អន្តរជាតិ
ក្រុងប៉េកាំងបើកចំហសម្រាប់ជំនួបរដ្ឋមន្ត្រីការពារជាតិចិន-អាម៉េរិកនៅកម្ពុជា 
រដ្ឋមន្រ្តីការពារជាតិ Wei Fenghe ។ រូបថត Xinhua
×![]()
ក្រសួងការពារជាតិចិនលើកឡើងនៅថ្ងៃទី២០ ខែវិច្ឆិកាថា ខ្លួនបើកចំហចំពោះជំនួបរវាងរដ្ឋមន្រ្តីការពារជាតិចិន-អាម៉េរិកនៅកិច្ចប្រជុំក្រៅវេទិកាសន្តិសុខថ្នាក់តំបន់នៅកម្ពុជាក្នុងសប្ដាហ៍ក្រោយ។ នេះជាសញ្ញាវិជ្ជមានមួយសម្រាប់ទំនាក់ទំនងប្រទេសមហាអំណាចទាំងពីរ ក្រោយមេដឹកនាំកំពូលបានជួបគ្នាផ្ទាល់នៅឥណ្ឌូណេស៊ី។
ប្រមុខការពារជាតិចិន Wei Fenghe និងប្រមុខការពារជាតិអាម៉េរិក Lloyd Austin នឹងចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក នៅសៀមរាបនៅសប្ដាហ៍ក្រោយ។ វត្តមានរដ្ឋមន្រ្តីការពារជាតិមហាអំណាចទាំង២ ក្នុងពេលតែមួយនេះ អាចជាឱកាសសម្រាប់ជំនួបទ្វេភាគី។
ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងការពារជាតិចិន ក៏បញ្ជាក់ដែថា ប៉េកាំងបើកទ្វារចំហសម្រាប់ជំនួបនេះ។ ក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃទី២០ ខែវិច្ឆិកា លោក Tan Kefei អះអាងថា ចិនមានអាកប្បកិរិយាសកម្ម និងបើកចំហសម្រាប់ការផ្លាស់ប្តូរជាមួយអាម៉េរិក។ បើតាមអ្នកនាំពាក្យរូបនេះថា ភាគីទាំងពីរកំពុងសម្របសម្រួលទាក់ទងនឹងការ ផ្លាស់ប្តូរណាមួយនៅវេទិកាខាងលើដែលនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកានៅកម្ពុជា។
បើកើតមានមែន កិច្ចប្រជុំមួយនេះនឹងតំណាងឱ្យការផ្លាស់ប្តូរយោធាកម្រិតខ្ពស់ជាលើកដំបូងរវាងប្រទេសទាំងពីរចាប់តាំងពីចិនបានបញ្ឈប់ការសន្ទនាជាទៀងទាត់នៅក្នុងខែសីហាក្នុងការឆ្លើយតបចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី ទៅកាន់កោះតៃវ៉ាន់។
នៅឥណ្ឌូណេស៊ីកាលពីសប្តាហ៍មុននៅខាងក្រៅកិច្ចប្រជុំកំពូលក្រុមប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង ២០ ប្រធានាធិបតីចិន ស៊ី ជិនភីង និងប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន បានជួបប្រជុំទល់មុខគ្នាជាលើកដំបូង។ ទំនាក់ទំនងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោកកាន់តែយ៉ាប់យ៉ឺនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំពេលមានបញ្ហាដូចជាពាណិជ្ជកម្ម សិទ្ធិមនុស្ស និងតៃវ៉ាន់ថែមទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com