កីឡាជាតិ
ជាតិ
CPL៖ ព្រះខ័នរាជស្វាយរៀងធ្លាក់ទៅលេខ៣ ខណៈវិសាខាកើនឱកាសលើកពាន២ក្នុងមួយរដូវកាល
21, Nov 2022 , 10:14 am        
រូបភាព
អាជ្ញាកណ្តាលលោក ហោ ប៊ុនថង ផ្តល់កាតក្រហមទៅអ្នកចាំទីបឹងកេត ហ៊ុល គឹមហ៊ុយ ក្រោយបង្ករកំហុសទៅលើខ្សែប្រយុទ្ធវិសាខា Paulo Victor។ រូបពី CPL
អាជ្ញាកណ្តាលលោក ហោ ប៊ុនថង ផ្តល់កាតក្រហមទៅអ្នកចាំទីបឹងកេត ហ៊ុល គឹមហ៊ុយ ក្រោយបង្ករកំហុសទៅលើខ្សែប្រយុទ្ធវិសាខា Paulo Victor។ រូបពី CPL
ដោយ:
ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ធ្លាក់មកឈរលេខ៣ ក្រោយចាញ់ម្ចាស់ផ្ទះភ្នំពេញក្រោន ១-០ ខណៈបឹងកេត អស់ឱកាសបន្ទាប់ពីចាញ់ម្ចាស់ផ្ទះវិសាខា ៥-៣ ក្នុងជំនួបវគ្គ៤ក្រុមចុងក្រោយនៃពានរង្វាន់បាល់ទាត់ខេមបូឌានព្រីមៀរលីគសប្តាហ៍ទី២៥ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។ វិសាខា ដែលនាំមុខកំពូលតារាង៣ពិន្ទុ មានឱកាស់ខ្ពស់ដើម្បីគ្រងជើងឯកលីគកំពូល បន្ទាប់ពីឈ្នះពានសម្តេចហ៊ុន សែនសម្រាប់រដូវកាល ២០២២។

 
ការប្រកួតប្រជែងដ៏ស្វិតស្វាញរវាងក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន និងភ្ញៀវព្រះខ័នរាជស្វាយរៀង នាកីឡដ្ឋានស្មាត.អ.អេស.អិន បានបញ្ចប់ទៅដោយស្ថានភាពតឹងតែងសម្រាប់ក្រុមទាំងពីរ។ តែយ៉ាងណាខ្សែប្រយុទ្ធក្រុមម្ចាស់ផ្ទះកីឡាករ Fareed Sadat ជាអ្នកបញ្ចប់ទី១គ្រាប់នៅនាទី៧២ នាំជ័យជម្នះលើក្រុមភ្ញៀវដោយលទ្ធផល ១-០។
ជ័យជម្នះនេះ បានជួយភ្នំពេញក្រោន ឡើងទៅលេខ២ មាន៤៦ពិន្ទុ ស្មើព្រះខ័នរាជស្វាយរៀងដែលធ្លាក់ទៅលេខ៣។
 
ចំណែកក្រុមកំពុងឡើងជើងវិសាខា លត់ភ្ញៀវបឹងកេត ៥-៣ នាកីឡដ្ឋានព្រីនស៍។ ក្នុងវគ្គទី១ វិសាខា បើកការនាំមុខមុន១គ្រាប់ ដោយខ្សែការពារ អ៊ុក សុវណ្ណ ជាអ្នកទាត់បាល់ពិន័យ១១ម៉ែត្រនៅនាទី១៧ បន្ទាប់ពីអ្នកចាំទីបឹងកេត ហ៊ុល គឹមហ៊ុយ (ទទួលពិន័យកាតក្រហម) រំខានទៅលើខ្សែប្រយុទ្ធ​ Paulo Victor ក្នុងតំបន់គ្រោះថ្នាក់។ នៅនាទី២២ អ្នកចាំទីវិសាខា ទទួលរងពិន័យកាតក្រហមផងដែរបន្ទាប់ពីរូបគេបង្ករកំហុសក្រៅតំបន់គ្រោះថ្នាក់ទៅលើខ្សែប្រយុទ្ធបឹងកេត ម៉ាត់ នូរុណ។
 
ឈានចូលដល់នាទី២៧ ភ្ញៀវបឹងកេត តាមបានគ្រាប់បាល់ស្មើ ១-១ ធ្វើបានដោយខ្សែប្រយុទ្ធ សៀង ចន្ធា និងនៅនាទី៤៥+៣ ខ្សែប្រយុទ្ធ Ajayi Opeyemi ទម្លាយសំណាញ់ទីគ្រាប់ទី២ឱ្យបឹងកេត នាំមុខវិសាខា ២-១។ ចូលដល់វគ្គទី២ នៅនាទី៥៤ ខ្សែប្រយុទ្ធបឹងកេត Ajayi Opeyemi ដដែលជាអ្នកស៊ុតគ្រាប់បាល់ទី៣ឱ្យក្រុមខ្លួននាំមុខវិសាខា បណ្តោះអាសន្ន ៣-១។ អ្វីៗបានប្រែប្រួលបន្ទាប់ពីក្រុមម្ចាស់ផ្ទះបើកការវាយបកមកវិញបាន៤គ្រាប់។ ខ្សែប្រយុទ្ធ Paulo Victor រកបាន២គ្រាប់ពោលនៅនាទី៥៨ និងនាទី៨៧ ខ្សែប្រយុទ្ធ កែវ សុខផេង នៅនាទី៦៤ និងខ្សែបម្រើស Lee Jeagun នៅនាទី៨៣។
 
វិសាខាកាន់តែមានប្រៀបក្នុងការប្រជែងតំណែងជើងឯកលីគកំពូលកម្ពុជារដូវកាលនេះ ដោយមានគម្លាត៣ពិន្ទុ ពីក្រុមលេខ២ និងលេខ៣ ខណៈការប្រកួតនៅសល់២លើកទៀតប៉ុណ្ណោះ។ វិសាខារក្សាដំណែងលេខ១ មាន៤៩ពិន្ទុ តាមពីក្រោយដោយភ្នំពេញក្រោន ដែលឡើងមកឈរលេខ២ មាន៤៦ពិន្ទុ ស្មើលេខ៣ព្រះខ័នរាជស្វាយរៀង និងបឹងកេតអស់ឱកាសទៅហើយ ឈរលេខ៤ មាន៣៩ពិន្ទុ។
ជំនួបបន្ទាប់ ព្រះខ័នរាជស្វាយរៀង ស្វាគមន៍បឹងកេត ឯវិសាខា ទទួលភ្ញៀវភ្នំពេញក្រោន នៅថ្ងៃទី២៦ ខែវិច្ឆិកា៕
 

Tag:
 កីឡាបាល់ទាត់
 ខេមបូឌានព្រីមៀរលីគ
© រក្សាសិទ្ធិដោយ thmeythmey.com