អន្តរជាតិ
UN ព្រមានអ្នកវាយប្រហាររោងចក្រថាមពលដើរដោយនុយក្លេអ៊ែរអ៊ុយក្រែនថា កំពុងលេងជាមួយភ្លើង
21, Nov 2022 , 2:33 pm        
រូបភាព
រោងចក្រថាមពលដើរដោយនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី បានរងការវាយប្រហារដោយការបំផ្ទុះជាថ្មីនៅយប់ថ្ងៃទី១៩ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា។ អ៊ុយក្រែន និងរុស្ស៊ីបានចោទគ្នាទៅវិញទៅមក។ ក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (UN) ក៏ព្រមានអ្នកនៅពីក្រោយការវាយប្រហារថា កំពុងលេងជាមួយភ្លើងទៀតផង។



ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នៅថ្ងៃទី២០ ខែវិច្ឆិកាបានលើកឡើងថា រោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតនៅអឺរ៉ុប Zaporizhzhia បានរងការបំផ្ទុះ១២ដងក្នុងរយៈពេលមួយយប់ថ្ងៃទី១៩ ខែវិច្ឆិកា។ ការវាយប្រហារនេះជាមហន្តរាយដ៏ធំមួយ។
 
«ការផ្ទុះដែលបានកើតឡើងនៅទីតាំងរោងចក្រថាមពលដើរដោយនុយក្លេអ៊ែរដ៏ធំនេះ មិនអាចទទួលយកបានទេ។ អ្នកនៅពីក្រោយរឿងនេះ ត្រូវតែបញ្ឈប់ជាបន្ទាន់។ ដូចដែលខ្ញុំបាននិយាយជាច្រើនដងរួចមកហើយ អ្នកកំពុងលេងជាមួយភ្លើងហើយ!»។ ប្រធាន IAEA លោក Rafael Grossi លើកឡើងបែបនេះក្នុងសេចក្ដីថ្លែងការណ៍មួយ មុនបន្តថា ព័ត៌មាន​នៃ​ការ​បំផ្ទុះ​នេះបង្កការ​រំខាន​ខ្លាំង​ណាស់។
 
លោក Grossi អះអាងថាលោកច្បាស់ក្នុងចិត្ត ការវាយប្រហារលើរោងចក្រ Zaporizhzhia មិនមែនជាឧបទ្ទវហេតុនោះទេ វា​ពិត​ជា​ចេតនា​ដោយបានកំណត់គោល​ដៅច្បាស់លាស់​។ IAEA នឹងបញ្ជូនក្រុមអ្នកជំនាញទៅពិនិត្យនៅកន្លែងកើតហេតុ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។ 
 
ទីក្រុងមូស្គូ និងទីក្រុងកៀវ បានបន្ទោសគ្នាទៅវិញទៅមកជុំវិញការបាញ់នេះ។ បើតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា អ៊ុយក្រែនបានបាញ់កម្ទេចខ្សែបណ្តាញអគ្គិសនីដែលផ្គត់ផ្គង់រោងចក្រ និងវាយប្រហារកន្លែងស្តុកឧបករណ៍មួយចំនួនរួមទាំងកាកសំណល់នុយក្លេអ៊ែរស្ងួត។ ចំណែកអ៊ុយក្រែន ក៏ចោទរុស្ស៊ីវិញថាជាអ្នកជាបាញ់រោងចក្រ Zaporizhzhia ដោយកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដើម្បីរារាំងការផ្គត់ផ្គង់ថាមពលរបស់អ៊ុយក្រែន។
 
ការវាយប្រហារម្តងហើយម្តងទៀតលើរោងចក្រនៅភាគខាងត្បូងអ៊ុយក្រែន បានបង្កការព្រួយបារម្ភចំពោះការជះឥទ្ធិពលធ្ងន់ធ្ងរទៅលើសុខភាពមនុស្ស ខណៈវាស្ថិតនៅមិនឆ្ងាយប៉ុន្មានពីកន្លែងកើតឧប្បត្តិហេតុនុយក្លេអ៊ែរដ៏អាក្រក់បំផុតរបស់ពិភពលោកឆ្នាំ១៩៨៦ នៅ Chornobyl។
 
គួរ​បញ្ជាក់ថា រោងចក្រផលិតថាមពលដើរដោយនុយក្លេអ៊ែរ Zaporizhzhia បានផ្តល់ថាមពលអគ្គិសនីប្រហែលមួយភាគប្រាំសម្រាប់អ៊ុយក្រែន មុនពេលមានការឈ្លានពានរបស់រុស្ស៊ី។ រោងចក្រថាមពល Zaporizhzhia បានរងការវាយប្រហារជាច្រើនលើកច្រើនសារគិតតាំងពីខែមីនាពេលរុស្ស៊ីដណ្តើមពីអ៊ុយក្រែនយកមកកាន់កាប់៕ 
 

Tag:
 អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com