អន្តរជាតិ
ប្រមុខការទូតកូរ៉េខាងជើងរិះគន់ប្រមុខ UN ជាអាយ៉ងរបស់អាម៉េរិក
21, Nov 2022 , 11:59 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង Choe Son-hui ។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង Choe Son-hui ។ រូបថត AFP
ដោយ:
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son-hui នៅថ្ងៃទី២១ ខែវិច្ឆិកាបង្ហាញការសោកស្តាយយ៉ាងខ្លាំងដែលប្រមុខអង្គការសហប្រជាជាតិថ្កោលទោសខ្លួនជុំវិញការតេស្តមីស៊ីលអន្តរទ្វីបនាពេលថ្មីៗនេះ។ បើតាមលោកស្រី Choe ទង្វើដែល UN ចូលដៃជាមួយអាម៉េរិក និងសម្ព័ន្ធមិត្តដាក់សម្ពាធលើកូរ៉េខាងជើងបញ្ជាក់ថា ប្រមុខ UN ជាអាយ៉ងរបស់អាម៉េរិក។

 
ក្រោយកូរ៉េខាងជើងនៅថ្ងៃទី១៨ ខែវិច្ឆិកា បាញ់មីស៊ីលអន្តរទ្វីបមួយគ្រាប់ទៀតដែលជាលើកទីពីរក្នុងខែនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) អង់តូនីញូ ហ្គូតេរ៉េស ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ហើយជំរុញឱ្យក្រុងព្យុងយ៉ាងបញ្ឈប់សកម្មភាពបង្ករឿងទៀត។ 
 
យ៉ាងណាមិញ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son-hui ចេញមុខការពារជំហររបស់ក្រុងព្យុងយ៉ាងដោយអះអាងថា ការបាញ់មីស៊ីលបាលីស្ទិក Hwasong-17 នេះជាលំហាត់ដ៏ត្រឹមត្រូវ និងស្របច្បាប់នៃសិទ្ធិការពារខ្លួនប្រឆាំងនឹងការគំរាមផ្នែកយោធាពីអាម៉េរិក។ ទោះជាយ៉ាងនេះក្តី ប្រមុខ UN បែរជាយកករណីនេះទៅបន្ទោសកូរ៉េខាងជើងជាជាងអាម៉េរិកទៅវិញ។
 
«សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនមិនអាចប៉ុន្តែត្រូវចាត់វិធានការចាំបាច់ដើម្បីការពារខ្លួនក្រោមបរិយាកាសសន្តិសុខដ៏គួរឱ្យព្រួយបារម្ភនៅឧបទ្វីបកូរ៉េ និងក្នុងតំបន់ដែលបង្កដោយកិច្ចសហប្រតិបត្តិការយោធាដ៏គ្រោះថ្នាក់របស់អាម៉េរិក និងកងកម្លាំងចំណុះប្រឆាំងនឹងកូរ៉េខាងជើង»។ នេះបើតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) ស្រង់សម្តីរបស់លោកស្រី Choe នៅថ្ងៃទី២១ ខែវិច្ឆិកា។
 
ប្រមុខការទូតកូរ៉េខាងជើងរូបនេះបញ្ជាក់ថាពិតជាសោកស្តាយខ្លាំងណាស់ដែលអគ្គលេខាធិការ UN ប្រកាន់ជំហរបែបនេះ ហើយភ្លេចពីបេសកកម្ម និងគោលការណ៍នៃធម្មនុញ្ញ UN ក្នុងការរក្សាភាពមិនលម្អៀង ស្របតាមការពិត និងសមធម៌លើគ្រប់បញ្ហាទាំងអស់។ ទង្វើបែបនេះបង្ហាញថា លោក ហ្គូតេរ៉េស ជាអាយ៉ាងរបស់អាម៉េរិក។ លោកស្រី Choe ព្រមទាំងប្រាប់ប្រមុខ UN ឱ្យពិចារណាលើបញ្ហាលើឧបទ្វីបកូរ៉េដោយផ្អែកលើភាពមិនលម្អៀង និងស្របតាមការពិត។ 
 
ជុំវិញរឿងនេះ ក្រុមប្រឹក្សាសន្តិសុខ UN នឹងបើកកិច្ចប្រជុំជាបន្ទាន់នៅថ្ងៃទី២១ ខែវិច្ឆិកានាទីក្រុងញូវយ៉កដើម្បីឆ្លើយតបទៅនឹងការបាញ់មីស៊ីលអន្តរទ្វីបរបស់កូរ៉េខាងជើងចុងក្រោយនេះ។ កូរ៉េខាងត្បូងក៏នឹងចូលរួមក្នុងកិច្ចប្រជុំនេះដែរ។ 
 
បើតាម KCNA មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន កាលពីថ្ងៃទី១៨ ខែវិច្ឆិកាបានត្រួតពិនិត្យមើលការបាញ់មីស៊ីលអន្តរទ្វី​ប Hwasong-17 ។ មីស៊ីលប្រភេទនេះត្រូវបានអ្នកជំនាញហៅថាជាមីស៊ីលបិសាច ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបានច្រើន ជាមួយសមត្ថភាពហោះបានចម្ងាយប្រហែល ១៥ ​ពាន់គីឡូម៉ែត្រល្មមទៅដល់ទឹកដីអាម៉េរិក៕
 
 
 
 
 
 

Tag:
 UN
  កូរ៉េខាងជើង
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com