុងតំបន់ស្ទឹងមានជ័យ  បានផ្លាស់ប្តូរជីវិតរបស់កុមារដែលខ្វះខាត និងងាយរងគ្រោះបំផុត រស់នៅក្នុងសហគមន៍ដែលក្រីក្របំផុតក្នុងប្រទេសកម្ពុជា តាមរយៈការអប់រំប្រកបដោយគុណភាពខ្ពស់ ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងកម្មវិធីជំនួយគាំទ្រដោយផ្ទាល់ជាច្រើនទៀត។
 
ក្រុមហ៊ុន ប៉េង ហួត គ្រុប បានជួយគាំទ្រដល់សុីសុីអេហ្វចាប់តាំងពីឆ្នាំ ២០២១។
 
កាលពីខែធ្នូកន្លងទៅ ក្រុមការងាររបស់ក្រុមហ៊ុនបានបរិច្ចាគអាហារ សម្ភារៈអនាម័យ និងសម្ភារៈសិក្សាដល់ គ្រួសារដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩ ចំនួន ២៥០ គ្រួសារ ដែលជាគ្រួសារស្ថិតនៅក្រោមការជួយគាំពារពីសុីសុីអេហ្វ។


 
“ការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់ប្អូនៗសិស្សានុសិស្សរបស់អង្គការមូលនិធិកុមារកម្ពុជា គឺជាការចូលរួមក្នុងវិស័យអប់រំដែលជាសរស្ដុំទីពីរក្នុងកិច្ចការសង្គមរបស់ក្រុមហ៊ុន ហើយយើងសង្ឃឹមថា ប្អូនៗនឹងខិតខំប្រឹងប្រែងរៀនសូត្រឱ្យក្លាយជាទំពាំងស្នងឬស្សី ដើម្បីជួយខ្លួនឯង គ្រួសារ និងតបស្នងដល់សង្គមយើងវិញ។” 
 
“ការគាំទ្រនិងរួមចំណែកចក្នុវិស័យអប់រំ គឺជាទំនួលខុសត្រូវរបស់មនុស្សគ្រប់គ្នា ដើម្បីកសាងសង្គមប្រកបដោយវឌ្ឍនភាព។” លោកជំទាវ ហុង ដានី អគ្គនាយិកា ក្រុមហ៊ុន ប៉េង ហួត គ្រុប
 
ការបន្តការសិក្សានៅសាកលវិទ្យាល័យគឺជាឱកាសក្នុងការផ្លាស់ប្តូរជីវិត សម្រាប់សិស្សសុីសុីអេហ្វ ដែលបានជម្នះឧបសគ្គជាច្រើន ដើម្បីបានទៅសាលា និងបន្តការសិក្សា ដើម្បីសម្រេចបានសក្តានុពលរបស់ពួកគេ។
 
បូ ស្រីណែត ជាសិស្សសុីសុីអេហ្វ ធ្លាប់ដើររើសសំរាមដើម្បីចិញ្ចឹមជីវិត។ ពេលនេះនាងសង្ឃឹមថា នាងនឹងអាចបន្តការសិក្សានៅសាកលវិទ្យាល័យ តាមរយៈជំនួយរបស់អាហារូបករណ៍ ប៉េង ហួត។
 
“ដំណើរការរៀនសូត្រពីថ្នាក់ទី១ដល់ទី១២មិនមែនជារឿងដ៏ងាយស្រួលនោះទេ តែដោយសារពាក្យមួយម៉ាត់ថាគោលដៅ ទើបធ្វើឲ្យយើងរុញច្រានខ្លួនឯងឲ្យទៅមុខបន្តទៀត។ ការអប់រំបានផ្លាស់ប្តូរនាងខ្ញុំ ពីក្មេងស្រីរើសសម្រាមម្នាក់ ទៅជាក្មេងស្រីដែលមានចំណេះដឹង សមត្ថភាព មានភាពក្លាហាន និងមានឆន្ទៈយ៉ាងមុះម៉ុតក្នុងការឆ្ពោះទៅរកគោលដៅនៅថ្ងៃខាងមុខ។” 
 
“ខ្ញុំសូមថ្លែងអំណរគុណ និងការដឹងគុណដល់ក្រុមហ៊ុន ប៉េង ហ៊ួត គ្រុប ក្រោមកិច្ចសហរកាណ៍ជាមួយអង្គការមូលនិធិកុមារកម្ពុជា ដែលធ្វើឲ្យក្តីស្រមៃនាងខ្ញុំ និងសិស្សានុសិស្សជាច្រើននាក់ទៀតក្លាយជាការពិត។” បូ ស្រីណែត  សិស្សថ្នាក់ទី១២ អង្គការមូលនិធិកុមារកម្ពុជា
 
ក្រុមហ៊ុន ប៉េង ហួត គ្រុប និងសុីសុីអេហ្វ មានមោទនភាពដែលបានធ្វើការរួមគ្នា ដើម្បីផ្ដល់ការអប់រំថ្ថ្នាក់បរិញ្ញាបត្រ  ទៅដល់សិស្សដ៏អស្ចារ្យទាំងនេះ។ បន្ទាប់ពីបានធំធាត់ជាមួយភាពក្រីក្រខ្លាំងនៅក្នុងកុមារភាព អនាគតរបស់អ្នកដឹកនាំវ័យក្មេងទាំងនេះត្រូវបានធានា ដោយសារទឹកចិត្តសប្បុរសរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប។
 
 

© រក្សាសិទ្ធិដោយ thmeythmey.com