ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
ពីមន្រ្តី NGO មានពិការភាព អ្នកស្រី សុជាតា ហ៊ានបញ្ចាំប្លង់ផ្ទះមកដំណើរការជំនួញ បែបកសិ-ទេសចរណ៍
23, Nov 2022 , 8:59 am        
រូបភាព
អ្នកស្រី  ឃួន សុជាតា  នាយិកាប្រតិបត្តិគម្រោងអចលនទ្រព្យបំណក់អេកូផាក
អ្នកស្រី ឃួន សុជាតា នាយិកាប្រតិបត្តិគម្រោងអចលនទ្រព្យបំណក់អេកូផាក
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ អតីតមន្រ្តី NGO និងជាអ្នកសារព័ត៌មានមួយរូប អ្នកស្រី ឃួន សុជាតា បានសម្រេចចិត្តផ្លាស់ប្តូរអាជីពដែលខ្លួនធ្លាប់ធ្វើជាច្រើនឆ្នាំ មកចាប់ជំនាញថ្មីក្នុងវិស័យអចលនទ្រព្យបែប កសិ - ទេសចរណ៍ជាមួយស្វាមី។ ស្រ្តីមានពិការភាព វ័យ៣៧ឆ្នាំរូបនេះ បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ ក្នុងកម្មវិធី «គំនិតថ្មី» ថា បទពិសោធន៍ផ្នែកអចលនទ្រព្យ និងទំនុកចិត្តនោះ ទើបខ្លួននិងស្វាមី ហ៊ានយកប្លង់ផ្ទះទៅបញ្ចាំ ដើម្បីបានជាដើមទុនមកដំណើរការគម្រោងបំណក់អេកូផាកដូចបច្ចុប្បន្ន។




អ្នកស្រី  ឃួន សុជាតា  ក្នុងបទសម្ភាសជាមួយ សារព័ត៌មានថ្មីៗ  ក្នុងកម្មវិធី «គំនិតថ្មី»
 
សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង វាគ្មិន អ្នកស្រី ឃួន សុជាតា នាយិកាប្រតិបត្តិគម្រោងបំណក់អេកូផាក ជាមួយ កញ្ញា សុង សុធាវី  អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖




 
កញ្ញា សុង សុធាវី៖ ច្រើនឆ្នាំ ដែលអ្នកស្រីធ្វើការងារជាមន្រ្តី NGO  និងផ្នែកសារព័ត៌មានខ្លះដែរ តែប៉ុន្មានឆ្នាំចុងក្រោយនេះអ្នកស្រីបានងាកមកប្រឡូកក្នុងមុខជំនួញបែប កសិ - ទេសចរណ៍វិញ ហេតុអ្វី?
 
អ្នកស្រី ឃួន សុជាតា៖ ចាស ​ទាក់នឹងការងារសង្គម ពីមុនពេលគិតថាមករកស៊ីខ្លួនឯងវិញ​ រាងស្តាយដែរ តែ  បើយើងនៅតែធ្វើការឱ្យគេ មិនអាចមានឱកាស និងគំនិតខ្លួនឯង បង្ហាញឱ្យឃើញថា យើងមានសមត្ថភាពដឹកនាំបានកំរិតណាទេ! យើងស្តាយនៅតែស្តាយ តែទោះជាមកធ្វើជំនួញវិញ ក៏មិនចោលការងារសង្គមដែរ គឺតែងតែឆ្លៀតជួយជានិច្ច។ 
 
កញ្ញា សុង សុធាវី៖ អ្នកស្រីធ្លាប់តែធ្វើការងារសង្គមស្ទាត់ជំនាញហើយ តែងាកមកធ្វើជំនួញដំបូងៗ តើមានការបត់បែនបែបណា?
 
អ្នកស្រី ឃួន សុជាតា៖ និយាយរួមទៅគឺខុសគ្នាខ្លាំងមែនទែនពីការធ្វើការឱ្យគេ សឹងតែ ១០០%! តែយើងត្រូវព្យាយាមធ្វើ តាំងពីចំណុចដំបូង ដែលយើងត្រូវមានទំនួលខ្ពស់ខ្លាំង លែងមានប្រាក់ខែហើយ តែត្រូវគិតពីប្រាក់ខែបុគ្គលិកវិញ។ ចំពោះការងារដែលស្រឡាញ់ពីមុនក៏នៅតែឆ្លៀតជួយខ្លះដែរ មិនបានបោះបង់ចោលទេ។ 
 
កញ្ញា សុង សុធាវី៖ អ្នកស្រី ជាអ្នកដឹកនាំផង ជាម្តាយផង ភរិយាផង តើមានការរៀបចំខ្លួនដូចម្តេច?
 
អ្នកស្រី ឃួន សុជាតា៖ ពីមុនយើងគិតថា យើងពិការភាពហើយទោរទន់ជាមួយអ្វីដែលយើងបាត់បង់ តែយើងគិតវិញថា ទោះយើងយឺតជាងគេផ្នែកនេះបន្តិច ក៏យើងនៅតែខិតខំបន្តដូចគ្នា។ បច្ចុប្បន្នយើងមានគ្រួសារ ត្រូវតែបែងចែកពេលវេលាគ្នាឱ្យច្បាស់ ពេលណាសម្រាប់ការងារ  សម្រាប់គ្រួសារ និងខ្លួនឯងឱ្យបាន។


 អ្នកស្រី  ឃួន សុជាតា  នាយិកាប្រតិបត្តិគម្រោងអចលនទ្រព្យបំណក់អេកូផាក...
 
កញ្ញា សុង សុធាវី៖ នាងខ្ញុំមើលឃើញថា ជំនួញនេះមានទាំងស្វាមី និងភរិយាទៅទន្ទឹមគ្នាតែម្តង តើវាផ្តល់ភាពងាយស្រួលដូចម្តេច?
 
អ្នកស្រី ឃួន សុជាតា៖ វាជារឿងល្អសម្រាប់ខ្ញុំ ព្រោះយើងមានបទពិសោធន៍ធ្លាប់ធ្វើការងារនេះសហការជាមួយដៃគូផ្សេងៗពីមុន ហើយត្រូវតែឱ្យទៅទន្ទឹមគ្នា មិនមើលបំណាំគ្នា ថាប្រពន្ធត្រូវតែមើលកូន ធ្វើការងារផ្ទះ គឺមិនមែនបែបនេះរហូតទេ គឺយើងជួយគ្នា អាចធ្វើការងារជំនួសគ្នាបាន។ លើសពីនេះយើងប្រើជំនាញពិសេសរៀងៗខ្លួន ដើម្បីជាការបំពេញឱ្យគ្នាទៅវិញទៅមក។ ដូចជារឿងលក់ដូរ និងធ្វើទីផ្សារហ្នឹងជាជំនាញខាងយើង។ ដូចនេះ ទើបយើងអាចធ្វើឱ្យវាទៅមុខដោយរលូនបាន។
 
កញ្ញា សុង សុធាវី៖ ទោះបីទើបប្រឡូកចូលវិស័យនេះទេ តែអ្នកស្រីហាក់លេចធ្លោក្នុងការលក់ និងធ្វើទីផ្សារនៃអាជីវកម្មរបស់ខ្លួន តើអ្នកស្រីមានតិចនិកបែបណាដែរ?
 
អ្នកស្រី ឃួន សុជាតា៖ ចាសទាក់ទងនឹងការចែករំលែកនេះ វាមិនដូចគ្នាទាំងអស់ទេពីរបៀបធ្វើទីផ្សារ ខ្ញុំមិនបានរៀនពីជំនាញនេះច្រើនទេ តែសុំនិយាយពីបទពិសោធន៍ផ្តាល់ខ្លួនគឺ ទី១ ត្រូវមានក្តីស្រឡាញ់ជាមួយវា តើរបស់ហ្នឹងអាចលក់បានអត់ ហើយលក់របៀបមិច? តើមានភាពល្អឯក ឬ ពិសេសសម្រាប់ខ្លួនឯងអត់? យើងមើលពីគុណភាពវា ហើយមើលទីផ្សារក្នុងស្រុកគេលក់មិច? សុខចិត្តចំណេញតិច តែអាចឱ្យយើងទៅមុខបានរហូត។ រីឯការធ្លាប់ខាតបង់ទុកជាបទពិសោធន៍របស់យើង បន្ទាប់មកត្រូវធ្វើបែបណា ដើម្បីឱ្យការលក់យើងកាន់តែខ្លាំង! 
 
កញ្ញា សុង សុធាវី៖ ត្រង់ចំណុចនេះ ឃើញថា អតិថិជនក៏លំដាប់អ្នកមានជីវភាពខ្ពស់ដែរ តើអ្នកស្រីអាចទំនាក់ទំនងពួកគាត់ដូចម្តេច?
 
អ្នកស្រី ឃួន សុជាតា៖ ចាសមានអ្នកសួរច្រើនដែរត្រង់ចំណុចនេះ! ជារឿងមួយដែលទាមទារឱ្យយើងមានការទំនាក់ទំនងល្អ ត្រូវចូលខ្លួនក្នុងការងារសង្គមគ្រប់ឋានៈ ទាំងជាមួយអ្នកធំ អ្នកតូច គឺត្រូវគោរព ស្រឡាញ់ទៅតាមប្រភេទរបស់ពួកគាត់ ពោលគឺ យើងជាអ្នកលក់ពិតប្រាកដ។ យើងស្គាល់របស់ខ្លួនឯងច្បាស់! បើយើងច្បាស់ហើយ គេមិនខ្លាចអ្វីនឹងទិញរបស់យើងទេ! សំខាន់អ្នកទិញគេជឿជាក់លើយើងអ្នកលក់ហ្នឹងផង បើយើងជាមនុស្សច្បាស់លាស់ មានកិត្តិនាមល្អ នោះផលិតផលយើងនឹងលក់ដាច់តាមហ្នឹងដែរ។
 
កញ្ញា សុង សុធាវី៖  ចំនុចសំខាន់មួយ ត្រង់ថា អ្នកស្រី និងស្វាមី ហ៊ានយកប្លង់ផ្ទះ ប្លង់ដីទៅដាក់បញ្ចាំ ដើម្បីបានជាដើមទុនមកប្រកបរបរនេះ ហេតុអ្វីអ្នកស្រីហ៊ានប្រថុយខ្លាំងម្ល៉េះ?
 
អ្នកស្រី ឃួន សុជាតា៖ ចាស ត្រង់នេះសំខាន់ណាស់! ការរកស៊ី បើយើងមិនហ៊ានប្រថុយទេ យើងមិនអាចចាប់ឱកាសបានទេ! អ៊ីចឹងយើងមើលឃើញឱកាសល្អ ហើយយើងជឿជាក់លើខ្លួនឯងថាយើងអាចធ្វើបានមកវិញ យើងអាចលក់បានមកវិញ ហើយអាចពង្រីកបានថែមទៀត។ មុនដំបូង យើងរាងភ័យដែរ តែយើងហ៊ានវិញបន្តិច ហើយយើងទុកចិត្តលើគ្នា ព្រោះយើងមិនមានសហការជាមួយអ្នកក្រៅឯណាទេ។ ជាងនេះទៀតយើងក៏បង្កើតគំនិតថ្មី ប្លែក ទាក់ទាញ ហើយប្រើប្រាស់សក្តានុពលវិស័យកសិកម្មក្នុងស្រុកយើង។ យើងនិយាយពិតៗ ហើយធ្វើឱ្យចេញជាលទ្ធផល ដែលនាំឱ្យអតិថិជនកាន់តែជឿជាក់លើយើងថែមទៀត។ ជារួមគឺ ហាសិបៗ ដែលយើងជឿលើខ្លួនឯង ហើយមកដល់ពេលនេះយើងសាងខ្លួនឯងមកបាន ៧០%ហើយ ដូចនេះយើងមិនអាចបកទៅក្រោយវិញបានទេ។ ដូចយើងជិះកង់អ៊ីចឹង បើជិះៗហើយ ស្រាប់តែឈប់ធាក់ យើងនឹងដួលវិញតែម្តង។
 
កញ្ញា សុង សុធាវី៖  ទម្រាំតែមកដល់ចំណុចនេះ តើអ្នកស្រីមានការកសាងកម្លាំងចិត្ត និងលើកទឹកចិត្តខ្លួនឯងដោយរបៀបណា ក្នុងនាមជាអ្នកដឹកនាំដឹកនាំក្រុមហ៊ុនអចលនទ្រព្យហ្នឹង?
 
អ្នកស្រី ឃួន សុជាតា៖ ចាស ឧបសគ្គមានច្រើនមែនទែន មានទាំងការងារខាងក្នុង  ការងារខាងក្រៅ បុគ្គលិក រឿងលុយកាក់។ល។ នៅពេលបាក់ទឹកចិត្ត ខ្ញុំតែងសួរខ្លួនឯងថា បើយើងបាក់ទឹកចិត្តអ្នកណាជួយយើងបាន? មានតែគ្រួសារយើង និងខ្លួនឯងទេ។ អ៊ីចឹង យើងមិនអាចរំពឹងលើមិត្តភក្តិ ឬ អ្នកស្គាល់ណាទេ គឺមានតែយើងទើបអាចជួយខ្លួនឯងបាន។ បើយើងមិនជំនះទេ គឺយើងត្រូវបាត់បង់ឱកាសទាំងអស់។ យើងត្រូវតែបន្តធ្វើទៀត ទោះបានតិចក្តី ច្រើនក្តី ព្រោះស្តាយការខិតខំកន្លងមក។ ទោះផ្លូវនេះ យើងពិបាកដើរបន្តិចមែន តែយើងដើរដល់ តែបើយើងមិនទាន់បានដើរផង ហើយយើងថាពិបានមុនហើយ វាមិនអាចទៅមុខទេ។ អ៊ីចឹងយើងត្រូវទៅមុខ កុំចុះចាញ់! អ្នកដែលជាមេរបស់គេ យល់អារម្មណ៍នេះច្បាស់ណាស់។ បុគ្គលិកមានទាំងនៅជិត និងនៅឆ្ងាយ ដែលវាសុទ្ធតែជាឧបសគ្គ។ អ៊ីចឹងយើងធ្វើអ្វី ត្រូវមានរបៀបរបបឱ្យបានច្បាស់សម្រាប់ខ្លួនឯង និងស្ថាប័ន  ត្រូវពង្រឹងយ៉ាងម៉ិច? កាត់បន្ថយដូចម្តេច? ដាក់បញ្ចូលគ្នាម៉ិច? យើងត្រូវយល់ខ្លួនឯង បើមិនយល់ខ្លួនឯងទេ បើកគម្រោងមួយៗ ដឹងតែបិទទៅវិញហើយ វាសំខាន់នៅត្រង់យើងជាអ្នកដឹកនាំហ្នឹងហើយ៕
 
 
 
 
 
 

Tag:
 វិស័យកសិ - ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com