អន្តរជាតិ
ប្រមុខណាតូ៖ ចិនព្យាយាមគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធនិងឧស្សាហកម្មសំខាន់ៗរបស់លោកខាងលិច
22, Nov 2022 , 7:29 pm        
រូបភាព
អគ្គលេខាធិការអង្គការណាតូ Jens Stoltenberg។ រូបថត AFP
អគ្គលេខាធិការអង្គការណាតូ Jens Stoltenberg។ រូបថត AFP
ប្រមុខសម្ព័ន្ធយោធាណាតូលោក Jens Stoltenberg នៅថ្ងៃទី២១ ខែវិច្ឆិកាព្រមានបណ្ដាប្រទេស​លោកខាងលិចត្រូវតែប្រុងប្រយ័ត្ន​ និងការកាត់បន្ថយការពឹងផ្អែកលើចិនដែលនាំឱ្យប៉ះពាល់ដល់ ប្រយោជន៍សន្តិសុខ និងតម្លៃរបស់សម្ព័ន្ធមិត្តដោយសារចិនអាចគ្រប់គ្រងលើខ្សែច្រវាក់ផលិតកម្ម​សំខាន់ៗ។

 
«ពួកយើងមើលឃើញពីកិច្ចខិតខំរបស់ចិនក្នុងការគ្រប់គ្រងលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់យើង ក៏ដូចជាខ្សែច្រវាក់ផលិតកម្ម និងឧស្សាហកម្មផ្នែកសំខាន់ៗ»។ អគ្គលេខាធិការអង្គការណាតូ Jens Stoltenberg លើកឡើងបែបនេះអំឡុងដំណើរទស្សនកិច្ចទៅអេស្ប៉ាញ។ លោកក៏ទទូចឱ្យ​សម្ព័ន្ធ​មិត្ត​ទាំងអស់បង្កើនភាពធន់នៃសង្គម និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។
 
លោក Stoltenberg បន្តថា ធនធារ៉ែដ៏កម្ររបស់ចិនមានវត្តមាននៅគ្រប់ទីកន្លែងរួមទាំងនៅក្នុងទូរស័ព្ទ ឡាន និងឧបករណ៍យោធារបស់ប្រទេសសមាជិណាតូ។ ត្រង់នេះ លោកក៏ស្នើឱ្យប្រទេសទាំងអស់​ត្រូវ​មិនអនុញ្ញាតឱ្យចិនដែលប្រកាន់យករបបផ្ដាច់ការ ក្ដោបយកឱកាសដើម្បី​កេងប្រវ័ញ្ចលើភាពងាយ​រង​គ្រោះ​របស់ពួកគេឡើយ។
 
គួរបញ្ជាក់ថា នៅក្នុងគំនិតយុទ្ធសាស្ត្រថ្មីរបស់សម្ព័ន្ធយោធាណាតូដែលបានព្រមព្រៀងគ្នា​កាល​ពី​ខែ​មិថុនា ប្លុកយោធាមួយនេះបានពណ៌នាចិនជាបញ្ហាប្រឈមចំពោះផលប្រយោជន៍ សន្តិសុខ និងគុណ​តម្លៃរបស់ខ្លួន។
 
យុទ្ធសាស្ត្រមុនរបស់ណាតូពីឆ្នាំ២០១០ មិនបាន​និយាយពីទីក្រុងប៉េកាំង​នោះ​ទេ​ដែល​ភាគ​ច្រើន​ត្រូវ​បានមើលឃើញថាជាដៃគូពាណិជ្ជកម្មដែលមានទំនាក់ទំនងល្អនិងជាមូលដ្ឋានផលិតកម្មនៅពេលនោះថែមទៀត។ ការប្រែប្រួលនេះ បង្ហាញពីភាពល្អក់កករក្នុងទំនាក់ទំនងរវាងណាតូ និងចិនដែលប្រកាន់ជំហរកាន់តែរឹងត្អឹងដើម្បីការពារផលប្រយោជន៍ឆាកអន្តរជាតិ៕
 

Tag:
 ណាតូ
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com