FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Benzema ខកខានជួយបារាំងប្រកួត World Cup ព្រោះរងរបួសភ្លៅ
20, Nov 2022 , 7:15 pm        
រូបភាព
ក្រុមម្ចាស់ការពារតំណែងជើងឯកបារាំង កំពុងជួបបញ្ហាធំបន្ថែមទៀត ក្រោយខ្សែប្រយុទ្ធតំបន់ជួរមុខដ៏សំខាន់ Karim Benzema រងរបួសភ្លៅអំឡុងពេលហ្វឹកហាត់ត្រៀមការប្រកួតនាពេលខាងមុខមកដល់។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ FIFA ថ្ងៃទី២០ ខែវិចិ្ឆកា។

 
របួសភ្លៅនេះ នឹងធ្វើឱ្យខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំ ខកខានការប្រកួតព្រឹតិ្តការណ៍ World Cup 2022 ពេញតែម្តង។ Benzema នឹងត្រូវបារាំងដកឈ្មោះចេញដោយជំនួសដោយកីឡាករថ្មីមួយរូបបន្ថែមទៀត សម្រាប់ការប្រកួត។
ព័ត៌មានពីការរបួសរបស់ Benzema បានក្លាយជារឿងដ៏ធំសម្រាប់បារាំង ក្រោយខ្លួនបានធ្វើដំណើរមកកាន់ប្រទេសកាតាជាមួយការអវត្តមានកីឡាករសំខាន់ៗជាច្រើនរូបដែលធ្លាប់បានជួយក្រុមមាន់គកមួយនេះឈ្នះពាន World Cup នៅឆ្នាំ ២០១៨ នាប្រទេសរុស្ស៊ី។ 
 
ខ្សែបម្រើ Paul Pogba, N’Golo Kante ខ្សែការពារ Presnel Kimpembe ខ្សែប្រយុទ្ធ Crishtopher Nkunku ដែលសុទ្ធសឹងតែបារាំងបានផ្លាស់ប្តូរឈ្មោះមុនការប្រកួតដោយសារតែបញ្ហារបួសធ្ងន់ធ្ងរ។ ក្រោយទទួលដំណឹងអំពីបញ្ហារបួសរបស់ខ្សែប្រយុទ្ធក្រុម Real Madrid ក្រុមជម្រើសជាតិបារាំងទាំងមូលបានផ្ញើសារជូនពររូបគេ។
 
«ក្នុងជីវិតនេះ ខ្ញុំមិនដែលចុះចាញ់ឡើយ តែយប់នេះខ្ញុំបានគិតដល់ក្រុម ព្រមទាំងអ្វីដែលខ្ញុំមិនបានជួយពួកគេ។ ហើយហេតុផលបានប្រាប់ខ្ញុំថា ខ្ញុំគួរតែចាកចេញដើម្បីរកអ្នកណាម្នាក់ដែលសក្ក័សមជួយក្រុមបន្តសម្រាប់ World Cup។ ខ្ញុំអរគុណអ្នកគ្រប់គ្នាដែលបានគាំទ្រ»។ Benzema ផ្ទាល់បានបង្ហោះសារលើបណ្តាញ Instagram ដូច្នេះ។
លើសពីនេះលោក Didier Deschamps បានបង្ហាញអារម្មណ៍ខកចិត្ត ដោយទទួលបានដំណឹងពីបញ្ហារបួសនេះ ខណៈដែលក្រុមបានបាត់បង់កីឡាករសំខាន់ៗដូច Pogba និង Kante ហើយពេលនេះខ្សែប្រយុទ្ធដ៏សំខាន់ម្នាក់ទៀត។ 
 
«ខ្ញុំពិតជាសោកស្តាយសម្រាប់ Karim ដែលខកខានបង្ហាញខ្លួននៅ World Cup ដែលជាក្តីស្រមៃរបស់គេ យើងនឹងធ្វើគ្រប់យ៉ាងដើម្បីដើម្បីការប្រកួតប្រជែងលើកនេះ បើទោះត្រូវជួបបញ្ហាលំបាកនៅពីមុខយើងក្តី។»។ គ្រូបង្វឹកបារាំងលើកឡើងដូច្នេះ។
 
World Cup 2022 បារាំងនឹងចាប់ផ្តើមនៅថ្ងៃទី២២ ខែវិច្ឆិកា ដោយជួបអូស្ត្រាលី នៅកីឡដ្ឋាន Al Janoub នាទីក្រុង d’Al Wakrah ហើយជួបដាណឺម៉ាកនៅថ្ងៃទី២៦ នាកីឡដ្ឋាន 974 ក្នុងទីក្រុងដូហា និងជួបទុយនីស៊ីនៅថ្ងៃទី៣០ នាកីឡដ្ឋាន Education City ទីក្រុងដូហា៕
 
 
 

Tag:
 World Cup
 Qatar 2022
© រក្សាសិទ្ធិដោយ thmeythmey.com