អន្តរជាតិ
សមាជិកក្រុមប្រឹក្សាសន្តិសុខ ថ្កោលទោសកូរ៉េខាងជើងដែលបាញ់មីស៊ីលអន្តរទ្វីប មីស៊ីលបាលីស្ទិកអន្តរទ្វីប Hwasong-17 ត្រូវបាញ់ចេញពីទីតាំងមួយ។ រូបថត KCNA
× ក្នុងសេចក្តីថ្លែងការណ៍រួមរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទី២១ ខែវិច្ឆិកា សមាជិកភាគច្រើនថ្កោលទោសកូរ៉េខាងជើងដែលបាញ់មីស៊ីលអន្តរទ្វីបកាលពីសប្តាហ៍មុនធ្លាក់ក្នុងដែនទឹកសេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។ ទោះមិនអាចសម្រេចសេចក្តីថ្លែងការណ៍ជាផ្លូវការ អាម៉េរិកទទូចឱ្យប្រធានក្រុមប្រឹក្សាសន្តិសុខចេញសេចក្តីថ្លែងការណ៍មួយផ្សេងទៀតដាក់កំហិតឱ្យកូរ៉េខាងជើងទទួលខុសត្រូវចំពោះសកម្មភាពដ៏គឃ្លើនបែបនេះ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN)នៅថ្ងៃទី២១ ខែវិច្ឆិកា បើកកិច្ចប្រជុំជាបន្ទាន់ស្តីពីការបាញ់មីស៊ីលអន្តរទ្វីបរបស់កូរ៉េខាងជើងនៅថ្ងៃទី១៨ ខែវិច្ឆិកាដែលបង្កឱ្យអាម៉េរិក និងសម្ព័ន្ធមិត្តព្រួយបារម្ភជាខ្លាំងពីស្ថិរភាពនៅឧបទ្វីបកូរ៉េ និងក្នុងតំបន់។
១៤ ប្រទេសរួមមានប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខចំនួនប្រាំបីដូចជាអាម៉េរិក អង់គ្លេស បារាំង និងឥណ្ឌាជាដើមចេញសេចក្តីថ្លែងការណ៍រួមដោយថ្កោលទោសកូរ៉េខាងជើង ក៏ដូចជារបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងដែលថាមីស៊ីលនោះអាចប្រើដើម្បីវាយប្រហារនុយក្លេអ៊ែរ។
«នេះបង្ហាញពីស្ថានភាពកាន់តែធ្ងន់ធ្ងរ និងការគំរាមជាក់ស្តែងដល់សន្តិសុខ និងសន្តិភាពអន្តរជាតិ»។ នេះបើតាមសេចក្តីថ្លែងការណ៍រួមដែលអានដោយអគ្គរដ្ឋទូតអាម៉េរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield ក្រោយកិច្ចប្រជុំ។ សេចក្តីថ្លែងការណ៍បន្ថែមទៀតថា ក្រុមប្រឹក្សាសន្តិសុខត្រូវតែចាត់វិធានការដាក់កំហិតកុំឱ្យកូរ៉េខាងជើងអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរថែមទៀត។
បើទោះក្រុមប្រឹក្សាសន្តិសុខមិនអាចចេញសេចក្តីថ្លែងការណ៍ជាផ្លូវការប្រឆាំងនឹងទង្វើរបស់ក្រុងព្យុងយ៉ាងបាន ដោយសារតែការប្រឆាំងពីរុស្ស៊ី និងចិន អាម៉េរិកអំពាវនាវប្រធានក្រុមប្រឹក្សាសន្តិសុខចេញសេចក្តីថ្លែងការណ៍ឱ្យកូរ៉េខាងជើងទទួលខុសត្រូវចំពោះការតេស្តមីស៊ីលនោះ។
អ្នកនាំពាក្យរបស់អាម៉េរិកប្រចាំ UN បញ្ជាក់ថា សេចក្តីថ្លែងការណ៍ព្រៀងរបស់ប្រធានក្រុមប្រឹក្សាសន្តិសុខនឹងត្រូវបានចែកចាយជាមួយសមាជិកឆាប់ៗនេះ ហើយកិច្ចចរចាលើសេចក្តីសម្រេចនឹងធ្វើតាមក្រោយ។ ហ្គាណាជាប្រធានផ្លាស់វេនរបស់ក្រុមប្រឹក្សាសន្តិសុខក្នុងខែនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com