ជាតិ
ជាកម្មករជួលជុល​ថ្មប្រាសាទ យុវជន មន មុន មានកាតព្វ​កិច្ច​រក​ប្រាក់ផ្គត់ផ្គង់ការសិក្សា​ប្អូនស្រី​៤នាក់
22, Nov 2022 , 9:29 am        
រូបភាព
សៀមរាប៖ មន មុន អាយុ​២៣ឆ្នាំ ជាកម្មករជួសជុលថ្មម្នាក់នៅការដ្ឋានមុខព្រះលានជល់ដំរី នៃរមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ។ ភាពក្រីក្រ និង​វិបត្តិ​ក្នុងគ្រួសារ នាំឲ្យ​យុវជន​រូបនេះ បាន​បោះបង់​ចោល​ការ​សិក្សា​តាំងពីអាយុ​១៣​ឆ្នាំ ហើយ​បច្ចុប្បន្ន​គេ​គឺ​ជា​បង្អែក​ដ៏សំខាន់​ដែល​ត្រូវ​រក​ប្រាក់ផ្គត់​ផ្គង់​ការ​រៀន​សូត្រ​របស់​ប្អូនស្រីៗ​៤នាក់។

 
សំណង់បុរាណជាច្រើនក្នុងទឹកដីអង្គរ ខេត្តសៀមរាប កំពុងទទួលការមើលថែ និងជួសជុល យ៉ាងយកចិត្តទុកដាក់ពីក្រុមអ្នកជំនាញ។ ក្នុងនោះ ក៏ឃើញមានការដ្ឋានមួយនៅព្រះលានជល់ដំរីផងដែរ ដែលមានកម្មករជាច្រើនកំពុងធ្វើការយ៉ាងញាប់ដៃតាមភារកិច្ចរៀងខ្លួន។ កម្មករខ្លះលាងថ្ម ខ្លះជួសជុលថ្ម ហើយខ្លះកំពុងតថ្ម ដែលខូចខាត និងមានអាយុកាលយូរឆ្នាំមកហើយ។ 
 

លោក មន មុន កំពុងលាងថ្ម។ រូបភាព៖ ហុង ស្រីណា 
 
ម៉ោង១០កន្លះ ជាពេលកម្មករនាំគ្នាសម្រាកអាហារថ្ងៃត្រង់ ប៉ុន្តែកម្មករជួសជុលថ្មចំនួន៤នាក់មិនទាន់សម្រាកនៅឡើយ។ ក្នុងចំណោមកម្មករទាំងនេះ មានកម្មករម្នាក់សម្បុរសណ្តែកបាយ សក់ខ្មៅ ពាក់អាវពណ៌ឈាមជ្រូកដៃវែង កំពុងលាងសម្អាត និងតថ្ម យ៉ាងយកចិត្តទុកដាក់។ បើតាមអ្នកស្រី នឿង ភីរ៉ា អ្នកគ្រប់គ្រងការជួសជុលថ្ម ឱ្យដឹងថា យុវជនរូបនេះ ជាកម្មករជួសជុលថ្មវ័យ២៣ឆ្នាំ ដែលបានមកធ្វើការនៅការដ្ឋានព្រះលានជល់ដំរី ជាងមួយឆ្នាំហើយ។ 
 
ក្រោយទទួលបានការអនុញ្ញាតពីអ្នកគ្រប់គ្រងការដ្ឋាន យុវជន មន មុន បានផ្តល់បទសម្ភាសជូនក្រុមការងារសារព័ត៌មានThmeyThmey25។ មួយឃ្លាដំបូង យុវជនរូបនេះ បានរៀបរាប់ពីការស្រលាញ់ និងចង់ជួសជុលថ្មបុរាណ នៃសំណង់ប្រាសាទខ្មែរដូច្នេះ៖« ព្រោះវាជាការងារ ដែលថែរក្សាវប្បធម៌ដូនតារបស់យើង ហើយវាក៏ជាការងារមួយដែលខ្ញុំស្រលាញ់ដែរ»។
មុនពេលក្លាយជាចំណែកមួយនៃការដ្ឋានជួសជុលនៅព្រះលានជល់ដំរី យុវជនរូបនេះ បានឈប់សិក្សាទាំងវ័យក្មេង និងបានឆ្លងកាត់ការងារជាច្រើន ដើម្បីតែចំណូលជួយគ្រួសារ ដែលមានម្តាយ និងប្អូនស្រីៗចំនួន៤នាក់។ 

បោះបង់ការសិក្សា ព្រោះសម្ពាធផ្លូវចិត្តពីឪពុក

លោក មន មុន ធ្លាប់រងសម្ពាធផ្លូវចិត្តពីឪពុក ដែលជារឿយៗតែងប្រើអំពើហិង្សាលើភរិយា ​និងកម្ទេចទ្រព្យសម្បត្តិថែមទៀតផង។ ថ្ងៃមួយ ឪពុករូបនេះ បានបំផ្លាញអង្រឹងរបស់ មុន ដែលបានធ្វើឱ្យកុមាររូបនេះឈឺចាប់យ៉ាងខ្លាំង។ 
 

លោក មន មុន និងសហការី កំពុងលាងថ្ម និងតថ្ម។ រូបភាព៖ ហុង ស្រីណា 
 
និយាយដល់ចំណុចនេះ យុវជន មុន ស្ទើរស្រស់ទឹកភ្នែក ដោយបានរៀបរាប់ទាំងអួលដើមកថា៖« ពេលដែលឃើញពុកខ្លួនឯងវាយដំធ្វើបាបម៉ែ គឺថាអត់អាចជួយធ្វើអ្វីបានទេ ប៉ុន្តែគឺឈឺចាប់ជំនួសម៉ែមែនទែន ទាំងដែលខ្ញុំជាកូនក្មេងតូចមួយ អង្រឹងខ្ញុំក៏ហ៊ានយកដុតចោល ពេលគាត់ខឹងម៉ែម្តងៗ ពេលគាត់ឈ្លោះគ្នា»។
 
ទិដ្ឋភាពទាំងនេះបានដិតដាមក្នុងការចងចាំរបស់កុមារ មន មុន និងបានជះឥទ្ធិពលយ៉ាងអាក្រក់ដល់បញ្ហាផ្លូវចិត្ត ជាពិសេសការសិក្សា។ នៅអាយុ១៣ឆ្នាំ ជាវ័យដែលកុមារត្រូវទទួលការអប់រំ ក៏ដូចជាចំណេះដឹងពីលោកគ្រូអ្នកគ្រូ។ ប៉ុន្តែកុមារ មន មុន បែរជាសម្រេចចិត្តបោះបង់ការសិក្សា ដើម្បីរកការងារធ្វើទៅវិញ។
 
«ម៉ែឪបង្ខំឱ្យរៀន តែរៀនយ៉ាងណាក៏រៀនអត់ចូល។ ខំដែរ​ មិនមែនអត់ខំទេ តែទៅអត់រួច។ អ៊ីចឹងខ្ញុំក៏សម្រេចចិត្តឈប់។ ឈប់បានមួយឆ្នាំ ដើរមើលគោ មើលក្របី ជួយមើលការងារផ្ទះ។ មួយឆ្នាំក្រោយ ខ្ញុំក៏សុំគេចូលធ្វើការងារសំណង់ជាមួយអ្នកភូមិ ព្រោះចង់បានលុយ នៅផ្ទះក៏មិនដឹងធ្វើអី»។ នេះជាការបញ្ជាក់របស់លោក មន មុន។  
 

អ្នកស្រី នឿង ភីរ៉ា អ្នកគ្រប់គ្រងការដ្ឋានជួសជុលថ្ម កំពុងពិនិត្យការជួសជុលថ្ម។ រូបភាព៖ ហុង ស្រីណា 
 
ពីកម្មករសំណង់ ក្លាយជាអ្នកជួសជុលថ្មបុរាណ

ក្រៅពីការងារសំណង់ មន មុន ក៏ធ្លាប់ធ្វើជាអ្នកអនាម័យនៅសណ្ឋាគារសុខា និងនៅមន្ទីរពេទ្យមិនចាំឈ្មោះមួយកន្លែងផងដែរ។ យុវជនរូបនេះ ឃ្មាតខ្មីធ្វើការងារគ្រប់បែបយ៉ាង ដើម្បីបានចំណូលជួយសម្រួលបន្ទុកម្តាយនៅផ្ទះ។ 
 
នៅឆ្នាំ២០២០ យុវជនរូបនេះ បានធ្វើការជាកម្មករឆ្លាក់រូបម្នាក់នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ក្រោយធ្វើជាកម្មករដាប់ឆ្លាក់នេះបានប្រមាណ២ឆ្នាំ មន មុន បានសម្រេចចិត្តឈប់ និងត្រឡប់មកជួយការងារម្តាយនៅស្រុកកំណើតវិញ។ 
 
មិនយូរប៉ុន្មាន កូនអ្នកសៀមរាបរូបនេះ បានដាក់ពាក្យចូលជាអ្នកសម្អាតថ្មនៅការដ្ឋានមុខព្រះលានជល់ដំរី ដោយបច្ចុប្បន្ន មុន ជាអ្នកជំនាញលាងសម្អាតថ្ម និងតថ្មផងដែរ។ ការងារមួយនេះ មុន ស្រលាញ់ពេញចិត្ត និងរីករាយក្នុងការបំពេញកាតព្វកិច្ចថែរក្សា និងជួសជុលថ្មបុរាណពីដូនតា។ 
 
ទោះកន្លងមកធ្លាប់ផ្លាស់ប្តូរការងារច្រើន តែមកដល់ពេលនេះ មន មុន បែរជាជាប់ចិត្តជាមួយការងារនេះ និងចង់ធ្វើបន្តទៀត។ មុន បានឱ្យដឹងថា ការងារជាអ្នកជួសជុលថ្មនេះមិនងាយស្រួលឡើយ ជាពិសេសនៅពេលរៀនធ្វើដំបូង។ តែដោយហេតុថាស្រលាញ់ យុវជនរូបនេះ ខំប្រឹងហាត់រៀន ដោយមិនខ្លាចនឿយហត់ឡើយ ជាពិសេស រឹតតែចង់ធ្វើការងារខ្លាំងលើសដើម។ 
 
យុវជនវ័យ២៣រូបនេះ បានលើកឡើងពីមូលហេតុមិនបោះបង់ការងារជួសជុលថ្មបុរាណដូច្នេះថា៖ «អត់បោះបង់ ព្រោះជាការស្រលាញ់មួយនៅក្នុងចិត្តរបស់ខ្ញុំ ហើយក៏មិនច​ង់បោះបង់វាចោលដែរ ហើយចង់ចាប់ខាងហ្នឹងរហូត។ ការងារធ្វើកន្លងមក ចេះតែធ្វើៗ ប៉ុន្តែខ្ញុំអត់សូវចាប់អារម្មណ៍ ទោះបីខ្ញុំធ្វើយូរប៉ុណ្ណា។ តែសម្រាប់ការងារនេះ មុនដំបូងខ្ញុំធ្វើ គឺថាពិបាកយកតែមែនទែន ពិបាកខ្លាំងជាងការងារមុនឆ្ងាយ តែខ្ញុំចេះតែខំ ចង់ចេះ មិនថាគេឱ្យធ្វើអី្វ ឆ្លាក់ក្បាច់តិចតួច ឱ្យតែបានគេឱ្យធ្វើ។ មានអារម្មណ៍ថាខ្លួនឯង ធ្វើទៅចេះតែកើតៗរហូត ចឹងក៏ស្រលាញ់ការងារនេះខ្លាំងដែរ»។
 
ជាការពិតណាស់ ការជួសជុលថ្ម និងតថ្មបុរាណ គឺមិនងាយស្រួលឡើយ ដូចការដាប់ឆ្លាក់ថ្មថ្មី ដែល មុន ធ្លាប់ធ្វើឡើយ។ «ការធ្វើថ្មថ្មី យើងធ្វើជារូបមែន តែយើងអត់បាច់​ប្រយ័ត្ន។ តែធ្វើថ្មចាស់ សូម្បីតែខូចបែកបាក់បន្តិចក៏អត់បានដែរ អត់ឱ្យបែកបាក់ទេ ត្រូវប្រយ័ត្នខ្លាំង ព្រោះអត់ចង់ឱ្យរបស់ដែលបែកបាក់ហើយ បែកបាក់ថែមទៀត វាធ្វើឱ្យរបស់ចាស់បុរាណពីមុនកាន់តែច្រើន»។ នេះជាការលើកឡើងរបស់ មុន អំពីការជួសជុលថ្មបុរាណ​។
 
ទន្ទឹមនឹងមានកាតព្វកិច្ចជាអ្នកព្យាបាលថ្មបុរាណ មុន ក៏មានភារកិច្ច ជាអ្នកមើលថែជ្រូក មាន់ទា និងគោ នៅផ្ទះផងដែរ។ យុវជនរូបនេះ តែងឆ្លៀតជួយការងារប្រចាំថ្ងៃរបស់ម្តាយក្រោយចប់ការងារនៅព្រះលានជល់ដំរី ដ្បិតប្អូនៗជាប់រវល់រៀនសូត្រ។ ចំណែកបងប្រុស ក៏មានគ្រួសារ និងរស់នៅផ្សេងពី មុន ម្តាយ និងប្អូនៗ។ 
 
ខំប្រឹងធ្វើការ ដើម្បីប្អូនៗរៀន

ការខំប្រឹងតាំងពីអាយុ១៣ មិនមែនដើម្បីតែម្តាយ ប៉ុន្តែប្អូនស្រីៗទាំង៤ គឺជាកត្តាចម្បង ដែលជំរុញឱ្យយុវជនរូបនេះខំប្រឹងការងារ។ មុន ចង់ឱ្យប្អូនៗមានចំណេះ ជំនាញ និងមានអនាគតល្អ ព្រោះថាខ្លួនមិនបានរៀនសូត្រច្រើន និងមិនអាចអានអក្សរបាន។ សព្វថ្ងៃ ប្អូនទាំង៤របស់ មុន កំពុងរៀនថ្នាក់វិទ្យាល័យ ដោយមានប្អូនស្រីម្នាក់ត្រៀមប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំ២០២២នេះផងដែរ។ មុន មានបំណងចង់ឱ្យប្អូនរៀនដល់មហាវិទ្យាល័យ និងមានការងារល្អ នៅថ្ងៃអនាគត។ 
 
« បើតាមចិត្តខ្ញុំ ខ្ញុំចង់ឱ្យគាត់រៀនចប់ ឱ្យតែគាត់ចង់រៀន ព្រោះខ្ញុំដឹងខ្លួនខ្ញុំផ្ទាល់។ ខ្ញុំទៅណា ខ្ញុំអត់ចេះអក្សរ ខ្ញុំអត់អាចធ្វើអ្វីបានទេ​ ហើយចង់ធ្វើការងារល្អមួយក៏ខ្ញុំអត់អាចទៅរួច ព្រោះខ្ញុំអត់មានចេះអក្សរខ្មែរ ក ខ ខ្មែរអានឱ្យចប់ អានមិនបានចប់ផង។ ខ្ញុំលំបាកពេលទៅណាម្តងៗ  ខ្ញុំសួរគេដល់ផ្លួវណា​ សូម្បីស្លាកគេដាក់នៅនឹងមុខ ក៏ខ្ញុំអានមិនចេញដែរ​»។ នេះជាមូលហេតុដែល មុន ចង់ឱ្យប្អូនៗរៀនបានខ្ពង់ខ្ពស់ ដើម្បីគេចផុតពីការលំបាកដូចខ្លួន ជាពិសេស បងប្រុសរូបនេះ សង្ឃឹមថាប្អូនៗនឹងមានការងារសមកម្លាំង និងអាចផ្គត់ផ្គង់ជីវភាពបានប្រសើរ៕
 
 

Tag:
 លោក មន មុន
  អ្នកជួសជុលថ្ម
© រក្សាសិទ្ធិដោយ thmeythmey.com