ជាតិ
សេដ្ឋកិច្ច
ARDB ផ្ដល់កម្ចី៩៣លានដុល្លារ ដល់ក្រុមហ៊ុន និងរោងម៉ាស៊ីនស្រូវ ឱ្យជួយទិញស្រូវក្នុងតម្លៃសមរម្យ
22, Nov 2022 , 1:59 pm        
រូបភាព
 រូបពី ហ្វេសបុករបស់លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបពី ហ្វេសបុករបស់លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សម្រេចផ្ដល់កម្ចីចំនួន ៩៣លានដុល្លារ ដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃនាំចេញអង្ករ ដើម្បីជួយប្រមូលទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ។ ការផ្តល់កម្ចីរបស់ ARDB គឺធ្វើឡើងបន្ទាប់ពី កសិករជាច្រើន បានជួបប្រទះនឹងបញ្ហាស្រូវធ្លាក់ថ្លៃ ក្នុងរដូវប្រមូលផល ប្រមាណមួយសប្ដាហ៍មកនេះ។ ​



ការរសម្រុកប្រមូលផលស្រូវ និងលក់ចេញព្រមគ្នាក្នុងរដូវប្រមូលផលធំ របស់ប្រជាកសិករ បានធ្វើឱ្យតម្លៃស្រូវគ្មានស្ថិរភាព។ ស្របពេលគ្នានេះ រោងម៉ាស៊ីនកិនស្រូវ គ្មានលទ្ធភាពប្រមូលទិញស្រូវ ក្នុងបរិមាណដ៏ច្រើន​បែបនេះឡើយ ដែលជាហេតុធ្វើស្រូវចុះថោក ធៀបនឹងដើមរដូវ។
 
​ដើម្បីជំរុញការប្រមូលទិញស្រូវពីកសិករឱ្យទាន់ពេលវេលា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្ដល់ថវិកាចំនួន ១០លានដុល្លារ លើមូលនិធិសម្រាប់ទិញស្រូវចំនួន ៨៣លានដុល្លារ របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់គាំទ្រដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃនាំចេញអង្ករ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃទី២០ ខែវិច្ឆិកា។
  

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម និងមន្រ្តីពាក់ព័ន្ធ ចុះចែកស្រូវពូជដល់កសិករខេត្ត​កំពង់ចាម
 
បន្ថែមពីនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានអំពាវនាវដល់កសិករដែលត្រូវប្រមូលផល​ ​ដាក់កម្មវិធីច្រូតកាត់ជាមួយរោងម៉ាស៊ីនកិនស្រូវនៅក្នុងតំបន់របស់ខ្លួន ដើម្បីជៀសវាងការប្រមូលផលក្នុងពេលតែមួយ អាចនាំឱ្យមានការទម្លាក់ថ្លៃស្រូវ។ 
 
បញ្ហាធ្លាក់ថ្លៃស្រូវនៅពេលនេះ បានកើតឡើងស្ទើរគ្រប់បណ្ដាខេត្តដែលផលិតស្រូវ ជាពិសេសខេត្តបាត់ដំបង និងបន្ទាយមានជ័យ ដោយកសិករអាចលក់ចេញក្នុងតម្លៃ៩០០រៀល ប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់មន្រ្តីសហការជាមួយម្ចាស់រោងម៉ាស៊ីន និងមន្ទីរពាក់ព័ន្ធ ចុះដោះស្រាយបញ្ហាថ្លៃស្រូវ នៅក្នុងគោលដៅពីរគឺ ខេត្តបាត់ដំបង និងបន្ទាយមានជ័យ។ ជាលទ្ធផល ម្ចាស់រោងម៉ាស៊ីនមួយចំនួន បានស្ម័គ្រចិត្តរក្សាស្ថិរភាពតម្លៃស្រូវឱ្យត្រឹម១០៤០រៀលក្នុងមួយគីឡូក្រាម សម្រាប់ស្រូវផ្ការំដួល ប្រភេទសើម លេខ១។  
 
ក្នុងស្ថានភាពបែបនេះ ក្រុមការងារក្រសួងកសិកម្ម នឹងនៅតែបន្តតាមដានយកចិត្តទុកដាក់ ដោយមិនឱ្យ កសិករបាត់បង់ប្រយោជន៍ដោយគ្មានហេតុផលនោះឡើយ។ នេះជាការបញ្ជាក់របស់លោក ឌិត ទីណា តាមទំព័រហ្វេសប៊ុករបស់លោក។
 
បើតាមក្រសួងកសិកម្ម ពេញមួយខែវិច្ឆិកា រហូតដល់ពាក់កណ្ដាលខែធ្នូ គឺជាពេលវេលាដែលត្រូវប្រមូលផលស្រូវវស្សា ជាពិសេសប្រភេទស្រូវផ្ការំដួល ដែលជាហេតុនាំឱ្យរោងម៉ាស៊ីនកិនស្រូវកកស្ទះ និងជះឥទ្ធិពលដល់តម្លៃស្រូវ ដូចឆ្នាំកន្លងទៅ។ ក្រសួង បានដឹងពីបញ្ហាទាំងនេះ និងអំពាវនាវដល់កសិករបញ្ឈប់ការបង្ហោះព័ត៌មានមិនពិត ដែលលើកឡើងថា ក្រសួង មិនអើពើជួយដោះស្រាយបញ្ហាប្រឈមជូនកសិករ។ ក្រសួងបន្តថា ការបង្ហោះបែបនេះ អាចបង្កការភ័យបារម្ភ ដល់កសិករផ្សេងទៀត ដែលមិនទាន់ដល់ពេលប្រមូលផល ឱ្យប្រញាប់ច្រូតស្រូវខ្លាចមិនទាន់គ្រប់គុណភាពដើម្បីលក់ ធ្វើឱ្យស្រូវកាន់តែធ្លាក់ថ្លៃថែមទៀត៕  
 
 

Tag:
 កសិកម្ម
  ស្រូវ
  ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com