សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
IMF ៖ របាំងពាណិជ្ជកម្មធ្វើឱ្យពិភពលោកខាតបង់ទឹកប្រាក់ចំនួន១,៤ទ្រីលានដុល្លារ
23, Nov 2022 , 8:29 am        
រូបភាព
លោកស្រី Kristalina Georgieva នាយកគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។  រូបភាពពី AP ។
លោកស្រី Kristalina Georgieva នាយកគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ រូបភាពពី AP ។
ការកើនឡើងនៃរបាំងពាណិជ្ជកម្មរវាងប្រទេសចិន និងប្រទេសផ្សេងទៀតកាលពីឆ្នាំមុន បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកខាតបង់១៤០០ពាន់លានដុល្លារ បន្ថែមពីលើការខូចខាតធ្ងន់ធ្ងរដែលបណ្តាលមកពីជម្លោះនៅអ៊ុយក្រែន។ នេះបើតាមលោកស្រី Kristalina Georgieva នាយិកាគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។



លោកស្រី Kristalina Georgieva បានប្រាប់សារព័ត៌មាន Bloomberg កាលពីថ្ងៃទី១៩ វិច្ឆិកា នៅទីក្រុងបាងកកថា ពិភពលោកនឹងបាត់បង់១,៥ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន ដែលគិតជាចំនួនទឹកប្រាក់មានប្រមាណ១៤០០ពាន់លានដុល្លារ។ ទំហំនៃការបាត់បង់ដ៏ធំធេងដូច្នេះ ដោយសារតែបណ្តាប្រទេសនៅលើពិភពលោកបានបំបែកជាប្លុកពាណិជ្ជកម្មចំនួនពីរ។ ការបាត់បង់សក្តានុពលនេះអាចមានហានិភ័យធ្ងន់ធ្ងរចំពោះអាស៊ី ព្រោះតំបន់នេះបានធ្វើសមាហរណកម្មទៅក្នុងខ្សែច្រវាក់តម្លៃសកល (Global Value Chain)។
 
លោកស្រី Kristalina Georgieva បានសង្កត់ធ្ងន់ថា បណ្តាប្រទេសនៅអាស៊ីត្រូវធ្វើការរួមគ្នាជម្នះហានិភ័យមួយនេះ ដើម្បីរក្សាកំណើន ជាពិសេសក្នុងការប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដែលបង្កពីជំងឺរាតត្បាត ភាពតានតឹងនៅអ៊ុយក្រែន និងតម្លៃនៃការចំណាយហក់ឡើងខ្ពស់ក្នុងការរស់នៅប្រចាំថ្ងៃ។ ដោយឡែកលោកស្រីក៏បានមើលឃើញពីភាពល្អប្រសើរជាងមុនក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ច ដោយសារទុនបំរុងប្តូរប្រាក់បរទេសដ៏ច្រើនសន្ធឹកសន្ធាប់ និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់។
 
ទាក់ទងនឹងហានិភ័យនៃការកើនឡើងបំណុលសាធារណៈនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ លោកស្រី Georgieva បាននិយាយថា ៖ «មិនត្រូវស្លន់ស្លោពេកទេ ប៉ុន្តែត្រូវប្រុងប្រយ័ត្ន»។ លោកស្រីបានលើកទឹកចិត្តដល់បណ្តាប្រទេសដែលកំពុងជួបការលំបាកក្នុងការសងបំណុលទៅវិញដោយប្រាក់ដុល្លារកើនឡើង និងបរិយាកាសសេដ្ឋកិច្ចពិភពលោកអាប់អួរ ត្រូវតែធ្វើសកម្មភាពមុនគេ ក្នុងការស្វែងរកជំនួយទាន់ពេលពី IMF ។
 
កាលពីខែមុន IMF បានកាត់បន្ថយការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំក្រោយមកត្រឹម២,៧ភាគរយ ទាបជាងការព្យាករក្នុងអត្រា៣,៨ភាគរយកាលពីដើមឆ្នាំ២០២២។ ទិន្នន័យរបស់ IMF បានបង្ហាញថាប្រហែលមួយភាគបីនៃសេដ្ឋកិច្ចពិភពលោកនឹងជួបប្រទះនៃការធ្លាក់ចុះនៅឆ្នាំនេះក្នុងឆមាសទី២ សម្រាប់ឆ្នាំនេះ និងឆ្នាំបន្ទាប់ ហើយទិន្នផលដែលបាត់បង់គិតរហូតដល់ឆ្នាំ២០២៦​ នឹងមានចំនួន៤០០០ពាន់លានដុល្លារ។
 
លោកស្រី Georgieva ក៏បានចង្អុលបង្ហាញពីការលំបាកបំផុតមួយ គឺសហភាពអឺរ៉ុបកំពុងប្រឈមមុខដោយសារតែសង្គ្រាមនៅអ៊ុយក្រែន ដែលអាចដាក់សម្ពាធលើធនាគារកណ្តាលក្នុងតំបន់ឱ្យផ្លាស់ប្តូរការខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីដោះស្រាយអតិផរណា៕
 

Tag:
 IMF ពាណិជ្ជកម្ម ​ អាស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com