ជាតិ
មីក្រូប្លាស្ទិក អាចចូលក្នុងខ្លួនមនុស្ស តាមរយៈអាហារ និងខ្យល់ដង្ហើម
× មីក្រូប្លាស្ទិក គឺជាកម្ទេចប្លាស្ទិកតូចល្អិតដែលមានទំហំតិចជាង៥មីលីម៉ែត្រ និងមាននៅគ្រប់ទីកន្លែងរួមទាំងក្នុងរាងកាយមនុស្ស។តាមការស្រាវជ្រាវរបស់អង្គការ The UN Development Programme (UNDP) មីក្រូប្លាស្ទិកអាចចូលក្នុងខ្លួនមនុស្ស តាមរយៈអាហារ ការផឹកទឹក និងខ្យល់ដង្ហើមផងដែរ។
មីក្រូប្លាស្ទិក ក៏មាននៅក្នុងលាមកមនុស្ស។ នៅឆ្នាំ២០១៨រហូតដល់ឆ្នាំ២០២២ គេបានរកឃើញមីក្រូប្លាស្ទិក ក្នុងសួត និងឈាមរបស់មនុស្ស។ UNDPបារម្ភពីកំណើនមីក្រូប្លាស្ទិក
ដែលនឹងជះផលអវិជ្ជមានដល់សុខភាពមនុស្ស។
មីក្រូប្លាស្ទិក បានកើតចេញពីសំណល់ប្លាស្ទិក។ ហើយផលិតកម្មប្លាស្ទិកកើនឡើងរាប់រយលានតោនជារៀងរាល់ឆ្នាំ។ តាមរបាយការណ៍របស់ UNDP ផលិតកម្មប្លាស្ទិកក្នុងសកលលោកមានលើសពី៨ពាន់លានតោន។ក្នុងចំណោមប្លាស្ទិកដ៏សន្ធឹកនោះ មាន៩ភាគរយប៉ុណ្ណោះដែលត្រូវបានកែច្នៃប្រើប្រាស់ឡើងវិញ។ ចំណែកឯ ២០ភាគរយ ត្រូវបានដុតចោល និង៧០ភាគរយទៀតត្រូវបានចាក់ចោលក្នុងទីលានចាក់សំរាម តាមចិញ្ចើមផ្លូវ ក្នុងទន្លេ សមុទ្រ ព្រៃជាដើម។
ប្លាស្ទិក នឹងបំបែកខ្លួនបន្តិចម្ដងៗ ទៅជាមីក្រូប្លាស្ទិកហើយបន្តវត្តមានរសាត់ក្នុងបរិយាកាស ខ្យល់ និងទឹក។ដូច្នេះវាអាចក្លាយជាចំណីសត្វក្នុងទឹក ខ្យល់ដង្ហើមមនុស្សហើយបន្តវត្តមានក្នុងសារពាង្គកាយមនុស្ស និងអាចបង្កបញ្ហាសុខភាពផ្សេងៗផងដែរ។
វិបត្តិប្លាស្ទិកនេះតម្រូវឱ្យមានការចូលរួមសកលក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដែលអាចប្រើប្រាស់បានតែមួយដង ហើយងាកមកប្រាស់ប្រើប្លាស្ទិក ដែលអាចកែច្នៃឡើងវិញបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com