អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បោះឆ្នោតម៉ាឡេស៊ី៖ បក្សលោក អាន់វ៉ា មានសំឡេងនាំមុខ ឯលោក មហាធៀ របូតអាសនៈ
20, Nov 2022 , 12:29 pm        
រូបភាព
លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងដៃគូ បង្ហាញទំនុកចិត្តលើលទ្ធផលបោះឆ្នោត។ រូបថត AFP
លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងដៃគូ បង្ហាញទំនុកចិត្តលើលទ្ធផលបោះឆ្នោត។ រូបថត AFP
លទ្ធផលមិនផ្លូវការនៃការបោះឆ្នោតទូទៅនៅម៉ាឡេស៊ី បង្ហាញថា មិនមានបក្សណាដែលអាចទទួលសំឡេងគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលតែឯងឡើយ ខណៈដែលបក្សធំៗទទួលបានចំនួនកៅអីសភាប្រកៀកប្រកិតគ្នា។ សម្ព័ន្ធភាព Pakatan Harapan (PH) របស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម កំពុងនាំមុខគេ តាមពីក្រោយដោយសម្ព័ន្ធភាព Perikatan Nasional របស់អតីតនាយករដ្ឋមន្រ្តី មូហ៊ីឌីន យ៉ាស៊ីន ។ ឯអតីតនាយករដ្ឋមន្រ្តី មហាធៀ មហាម៉ាត់ វិញ បែរជាបាត់បង់កៅអីរបស់ខ្លួនយ៉ាងភ្ញាក់ផ្អើល។

 
បើតាមលទ្ធផលរាប់សន្លឹកឆ្នោតនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា សម្ព័ន្ធភាពដឹកនាំដោយលោក អាន់វ៉ា អ៊ីប្រាហ៊ីម ទទួលបានកៅអី៨១ក្នុងចំណោមកៅអី២២២ ខណៈបក្សរបស់លោក យ៉ាស៊ីន ទទួលបាន៧៣កៅអី ដែលល្អលើសការរំពឹងផង។ សម្ព័ន្ធភាពកំពុងដឹកនាំប្រទេស Barisan Nasional ដែលចោមរោមដោយសំណុំរឿងពុករលួយ ទទួលបាន៣០កៅអី។ ដើម្បីបង្កើតរដ្ឋាភិបាលបាន បក្ស ឬសម្ព័ន្ធភាពនយោបាយណាមួយ ត្រូវបានកៅអី១១២។
 
ជាមួយលទ្ធផលនេះ រដ្ឋាភិបាលថ្មីរបស់ម៉ាឡេស៊ី ទំនឹងជាកើតចេញពីការចរចាផ្នែកនយោបាយជាថ្មីទៀតដើម្បីសម្រេចបានរដ្ឋាភិបាលចម្រុះ។ សម្ព័ន្ធភាពនយោបាយធំៗពីរនៅលើកោះ​ Borneo មានGabungan Parti Sarawak (GPS) ដែលឈ្នះ២២កៅអី និង Gabungan Rakyat Sabah (GRS) ដែលឈ្នះ៦កៅអី នឹងដើរតួជាកូនសោរគន្លឹះ និងជាគោលដៅរបស់លោក អាន់វ៉ា និងលោក មូហ៊ីឌីន ដើម្បីកៀរគរសំឡេងឱ្យគ្រប់។
 
ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២០ ខែវិច្ឆិកា លោក អាន់វ៉ា អះអាងថា សម្ព័ន្ធភាព PH អាចទទួលបានសំឡេងភាគច្រើនដាច់ខាតពីសមាជិកសភាដើម្បីបង្កើតរដ្ឋាភិបាល។ ប៉ុន្តែលោកបញ្ជាក់ថា ការបង្កើតរដ្ឋាភិបាល នឹងធ្វើឡើងនៅពេលមានសំឡេងភាគច្រើនប៉ុណ្ណោះ។
 
ចំណែកលោក មូហ៊ីឌីន​ វិញ លើកឡើងថា​ ការគាំទ្រដែល PN ទទួលបាន ពិសេសពីសំណាក់អ្នកបោះឆ្នោតវ័យក្មេង ផ្ដល់ជ័យជម្នះដែលមិនរំពឹងទុក។ ទាក់ទងការបង្កើតរដ្ឋាភិបាលវិញ សម្ព័ន្ធ PN នឹងធ្វើការជាមួយបក្សដែលឈ្នះឆ្នោតក្នុងរដ្ឋ Sarawak និង Sabah ។ បើតាមលោក មូហ៊ីឌីន សម្ព័ន្ធភាពរបស់លោក ទទួលបានចម្លើយវិជ្ជមានរួចហើយពីបក្សនៅក្នុងរដ្ឋទាំងពីរនេះ។
 
សម្ព័ន្ធភាពនៃរដ្ឋាភិបាលចាំផ្ទះ ធ្វើមិនបានល្អឡើយក្នុងការបោះឆ្នោត ដោយរដ្ឋមន្រ្តីជាច្រើនមិនអាចការពារកៅអីសភារបស់ខ្លួនឡើយ។ ប៉ុន្តែនាយករដ្ឋមន្រ្តី អ៊ីស្មាអ៊ីល សាប្រ៊ី យ៉ាកុប អាចរក្សាកៅអីតំណាងរដ្ឋ Pahang បាន។
 
រឿងដែលភ្ញាក់ផ្អើល សម្ព័ន្ធភាពរបស់អតីតនាយករដ្ឋមន្រ្តី មហាធៀ មហាម៉ាត់ បែរជាមិនអាចឈ្នះសូម្បីមួយកៅអី។ លោក មហាធៀ ផ្ទាល់ ក៏ចាញ់ការបោះឆ្នោតក្នុងមណ្ឌល Langkawi ថែមទៀត៕
 

Tag:
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com