អន្តរជាតិ
COP27៖​ ប្រទេសជាង២០០ យល់ព្រមបង្កើតមូលនិធិជួយប្រទេសងាយរងដោយគ្រោះធម្មជាតិ
20, Nov 2022 , 5:29 pm        
រូបភាព
តំណាងមកពីជាង២០០ប្រទេសក្នុងសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុអង្គការ​សហប្រជាជាតិ​លើកទី២៧ (COP27) នៅអេហ្ស៊ីប បានព្រមព្រៀងគ្នាក្នុងការបង្កើតមូលនិធិមួយដែលជួយសងការការខូចខាតដោយសារគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុក្នុងប្រទេសងាយ​រង​គ្រោះ។ នេះជាជំហានដ៏សំខាន់សម្រាប់ប្រទេសក្រីក្រដែលងាយរងគ្រោះដោយសារវិបត្តិអាកាសធាតុ។

 
បន្ទាប់ពីការចរចាដ៏តានតឹង សន្និសីទ COP27 ក៏អនុម័តកិច្ចព្រមព្រៀងរួមគ្នាមួយដែលកំណត់ពី​ការ​រៀបចំថវិកាជំនួយសម្រាប់ប្រទេសដែលរងការខូចខាតដោយសារគ្រោះធម្មជាតិដូចជាព្យុះ និង​ទឹក​ជំនន់ជាដើម។ នេះជាលើកទីមួយហើយដែលពិភពលោកមានកិច្ចព្រមព្រៀងលើការផ្ដល់សំណង់​សម្រាប់ការ​ខូច​ខាតដោយគ្រោះធម្មជាតិសម្រាប់ប្រទេសងាយរងគ្រោះដោយសារមហន្តរាយ​អាកាសធាតុ។
 
ក្រុមអ្នកចរចា និងអង្គការក្រៅរដ្ឋាភិបាលដែលសង្កេតមើលកិច្ចពិភាក្សាបាននិយាយថា មូលនិធិនេះ ជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់ប្រទេសកំពុងអភិវឌ្ឍ និងប្រទេសកោះតូចៗដែលរួមគ្នា​បង្កើន​សម្ពាធលើប្រទេសអ្នកមាន និងប្រទេសដែលបំភាយឧស្ម័នច្រើនជាងគេ។ មូលនិធិនេះនឹង​ផ្តោត​លើ​ការ​គាំទ្រការបាត់បង់ និងការខូចខាតធនធាន ប៉ុន្តែវាមិនរួមបញ្ចូលការទទួលខុសត្រូវ ឬការ​ផ្តល់​សំណង​នោះឡើយ។ មន្រ្តីអាម៉េរិកប្រាប់ទូរទស្សន៍ CNN បែបនេះ។
 
«មូលនិធិការបាត់បង់និងការខូចខាតនេះនឹងក្លាយជាខ្សែជីវិតសម្រាប់គ្រួសារក្រីក្រដែលផ្ទះរបស់​ពួកគេ​ត្រូវបានបំផ្លាញ កសិករដែលស្រែរបស់ពួកគេត្រូវបានបំផ្លាញ និងប្រជាជនកោះដែលត្រូវ​បាន​បង្ខំ​ឱ្យ​ចាកចេញពីផ្ទះដូនតារបស់ពួកគេ»។ នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ធនធាន ពិភពលោក Ani Dasgupta លើកឡើងបែបនេះរួចបន្ថែមថា ទន្ទឹមនេះ ប្រទេសកំពុងអភិវឌ្ឍមិនទទួលបានការធា​នា​ច្បាស់​លាស់​អំពីរបៀបដែលមូលនិធិនេះដំណើរការដែរ។
 
យ៉ាងណាមិញ COP27 នៅប្រឈមនឹងបញ្ហាដែលជាប់គាំងមួយចំនួនដែលតម្រូវឱ្យតំណាង​បន្ត​កិច្ច​ពិភាក្សាបន្ថែមទៀតរួមមានសំណើ​ដើម្បី​ដាក់​បញ្ចូល​ការ​បញ្ឈប់​ប្រើឥន្ធនៈហ្វូស៊ីល​ទាំងអស់ជាជាង​ការ​ហាមប្រើប្រាស់តែធ្យូងថ្ម។
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com