កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ រៀបចំតាមស្តង់ដាស៊ីហ្គេម ពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាប៉ារ៉ាហ្គេមលើកទី១ នៅពហុកីឡដ្ឋានមរតកតេជោ។
× ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាប៉ារ៉ាហ្គេមលើកទី១ រៀបចំតាមស្តង់ដាកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលផ្តល់ផលប្រយោជន៍ដល់មន្រ្តីបច្ចេកទេស អ្នកស្ម័គ្រចិត្ត អត្តពលិក ជាពិសេសសហព័ន្ធបានរៀនសូត្រ និងអនុវត្តផ្ទាល់។ ការបើកព្រឹត្តិការណ៍ជាពិសោធន៍ក្នុងការដឹកនាំគ្រប់គ្រងត្រៀមរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
លោក ថោង ខុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ CAMSOC មានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍កីឡាជាតិ គឺយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងពហុកីឡា ការយល់ដឹងពីរូបមន្តស្តង់ដាគ្រប់គ្រងរួមមួយ ដែលផ្តល់ការយកចិត្តទុកដាក់របស់សសរស្តម្ភទាំង៣ រួមមាន ការរៀបចំបច្ចេកទេសកីឡា ដែលជាតួនាទីរបស់សហព័ន្ធកីឡាជាតិ, ការរៀបចំបដិសណ្ឋារកិច្ច ប្រតិភូកីឡា ជាមួយនឹងការដឹកជញ្ជូន ហូបចុកស្នាក់នៅ សន្តិសុខសណ្តាប់ធ្នាប់ សុខាភិបាល និងពិធីការកីឡា និងចុងក្រោយគឺ ពិធីបើក-បិទ និងពិធីកីឡាផ្សេងៗទៀត។
លោក ថោង ខុន បន្តថា៖«ធម្មនុញ្ញអូឡាំពិក បានលើកឡើងជាគោលការណ៍គ្រឹះឱ្យចលនាអូឡាំពិក សហការជាមួយរដ្ឋអំណាចកីឡា ដោយគោរពស្វ័យភាពគ្នាទៅវិញទៅមក ក្នុងគោលដៅរួម គឺការកសាង និងអភិវឌ្ឍវិស័យកីឡា តាមរយៈសកម្មភាពអប់រំកាយ និងកីឡា ដើម្បីមានការយោគយល់គ្នា សាមគ្គីគ្នា មិត្តភាព និងសុខដុមរមនា ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា វណ្ណៈ ឋានៈសង្គមឡើយ»។
គួរបញ្ជាក់ថា ពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាប៉ារ៉ាហ្គេមលើកទី១ ធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមនុស្សចូលរួមជាង៤ម៉ឺននាក់ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២៕
Tag:
កីឡាជាតិលើកទី៣
ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com