រថយន្ត
អន្តរជាតិ
កក់​តាក់ស៊ីតាម App ពីអារ៉ាប៊ីសាអូឌីតទៅមើល World Cup នៅ​កាតា តម្លៃជាង​៥០០ដុល្លារ
21, Nov 2022 , 7:59 pm        
រូបភាព
ដោយ: ធីតា
ដោយសារ​តែមាន​តម្រូវការ​ជាច្រើនពីអតិថិជន ក្រុមហ៊ុន​កក់​សេវា​ធ្វើ​ដំណើរ Careem ដ៏ធំនៅមជ្ឈឹមបូពា បាន​ផ្តល់សេវាកម្ម​ឆ្លងប្រទេសទៅវិញទៅ​មុខ​រវាងអារ៉ាប៊ីសាអូឌីត និង​កាតា នាអំឡុង​ព្រឹត្តិការណ៍​កីឡា​បាល់ទាត់​ពិភពលោក (FIFA World Cup 2022)។

 
លើ​ចម្ងាយ​ផ្លូវទៅមក​​ជាង​៨០០គីឡូម៉ែត្រ អ្នកគាំទ្រ​ពី​ប្រទេសអារ៉ាប៊ីសាអូឌីត អាចកក់​សេវា​ធ្វើ​ដំណើរ App Careem ដើម្បីទៅមើល​ World Cup នៅ​ប្រទេស​កាតា ក្នុងតម្លៃ​ទៅមក​ជាង​៥០០ដុល្លារអាម៉េរិក។ យោងតាម​ការផ្សាយ​របស់ CNBC សេវាកម្ម​ដឹកជញ្ជូន​ឆ្លងប្រទេសនេះ គឺសម្រាប់ចន្លោះពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី​១៨ ខែ​ធ្នូ។
 
ក្រុមហ៊ុន App Careem ដែលមានមូលដ្ឋាននៅក្រុងឌូបៃ បានអះអាងថា ទទួលបាន​សំណូម​ពរ​ពីអ្នកគាំទ្រ​បាល់ទាត់​ដ៏ច្រើន​សន្ធឹក​សន្ធាប់​ពី​បណ្តា​ប្រទេសនៃ​ឈូងសមុទ្រពែក្ស​ ដើម្បី​ធ្វើដំណើរទៅទស្សនា World Cup ផ្ទាល់​លើកដំបូងនៅមជ្ឈឹម​បូព៌ា។
 
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន​បាន​បញ្ជាក់ថា សេវាកម្មនេះ មិនអាចគ្រប​ដណ្តប់​គ្រប់តំបន់​នោះឡើយ ពោល​គឺតាមផ្នែកខ្លះប៉ុណ្ណោះ ក្នុងនោះ​មាន​ពីក្រុង Dammam និង ក្រុង Ahsa របស់អារ៉ាប៊ីសាអូឌីត ឆ្ពោះទៅក្រុងដូហា ប្រទេសកាតា។
 
ក្រុងទាំងពីរអារ៉ាប៊ីសាអូឌីត មានចម្ងាយ​ប្រមាណពី២៥៧គីឡូម៉ែត្រ ទៅជាង​៤០០ម៉ែត្រ ពីក្រុងដូហា ដែលអាចចំណាយពេលពី​ជាង​៣ម៉ោង និង​៤ម៉ោង​កន្លះ។ 
 
អ្នក​ធ្វើដំណើរ​អាច​ជ្រើសរើស​ការបង់ថ្លៃតែមួយជើង តម្លៃ​២៦៦ដុល្លារបាន​ផងដែរ ដោយ​ក្នុងការធ្វើដំណើរ អាចមាន​មនុស្ស​ច្រើន​បំផុត​៣នាក់។
 
ទាក់ទងនឹងជម្រើសនៃការធ្វើដំណើរទៅមើល World Cup នៅកាតា មតិមួយចំនួន​យល់ថា ការធ្វើ​ដំណើរតាមយន្តហោះ​នៅតែ​ប្រសើរជាង ពោលគឺ​ចំណេញពេលវេលា ប៉ុន្តែអ្នកខ្លះត្អូញត្អែពីការត្រួតពិនិត្យ​ដ៏តឹងរ៉ឹង​នៅអាកាសយានដ្ឋាន រួមទាំង​ចរាចរណ៍​ដ៏កកស្ទះ​នៅបរិវេណនោះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com