FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Lewandowski ប្រាថ្នារកគ្រាប់បាល់ដំបូងក្នុងអាជីពនៅព្រឹត្តិការណ៍ World Cup
21, Nov 2022 , 11:01 am        
រូបភាព
Robert Lewandowski ខ្សែប្រយុទ្ធក្រុមបាល់ទាត់ជម្រើសជាតិប៉ូឡូញនិយាយថា ខ្លួនមានក្តីស្រមៃរកគ្រាប់បាល់ដំបូងបំផុតក្នុងអាជីពនៅ ​FIFA World Cup 2022 ដែលធ្វើនៅប្រទេសកាតា​ ខណៈជាការបង្ហាញខ្លួនលើកទីពីរនៃព្រឹត្តិការណ៍នេះ។



Lewandowski ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំ បច្ចុប្បរកបាន១៨គ្រាប់រាល់គ្រប់ការប្រកួតនារដូវកាល ២០២២-២៣ ហើយជាកីឡាករទីបីបន្ទាប់ពី Erling Haaland ដែលរកបាន២៣គ្រាប់ និង Kylian Mbappe ដែលរកបាន ១៩គ្រាប់ ប្រចាំលីគកំពូលទាំង ៥ តំបន់អឺរ៉ុប។ 
 
ខ្សែប្រយុទ្ធក្រុម Barcelona រូបនេះជាកីឡាករតែម្នាក់ប្រចាំជម្រើសជាតិប៉ូឡូញដែលរកគ្រាប់បាល់ច្រើនជាងគេនៅក្រុមជម្រើសជាតិ ដោយរកបាន ៧៦គ្រាប់ ពីការបង្ហាញខ្លួន ១៣៤ប្រកួត។ យ៉ាងណា Lewandowski នៅមិនទាន់មានទាន់មានប្រវត្តិរកគ្រាប់បាល់សូម្បីតែមួយគ្រាប់នៅ World Cup។
 
ប៉ូឡូញបរាជ័យជាប់មកលេងនៅព្រឹត្តិការណ៍ World Cup ជុំផ្តាច់ព្រ័ត្រនេះនៅពីឆ្នាំ ២០១០ និងឆ្នាំ ២០១៤ ហើយអំឡុងការប្រកួតនៅប្រទេសរុស្ស៊ី ប៉ូឡូញធ្លាក់ត្រឹមវគ្គចែកពូលដោយក្រុមរកបានត្រឹម ២គ្រាប់ប៉ុណ្ណោះ ហើយក៏ជាការខកចិត្តសម្រាប់ Lewandowski ផងដែរ។
 
នាកិច្ចសម្ភាសន៍ជាមួយវិទ្យុ BBC radio 5 អតីតខ្សែប្រយុទ្ធក្រុម Bayern Munich បាននិយាយថារូបគេមានក្តីស្រមៃដ៏ធំមួយនាការប្រកួតពានរង្វាន់ World Cup 2022 នេះ។
«ខ្ញុំបានគិតអំពី World Cup ពិតណាស់ គឺការរកគ្រាប់បាល់ក្នុងព្រឹត្តិការណ៍ World Cup ដែលវាជាក្តីស្រមៃដ៏ធំមួយសម្រាប់ខ្ញុំ ហើយខ្ញុំនឹងធ្វើគ្រប់យ៉ាងដើម្បីក្តីស្រមៃមួយនេះ។»។ Lewandowski  បាននិយាយបែបនេះ។
 
នាការប្រកួតជម្រុះពានរង្វាន់ World Cup តាមតំបន់ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំ បានរកគ្រាប់បាល់បានចំនួន ៩គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុត ៤គ្រាប់ ច្រើនជាងមិត្តរួមក្រុមរបស់គេទាំងអស់ ហើយជួយប៉ូឡូញឈ្នះកៅអី World Cup កាតាលើកនេះ។
 
ប៉ូឡូញស្ថិតនៅពូល C ជាមួយក្រុមដូចជាអារ៉ាប៊ីសាអូឌីត អាហ្សង់ទីន និងម៉ិកស៊ិក ហើយជួបក្រុមខ្លាំងដូចអាហ្សង់ទីនខ្សែប្រយុទ្ធវ័យចំណាស់រូបនេះថាខ្លួនរីករាយដែលបានលេងទល់ក្រុមដែលមានសមត្ថភាពខ្លាំងដូច Lionel Messi ហើយថានេះជាឱកាសល្អសម្រាប់គេផងដែរក្នុងការប្រកួតប្រជែង៕
 

Tag:
 World Cup
  Qatar 2022
© រក្សាសិទ្ធិដោយ thmeythmey.com