ជាតិ
សម្ដេច ហេង សំរិន៖ AIPA គួរតែជំរុញឆន្ទៈឲ្យកាន់តែមោះមុត ដើម្បីពង្រឹងប្រព័ន្ធពហុភាគីនីយមឡើងវិញ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។ រូបពី ហ្វេសប៊ុករដ្ឋសភា
× ភ្នំពេញ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា និងជាប្រធានមហាសន្និបាតអាយប៉ាលើកទី៤៣ (AIPA-43) បានលើកពីបញ្ហាប្រឈមទាំងក្នុងតំបន់អាស៊ាននិងសកល ដែលពិភពលោកកំពុងរងសម្ពាធ។ ដើម្បីឆ្លើយតបបញ្ហាទាំងនោះ សម្ដេច បានសង្កត់ធ្ងន់ថា AIPA គួរជំរុញឆន្ទៈបន្ថែម ដើម្បីកិច្ចសហការអន្តរវិស័យ។
សម្តេច ហេង សំរិន ថ្លែងបើកក្នុងមហាសន្និបាតអាយប៉ាលើកទី៤៣ នៅរាជធានីភ្នំពេញថា តំបន់អាស៊ាន និងពិភពលោកកំពុងជួបប្រទះបញ្ហាប្រឈម និងសម្ពាធពីគ្រប់ទិសទី។ ក្នុងនោះរួមមាន ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ, ការចុះទន់ខ្សោយនៃប្រព័ន្ធពហុភាគីនិយម និងការចាប់ផ្ដើមបែងចែកនិន្នាការសេដ្ឋកិច្ច, ភាពតានតឹងនៃបញ្ហាតៃវ៉ាន់, ភាពតានតឹងនៅឧបទ្វីបកូរ៉េ, ជម្លោះដែនសមុទ្រ និងវិបត្តិនយោបាយមីយ៉ាន់ម៉ា។ ទន្ទឹមគ្នានេះ ប្រធានរដ្ឋសភានៃកម្ពុជា ក៏បានលើកពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ដែលបង្កលំបាកមួយកម្រិតទៀតដល់ពិភពលោក លើបញ្ហាថាមពល និងសន្តិសុខស្បៀងអាហារ។
«ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ទាំងនេះ អាយប៉ាគួរតែជំរុញឆន្ទៈកាន់តែមោះមុត ក្នុងការពង្រឹងប្រព័ន្ធពហុភាគីនិយមឡើងវិញ ឱ្យកាន់តែមានភាពបើកចំហ បរិយាបន្ន និងផ្អែកលើច្បាប់ ខណៈពេលដែលយើងបន្តពង្រឹងភាពជាដៃគូ ពហុភាគី និងកិច្ចសហការអន្តរវិស័យ ដើម្បីធានាថា សហគមន៍អាស៊ានរបស់យើងប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់»។ ប្រធានមហាសន្និបាតអាយប៉ាលើកទី៤៣ (AIPA-43) បានលើកឡើងបែបនេះ នៅថ្ងៃទី២១ វិច្ឆិកា។
សម្តេច ហេង សំរិន បានបន្ថែមទៀតថា ការលើកកម្ពស់សន្តិភាព និងការយោគយល់គ្នា ក្នុងកម្រិតថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់សកល គឺជាការខិតខំ ដែលមិនចេះរីងស្ងួត ហើយវិស័យការទូតសភា គួរតែបន្តដើរតួនាទីកាន់តែសំខាន់នៅក្នុងបញ្ហានេះ។
ជាមួយគ្នាដែរ ប្រធានរដ្ឋសភាកម្ពុជា បានគូសបញ្ជាក់ថា អាស៊ានត្រូវរួមគ្នាធ្វើយ៉ាងណាឲ្យពិភពលោកដឹងពីជំហររបស់ខ្លួន ដោយបដិសេធរាល់គំនិត និងការអនុវត្តទាំងឡាយ ដែលបង្កឱ្យមានសង្គ្រាម។ លើសពីនេះ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ ដែលមានចែងនៅក្នុងធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ៕
© រក្សាសិទ្ធិដោយ thmeythmey.com