កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
រ៉ូវីណាម៖ ម្ចាស់មេដាយមាស ម៉េត សុភត្រា ប្ដេជ្ញាដណ្តើមយកមេដាយមាសនៅស៊ីហ្គេម២០២៣
20, Nov 2022 , 7:59 pm        
រូបភាព
ការសម្តែងគុនវុធ ដោយកីឡាករ ជិន ពិសិដ្ឋ លោតគៀបករ ម៉េត សុភត្រា លើវិញ្ញាសាបុរស២នាក់ការពារខ្លួន។
ការសម្តែងគុនវុធ ដោយកីឡាករ ជិន ពិសិដ្ឋ លោតគៀបករ ម៉េត សុភត្រា លើវិញ្ញាសាបុរស២នាក់ការពារខ្លួន។
ដោយ:
កីឡាករវ៉ូវីណាមជម្រើសជាតិកម្ពុជា ម៉េត សុភត្រា ដាក់ក្តីរំពឹងខ្ពស់ក្នុងការដណ្តើមមេដាយមាសជូនជាតិឱ្យបានពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សុភត្រា ដែលដណ្តើមបានមេដាយមាស១ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម បន្តប្រឹងប្រែងហ្វឹកហាត់កាន់តែខ្លាំងដើម្បីសម្រេចគោលដៅខ្លួន។

 
ជាមួយនឹងការដាក់ក្តីរំពឹងខ្ពស់នេះដែរកីឡាករ ម៉េត សុភត្រា បានបន្តប្រឹងប្រែងហ្វឹកហាត់ខ្លាំងដើម្បីជាការត្រៀមខ្លួនឱ្យបានមុតមាំសម្រាប់ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៅកម្ពុជានេះ។ ទោះបីឈ្នះមេដាយមាស កាលពីស៊ីហ្គេមលើកទី៣១ ក្តីតែកីឡាករម្ចាស់មេដាយមាសលើប្រភេទវិញ្ញាសាសម្តែងកាំបិតធំការពារខ្លួនបុរស២នាក់ នៅតែប្រកាន់គោលជំហរយកមេដាយមាសនៅស៊ីហ្គេម២០២៣ ម្តងទៀតឱ្យបាន ប្រាប់មកកាន់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១៧ ខែវិច្ឆិកា។
 
កីឡាករ ម៉េត សុភត្រា និយាយថា៖«ខ្ញុំសង្ឃឹមមេដាយមាស ព្រោះខ្ញុំនឹងដៃគូបានសម្លឹងមើលឃើញថាការហ្វឹកហាត់កម្រិតបច្ចេកទេស កម្លាំងកាយសម្បទា និងមានទំនុកចិត្តខ្ពស់ក្នុងការប្រកួត ហើយនៅកម្ពុជាយើងស៊ាំជាមួយអាកាសធាតុ ហើយផ្តោតអារម្មណ៍ខ្លាំងលើការប្រកួតពិសេសលោកគ្រូគាត់ដាក់វិធានការហ្វឹកហាត់បានហ្មត់ចត់»។ 
 
ទោះបីដាក់ក្តីរំពឹងខ្ពស់ក្នុងការប្រជែងមេដាយក៏ពិតមែនប៉ុន្តែកីឡាករជម្រើសជាតិកម្ពុជា លើប្រភេទកីឡាវ៉ូវីណាមរូបនេះ មិនហ៊ានមើលស្រាលគូប្រកួតដែលមកពីបណ្តាប្រទេសផ្សេងទៀតដែរ ដោយរូបគេកំពុងយកចិត្តទុកដាក់ខ្ពស់អំពីកម្រិតសមត្ថភាព និងតាក់ទិចនៃការប្រកួតនៅលើវិញ្ញាសាដែលត្រូវលេង។
 
សុភត្រា បន្តថា៖«ពេលនេះយើងកំពុងសម្លឹងមើលពីចំនុចខ្វះខាត និងបច្ចេកទេសមួយចំនួនដែលមិនទាន់មានភាពល្អគ្រប់គ្រាន់ ហើយគ្រូបង្វឹកលោកបានផ្តល់អនុសាសន៍ និងកែតម្រូវបានច្រើនសម្រាប់ឱ្យយើងបំពេញភាពខ្វះចន្លោះមុនស៊ីហ្គេម២០២៣»។
 
គួរបញ្ជាក់ថា កីឡករ ម៉េត សុភត្រា កំពុងហ្វឹកហាត់លើវិញ្ញាសា៧ មានដូចជា ស្នៀតគៀបករបុរស៤នាក់, ស្នៀតការពារខ្លួននារី១ បុរស៣នាក់ មានអាវុធ, មេគុនកាំបិតធំបុរស២នាក់, មេគុនកាំបិតខ្លីបុរស២នាក់, មេគុនការពារខ្លួន២នាក់គ្មានអាវុធ, ស្នៀតការពារខ្លួននារី៣នាក់ និងបុរស៣នាក់ និងស្នៀតការពារខ្លួននារី១ និងបុរស១នាក់៕
 
 

Tag:
 កីឡាវ៉ូវីណាម
 ម៉េត សុភត្រា
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com