អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ស្តេចម៉ាឡេស៊ី នឹងជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី ក្រោយគ្មានបក្សមានសំឡេងគ្រប់បង្កើតរដ្ឋាភិបាល
22, Nov 2022 , 5:49 pm        
រូបភាព
 មហាក្សត្រម៉ាឡេស៊ី Abdullah Sultan Ahmad Shah។ រូបថត AFP
មហាក្សត្រម៉ាឡេស៊ី Abdullah Sultan Ahmad Shah។ រូបថត AFP
ដោយ:
ស្តេចម៉ាឡេស៊ី Al-Sultan Abdullah មានបន្ទូលនៅថ្ងៃទី២២ ខែវិច្ឆិកាថា ទ្រង់នឹងជ្រើសរើសនាយករដ្ឋមន្រ្តីបន្ទាប់ឆាប់ៗនេះ បន្ទាប់ពីបក្សនយោបាយដែលមានសំឡេងនាំមុខគេទាំងពីរមិនអាចស្វែងរកអាសនៈភាគច្រើនដើម្បីបង្កើតរដ្ឋាភិបាលបាន។

 
ដោយសារតែមកទល់ពេលនេះមិនមានបក្សណាមួយទទួលបានសំឡេងគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាល ការសម្រេចចិត្តជ្រើសរើសនាយករដ្ឋមន្រ្តីម៉ាឡេស៊ីថ្មីនឹងធ្លាក់លើព្រះមហាក្សត្រ។ កន្លងមក ស្តេចម៉ាឡេស៊ីទុកពេលឱ្យបក្សនយោបាយត្រឹមថ្ងៃទី២២ ខែវិច្ឆិកានៅម៉ោង២រសៀល(ម៉ោងក្នុងស្រុក)ដើម្បីស្វែងរកការគាំទ្រពីបក្ស ឬសម្ព័ន្ធភាពដទៃទៀតបង្រ្គប់សំឡេងភាគច្រើននៅសភាចំនួន១១២។
 
«ចាំឱ្យខ្ញុំធ្វើការសម្រេចចិត្តឆាប់ៗ»។ ស្តេចម៉ាឡេស៊ី Al-Sultan Abdullah  មានបន្ទូលបែបនេះទៅកាន់អ្នកកាសែតនៅថ្ងៃទី២២ ខែវិច្ឆិកាក្រៅព្រះបរមរាជវាំងដោយមិនលម្អិតពីពេលច្បាស់លាស់។ ទ្រង់ក៏បានសើ្នសុំឱ្យប្រជាជានម៉ាឡេស៊ីទទួលយកគ្រប់សេចក្តីសម្រេចចិត្តទាក់ទងនឹងការបង្កើតរដ្ឋាភិបាលនេះ។ 
 
ក្នុងសេចក្តីថ្លែងការណ៍មួយក្រោយទៀត ព្រះបរមរាជវាំងប្រកាសថា គ្មានសមាជិកសភាណាអាចទទួលបានសំឡេងភាគច្រើនដើម្បីតែងតាំងជានាយករដ្ឋមន្រ្តីម៉ាឡេស៊ីសម្រាប់អាណត្តិបន្ទាប់នោះទេ។ សេចក្តីថ្លែងការណ៍ដដែលនេះក៏បានបញ្ជាក់ពីការអញ្ជើញលោក អាន់វ៉ា អ៊ីប្រាហ៊ីម និងលោក មូហ៊ីឌីន យ៉ាស៊ីន ទៅគាល់ស្តេចនៅល្ងាចថ្ងៃដដែលផងដែរ។ មិនមានព័ត៌មានលម្អិតណាក្រោយជំនួបនេះឡើយ។
 
ម៉ាឡេស៊ី បោះឆ្នោតជ្រើសរើសសមាជិកសភាសម្រាប់អាណត្តិទី១៥កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ប៉ុន្តែមិនមានបក្សណាទទួលបានសំឡេងភាគច្រើនដើម្បីបង្កើតរដ្ឋាភិបាលបានទេ។ សម្ព័ន្ធភាពដឹកនាំដោយបក្សប្រឆាំងលោក អាន់វ៉ា អ៊ីប្រាហ៊ីម ទទួលបានកៅអី៨១ក្នុងចំណោមកៅអី២២២ ខណៈបក្សរបស់អតីតនាយករដ្ឋមន្រ្តីលោក យ៉ាស៊ីន ទទួលបាន៧៣កៅអី។ សម្ព័ន្ធភាពកំពុងដឹកនាំប្រទេស Barisan Nasional ដែលចោមរោមដោយសំណុំរឿងពុករលួយ ទទួលបាន៣០កៅអី។
 
សម្ព័ន្ធនេះ ក៏មិនចូលរួមជាមួយសម្ព័ន្ធណាមួយដែរ ហើយប្រកាសធ្វើជាក្រុមប្រឆាំងតែម្ដង៕
 
 
 
 
 

Tag:
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com