ជាតិ
ដោះលែង សេង ធារី? សម្តេចថា «ខ្ញុំមិនលឺលោក ចូ បៃឌិន និយាយរឿងហ្នឹងផង»
22, Nov 2022 , 8:48 am        
រូបភាព
ដោយ: រួបរួម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា សម្តេចមិនបានលឺប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន និយាយពីការដោះលែងកញ្ញា សេង ធារី ឡើយ នាជំនួបទ្វេភាគីកន្លងមក។

 
«ដោះលែងអប្សរាក្បាលត្រងោល [សំដៅលើកញ្ញា សេង ធារី]។ ខ្ញុំមិនលឺលោក ចូ បៃឌិន និយាយរឿងហ្នឹងផង»។ នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល។
 
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា សម្តេចមិនដឹងថា អ្នកណាសរសេរពីរឿងនេះឡើយ ខណៈនាសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ សម្តេចក៏គ្មានចម្លើយប្រាប់ទៅអ្នកសារព័ត៌មាននោះដែរ ទាក់ទងនឹងសំណើរដោះលែងនេះ។
 
សម្តេចបានបញ្ជាក់ថា នាជំនួបទ្វេភាគី លោក បៃឌិន បាននិយាយពីលំហរប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតនាពេលខាងមុខ ប៉ុន្តែមិនមានការលើកឡើងពីករណីកញ្ញា សេង ធារី ឡើយ។
 
កញ្ញា សេង ធារី ដែលធ្លាប់ធ្វើជាមេធាវីអន្តរជាតិ និងមានសញ្ជាតិអាម៉េរិក ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅមុខតុលាការភ្នំពេញ និងដឹកយកទៅឃុំនៅពន្ធនាគារព្រៃសភ្លាមៗ កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីសាលក្រមស្តីពីការផ្ទន្ទាទោសអ្នកនាង និងអ្នកប្រឆាំងជិត៦០នាក់ផ្សេងទៀត ត្រូវបានប្រកាសចប់។ ជាប់ពន្ធនាគារនៅរាជធានីភ្នំពេញបានតែ១ថ្ងៃ សមត្ថកិច្ច ក៏ដឹកអ្នកនាង យកទៅឃុំនៅពន្ធនាគារខេត្តព្រះវិហារ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។
 
មនុស្សជិត៦០នាក់ ដែលមានទាំងអ្នកនាង សេង ធារី ផងនោះ ត្រូវបានតុលាការភ្នំពេញ ប្រកាសសាលក្រមដាក់ទោសក្នុងសំណុំរឿងតែមួយជាមួយគ្នា។ ទោសសែលពួកគេ ត្រូវជាប់ពន្ធនាគារ មាន៥ឆ្នាំ ៦ឆ្នាំ និង៨ឆ្នាំ។ អ្នកជាប់ទោស៥ឆ្នាំ មិនត្រូវស្ថិតក្នុងពន្ធនាគារឡើយ ព្រោះទោស៥ឆ្នាំនេះ ត្រូវព្យួរ។ អ្នកនាង សេង ធារី ស្ថិតក្នុងចំណោមអ្នកដែល ត្រូវជាប់ទោស៦ឆ្នាំ។ 
 
អ្នកមាននិន្នាការប្រឆាំងជិត៦០នាក់នោះ ត្រូវចោទពីបទរួមគំនិតក្បត់ជាតិ និងបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម ដោយសារពួកគេ ពាក់ព័ន្ធនឹងផែនការ៩វិច្ឆិការបស់លោក សម រង្ស៊ី មេដឹកនាំប្រឆាំងនៅក្រៅប្រទេស៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com