អន្តរជាតិ
ប្រមុខណាតូ៖ ចិនព្យាយាមគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធនិងឧស្សាហកម្មសំខាន់ៗរបស់លោកខាងលិច 
អគ្គលេខាធិការអង្គការណាតូ Jens Stoltenberg។ រូបថត AFP
×![]()
ប្រមុខសម្ព័ន្ធយោធាណាតូលោក Jens Stoltenberg នៅថ្ងៃទី២១ ខែវិច្ឆិកាព្រមានបណ្ដាប្រទេសលោកខាងលិចត្រូវតែប្រុងប្រយ័ត្ន និងការកាត់បន្ថយការពឹងផ្អែកលើចិនដែលនាំឱ្យប៉ះពាល់ដល់ ប្រយោជន៍សន្តិសុខ និងតម្លៃរបស់សម្ព័ន្ធមិត្តដោយសារចិនអាចគ្រប់គ្រងលើខ្សែច្រវាក់ផលិតកម្មសំខាន់ៗ។
«ពួកយើងមើលឃើញពីកិច្ចខិតខំរបស់ចិនក្នុងការគ្រប់គ្រងលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់យើង ក៏ដូចជាខ្សែច្រវាក់ផលិតកម្ម និងឧស្សាហកម្មផ្នែកសំខាន់ៗ»។ អគ្គលេខាធិការអង្គការណាតូ Jens Stoltenberg លើកឡើងបែបនេះអំឡុងដំណើរទស្សនកិច្ចទៅអេស្ប៉ាញ។ លោកក៏ទទូចឱ្យសម្ព័ន្ធមិត្តទាំងអស់បង្កើនភាពធន់នៃសង្គម និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។
លោក Stoltenberg បន្តថា ធនធារ៉ែដ៏កម្ររបស់ចិនមានវត្តមាននៅគ្រប់ទីកន្លែងរួមទាំងនៅក្នុងទូរស័ព្ទ ឡាន និងឧបករណ៍យោធារបស់ប្រទេសសមាជិណាតូ។ ត្រង់នេះ លោកក៏ស្នើឱ្យប្រទេសទាំងអស់ត្រូវមិនអនុញ្ញាតឱ្យចិនដែលប្រកាន់យករបបផ្ដាច់ការ ក្ដោបយកឱកាសដើម្បីកេងប្រវ័ញ្ចលើភាពងាយរងគ្រោះរបស់ពួកគេឡើយ។
គួរបញ្ជាក់ថា នៅក្នុងគំនិតយុទ្ធសាស្ត្រថ្មីរបស់សម្ព័ន្ធយោធាណាតូដែលបានព្រមព្រៀងគ្នាកាលពីខែមិថុនា ប្លុកយោធាមួយនេះបានពណ៌នាចិនជាបញ្ហាប្រឈមចំពោះផលប្រយោជន៍ សន្តិសុខ និងគុណតម្លៃរបស់ខ្លួន។
យុទ្ធសាស្ត្រមុនរបស់ណាតូពីឆ្នាំ២០១០ មិនបាននិយាយពីទីក្រុងប៉េកាំងនោះទេដែលភាគច្រើនត្រូវបានមើលឃើញថាជាដៃគូពាណិជ្ជកម្មដែលមានទំនាក់ទំនងល្អនិងជាមូលដ្ឋានផលិតកម្មនៅពេលនោះថែមទៀត។ ការប្រែប្រួលនេះ បង្ហាញពីភាពល្អក់កករក្នុងទំនាក់ទំនងរវាងណាតូ និងចិនដែលប្រកាន់ជំហរកាន់តែរឹងត្អឹងដើម្បីការពារផលប្រយោជន៍ឆាកអន្តរជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com