អន្តរជាតិ
COP27៖ ប្រទេសជាង២០០ យល់ព្រមបង្កើតមូលនិធិជួយប្រទេសងាយរងដោយគ្រោះធម្មជាតិ 
×![]()
តំណាងមកពីជាង២០០ប្រទេសក្នុងសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុអង្គការសហប្រជាជាតិលើកទី២៧ (COP27) នៅអេហ្ស៊ីប បានព្រមព្រៀងគ្នាក្នុងការបង្កើតមូលនិធិមួយដែលជួយសងការការខូចខាតដោយសារគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុក្នុងប្រទេសងាយរងគ្រោះ។ នេះជាជំហានដ៏សំខាន់សម្រាប់ប្រទេសក្រីក្រដែលងាយរងគ្រោះដោយសារវិបត្តិអាកាសធាតុ។
បន្ទាប់ពីការចរចាដ៏តានតឹង សន្និសីទ COP27 ក៏អនុម័តកិច្ចព្រមព្រៀងរួមគ្នាមួយដែលកំណត់ពីការរៀបចំថវិកាជំនួយសម្រាប់ប្រទេសដែលរងការខូចខាតដោយសារគ្រោះធម្មជាតិដូចជាព្យុះ និងទឹកជំនន់ជាដើម។ នេះជាលើកទីមួយហើយដែលពិភពលោកមានកិច្ចព្រមព្រៀងលើការផ្ដល់សំណង់សម្រាប់ការខូចខាតដោយគ្រោះធម្មជាតិសម្រាប់ប្រទេសងាយរងគ្រោះដោយសារមហន្តរាយអាកាសធាតុ។
ក្រុមអ្នកចរចា និងអង្គការក្រៅរដ្ឋាភិបាលដែលសង្កេតមើលកិច្ចពិភាក្សាបាននិយាយថា មូលនិធិនេះ ជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់ប្រទេសកំពុងអភិវឌ្ឍ និងប្រទេសកោះតូចៗដែលរួមគ្នាបង្កើនសម្ពាធលើប្រទេសអ្នកមាន និងប្រទេសដែលបំភាយឧស្ម័នច្រើនជាងគេ។ មូលនិធិនេះនឹងផ្តោតលើការគាំទ្រការបាត់បង់ និងការខូចខាតធនធាន ប៉ុន្តែវាមិនរួមបញ្ចូលការទទួលខុសត្រូវ ឬការផ្តល់សំណងនោះឡើយ។ មន្រ្តីអាម៉េរិកប្រាប់ទូរទស្សន៍ CNN បែបនេះ។
«មូលនិធិការបាត់បង់និងការខូចខាតនេះនឹងក្លាយជាខ្សែជីវិតសម្រាប់គ្រួសារក្រីក្រដែលផ្ទះរបស់ពួកគេត្រូវបានបំផ្លាញ កសិករដែលស្រែរបស់ពួកគេត្រូវបានបំផ្លាញ និងប្រជាជនកោះដែលត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះដូនតារបស់ពួកគេ»។ នាយកប្រតិបត្តិវិទ្យាស្ថានធនធាន ពិភពលោក Ani Dasgupta លើកឡើងបែបនេះរួចបន្ថែមថា ទន្ទឹមនេះ ប្រទេសកំពុងអភិវឌ្ឍមិនទទួលបានការធានាច្បាស់លាស់អំពីរបៀបដែលមូលនិធិនេះដំណើរការដែរ។
យ៉ាងណាមិញ COP27 នៅប្រឈមនឹងបញ្ហាដែលជាប់គាំងមួយចំនួនដែលតម្រូវឱ្យតំណាងបន្តកិច្ចពិភាក្សាបន្ថែមទៀតរួមមានសំណើដើម្បីដាក់បញ្ចូលការបញ្ឈប់ប្រើឥន្ធនៈហ្វូស៊ីលទាំងអស់ជាជាងការហាមប្រើប្រាស់តែធ្យូងថ្ម។
© រក្សាសិទ្ធិដោយ thmeythmey.com