អន្តរជាតិ
នាយករដ្ឋមន្ត្រីអង់គ្លេសជួបប្រធានាធិបតីអ៊ុយក្រែន ហើយសន្យាផ្ដល់ជំនួយយោធា៦០លានដុល្លារ 
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី និងនាយករដ្ឋមន្រ្តីអង់គ្លេស Rishi Sunak ក្នុងទីក្រុងកៀវ។ រូបថត AP
×![]()
អំឡុងជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១៩ ខែវិច្ឆិកាក្នុងក្រុងកៀវ នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak ប្រកាសផ្ដល់កញ្ចប់ជំនួយការពារដែនអាកាសដែលមានតម្លៃ៦០លានដុល្លារ ហើយសន្យាបន្តគាំទ្រអ៊ុយក្រែនក្នុងការតទល់នឹងរុស្ស៊ី។
ថ្លែងក្នុងសន្និសីទកាសែតជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នាយករដ្ឋមន្ត្រីអង់គ្លេស Sunak ថ្លែងថា លោកនៅទីនោះដើម្បីបញ្ជាក់ថា ចក្រភពអង់គ្លេសនឹងបន្តឈរជាមួយអ៊ុយក្រែនរហូតដល់ប្រទេសមួយនេះអាចស្វែងរកសន្តិភាព និងសុវត្ថិភាពដែលចាំបាច់ និងសមទទួលបាន។
លោក Sunak បញ្ជាក់ថា កញ្ចប់ជំនួយការពារដែនអាកាសសម្រាប់អ៊ុយក្រែនដែលមានតម្លៃ៦០លានដុល្លាររួមបញ្ជូលកាំភ្លើងយន្តហោះចម្បាំង ប្រព័ន្ធរ៉ាដា និងឧបករណ៍ប្រឆាំងនឹងដ្រូន។ ជំនួយនេះផ្ដល់ឱ្យអ៊ុយក្រែនខណៈដែលរុស្ស៊ីបានវាយប្រហារប្រព័ន្ធផ្គត់ផ្គង់ថាមពលជិតពាក់កណ្ដាលប្រទេសរបស់អ៊ុយក្រែនដែលធ្វើឱ្យប្រជាជនរាប់លាននាក់គ្មានប្រព័ន្ធអគ្គិសនីប្រើប្រាស់ ស្របពេលសីតុណ្ហភាពរដូវរងារកំពុងចុះខ្លាំងដល់សូន្យអង្សារ។
«នៅប៉ុន្មានឆ្នាំទៅមុខទៀតយើងនឹងប្រាប់ចៅៗរបស់យើងអំពីរឿងរបស់អ្នកថា តើមនុស្សដែលមានមោទកភាព និងអធិបតេយ្យភាពបានក្រោកឈរឡើងចំពោះមុខការវាយលុកដ៏គួរឱ្យភ័យខ្លាចដោយរបៀបណា? របៀបដែលអ្នកបានប្រយុទ្ធ របៀបដែលអ្នកលះបង់ និងរបៀបដែលអ្នកបានយកឈ្នះ»។ មេដឹកនាំអង់គ្លេសបានសង្កត់ធ្ងន់បែបនេះ។
ក្នុងសន្និសីទកាសែតរួមគ្នា លោក ហ្សេលេស្គី ក៏ថ្លែងអំណរគុណចំពោះទស្សនកិច្ចប្រកបដោយអត្ថន័យ និងប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។ មេដឹកនាំអ៊ុយក្រែនរូបនេះលើកឡើងថា ភាគីទាំងពីរបានជជែកពីលទ្ធភាពនៃការការពារសន្តិសុខថាមពលអឺរ៉ុប និងអ៊ុយក្រែន ព្រមទាំងសមត្ថភាពក្នុងការការពារដែនអាកាសក៏ដូចជាកិច្ចសហប្រតិបត្តិការការពារជាតិជាទូទៅ។
នៅលើបណ្ដាញសង្គម Twitter ប្រធានាធិបតី ហ្សេលេនស្គី ក៏សរសេរបន្ថែមថា ការមានមិត្តដូចអង់គ្លេសនៅឈរជាមួយបែបនេះ អ៊ុយក្រែនមានភាពជឿជាក់អាចនឹងយកជ័យជម្នះ៕
© រក្សាសិទ្ធិដោយ thmeythmey.com