ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ កម្មវិធីអភិវឌ្ឍន៍ជំនាញ និង ក្រុមហ៊ុន អរ អិម អេ ខេមបូឌា ភីអិលស៊ី បានចុះកិច្ចព្រមព្រៀងភាពជាដៃគូភាពជាដៃគូត្រីភាគី ក្នុងការអនុវត្តគម្រោងសាកល្បង «ស្ដីពីហ្វឹកហ្វឺនកូនជាងតាមបែបប្រព័ន្ធឆ្លាស់»។ តាមរយៈគម្រោងនេះ នឹងជួយយុវជនងាយរងគ្រោះ និងកំពុងស្វែងរកការងារ ឱ្យមានឱកាសកាន់តែប្រសើរ ក្នុងការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ប្រកបដោយដោយបរិយាបន្ន និងភាពច្នៃប្រឌិត។
គោលបំណងចម្បងនៃ កិច្ចព្រមព្រៀងនេះ គឺដើម្បីចូលរួមចំណែកកាត់បន្ថយគម្លាតរវវាងតម្រូវការទីផ្សារការងារ និងការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញ កសាងភាពជាដៃគូសាធារណៈ និងឯកជនដ៏រឹងមាំ។ ការហ្វឹកហ្វឺនកូនជាងតាមបែបប្រព័ន្ធឆ្លាស់នេះ រួមបញ្ជូលគ្នានូវការបណ្ដុះបណ្ដាលថ្នាក់រៀន និង ការសិក្សានៅកន្លែងការងារ ដើម្បីបង្ហាញ និងលើកកម្ពស់ការចូលរួមរបស់វិស័យឯកជនក្នុងការអភិវឌ្ឍជំនាញ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃត្រីភាគី សម្រាប់អនុវត្តគម្រោងសាកល្បង ស្ដពីការហ្វឹកហ្វឺនកូនជាងតាមប្រព័ន្ធឆ្លាស់។ រូបភាព ស៊ុល រ៉វី។
កម្មវិធីហ្វឹកហ្វឺនសាកល្បងនេះ នឹងផ្ដល់ការបណ្ដុះបណ្ដាលកូនជាង លើជំនាញសេវាយានយន្ត និង ការតបណ្ដាញអគ្គិសនីក្នុងអគារនៅក្រុមហ៊ុន។ តាមការរំពឹងទុកពីគម្រោងបណ្ដុះបណ្ដាលនេះ កូនជាងចំនួន៧៥នាក់ ក្នុងនោះស្រី២៥រូប នឹងទទួលបានការបណ្ដុះបណ្ដាល និងជំនាញបច្ចេកទេសស្នូលសំខាន់ៗ និង ត្រូវជ្រើសរើសឱ្យចូលបម្រើការងារនៅក្រុមហ៊ុន អរ អិម អេ ខេមបូឌា ភីអិលស៊ី។
នាពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូខាងលើនេះ លោក ម៉ប់ ស៊ីនួន នាយកវិទ្យាស្ថានពហុបច្ចេកទេសអង្គរ លើកឡើងថា កម្មវិធីហ្វឹកហ្វឺនកូនជាងតាមប្រព័ន្ធឆ្លាស់នេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់និស្សិត ក្នុងការអនុវត្តជាក់ស្ដែង បន្ទាប់ពីរៀនទ្រឹស្ដីក្នុងសាលា។ លោកបន្ថែមកម្មវិធីនេះ ក៏ជាឱកាសមួយ ដើម្បីឱ្យនិស្សិតត្រៀមខ្លួន ក្នុងអាជីពការងារ ពេលពួកគេបញ្ចប់ការបណ្ដុះបណ្ដាលផងដែរ។

លោក ម៉ប់ ស៊ីនួន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ។ រូបភាព ស៊ុល រ៉វី។
នាយកវិទ្យាស្ថានរូបនេះ សង្កត់ធ្ងន់ លើកម្មវិធីបណ្ដុះបណ្ដាលនេះដូច្នេះ៖ «នេះជាឱកាស ដែលយើងបានសហការជាមួយគាត់ (RMA Cambodia) គឺនិស្សិតអាចមានឱកាសចុះកម្មសិក្សាផង ហើយសិស្សអាចបានឱកាសក្លាយជាបុគ្គលិកក្រុមហ៊ុនផងដែរ។ ហើយមួយវិញទៀត វាជាម៉ូឌែលមួយល្អ សម្រាប់ដៃគូផ្សេងៗ យើងនឹងធ្វើទម្រង់បែបនេះ នៅពេលយើងបញ្ចប់អនុវត្តសកម្មភាពទាំងអស់នេះ»។
ជាមួយគ្នានេះ លោក ហ៊ីង ស៊ីដេត ជាអគ្គនាយកដ្ឋានបណ្ដុះបណ្ដាលបច្ចេកទេស និង វិជ្ជាជីវៈ នៃក្រសួងការងារ បានថ្លែងថា ទម្រង់ថ្មីនៃកម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនេះ យុវជនដែលកំពុងស្វែងរកការបណ្ដុះបណ្ដាលជំនាញ មានឱកាសសមស្របទទួលបានការបណ្ដុះបណ្ដាលបច្ចេកទេសជំនាញ ត្រូវនឹងទីផ្សារការងារ និងតម្រូវការរបស់វិស័យឯកជន។

លោក ហ៊ីង ស៊ីដេត អគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ រូបភាព ស៊ុល រ៉វី។
លោកបន្ថែមទៀតថា ការសាកល្បងកម្មវិធីបណ្ដុះបណ្ដាល ការហ្វឹកហ្វឺនកូនជាងតាមប្រព័ន្ធឆ្លាស់ នេះ នឹងរួមចំណែកដល់សេចក្ដីត្រូវការបុគ្គលិកជំនាញ របស់ក្រុមហ៊ុន RMA Cambodia លើជំនាញសេវាជួសជុល និង ថែទាំយានយន្ត និង ដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ ក៏ដូចជាការផ្ដល់ឱកាសទទួលបានការបណ្ដុះបណ្ដាល និងការងារ សម្រាប់អ្នកសិក្សា និង យុវជនដែលកំពុងស្វែងរកការងារ។
គួរជម្រាបផងដែរថា គម្រោងសាកល្បងស្ដីពីការហ្វឹកហ្វឺនកូនជាងតាមប្រព័ន្ធឆ្លាស់នេះ ជាគម្រោងនៃកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដែលជាគម្រោងរបស់ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងត្រូវបានអនុវត្តដោយស្វីសខាន់ថាក់កម្ពុជា។ កម្មវិធីនេះអនុវត្តសកម្មភាព ដោយមានកិច្ចសហការ យ៉ាងជិតស្និតជាមួយរដ្ឋបាលទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ទីភ្នាក់ងារជាតិមុខរបរ និងការងារ គ្រឹះស្ថានផ្ដល់សេវាបណ្ដុះបណ្ដាលទាំងរដ្ឋ និង ឯកជន ក៏ដូចជាក្រុមហ៊ុន និង សហគ្រាសធុនតូច ក្នុងវិស័យបដិសណ្ឋារកិច្ច និងវិស័យផ្សេងៗទៀត៕

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃត្រីភាគី សម្រាប់អនុវត្តគម្រោងសាកល្បង ស្ដពីការហ្វឹកហ្វឺនកូនជាងតាមប្រព័ន្ធឆ្លាស់។ រូបភាព ស៊ុល រ៉វី។