អន្តរជាតិ
ប្រមុខការពារចិន ព្រមានសមភាគីអាម៉េរិក ជុំវិញខ្សែបន្ទាត់ក្រហមលើកោះតៃវ៉ាន់
22, Nov 2022 , 10:06 pm        
រូបភាព
ជំនួបរវាងរដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន ជាមួយសមភាគីចិន លោកវ៉ី ហ្វឹងហឺ  នៅខេត្តសៀមរាប កម្ពុជា។ រូបភាពយកក្រសួងការពារជាតិចិន
ជំនួបរវាងរដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន ជាមួយសមភាគីចិន លោកវ៉ី ហ្វឹងហឺ នៅខេត្តសៀមរាប កម្ពុជា។ រូបភាពយកក្រសួងការពារជាតិចិន
រដ្ឋមន្រ្តីការពារជាតិ និងជាទីប្រឹក្សារដ្ឋចិន លោក វ៉ី ហ្វឹងហឺ នៅថ្ងៃទី២២ ខែវិច្ឆិកា បានជួបជាមួយសមភាគីអាម៉េរិក លោក ឡយ អូស្ទីន នាទឹកដីសៀមរាប។ ក្នុងជំនួបទ្វេភាគីនេះ ប្រមុខការពារជាតិចិន បានព្រមានជាថ្មីទៅកាន់សមភាគីអាម៉េរិក មិនឱ្យឆ្លងបន្ទាត់ក្រហមលើកោះតៃវ៉ាន់។



 
ក្នុងថ្ងៃទី២២ ខែវិច្ឆិកា រដ្ឋមន្រ្តីការពារជាតិចិន លោក វ៉ី ហ្វឹងហឺ បានជួបជាមួយលោក ឡយ អូស្ទីន រដ្ឋមន្រ្តីការពារជាតិអាម៉េរិក ដោយភាគីទាំងពីរ បានជជែកលើបញ្ហាជាច្រើនដូចជា អ៊ុយក្រែន ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ជាពិសេសបញ្ហាកោះតៃវ៉ាន់ ដែលចិន និងអាម៉េរិក តែងប៉ះទង្គិចពាក្យសម្តីជាមួយគ្នា ហើយចិនថែមទាំងឈានទៅដល់ការដាក់ទណ្ឌកម្មលើប្រធានសភាតំណាងអាម៉េរិក លោកស្រី ណាន់ស៊ី ផេនឡូស៊ី ថែមទៀត។ 
 
ក្នុងកិច្ចពិភាក្សានេះ លោក វ៉ី បានសង្កត់ធ្ងន់ថា៖ «តៃវ៉ាន់ជារបស់ចិន ហើយការស្វែងរកដំណោះស្រាយលើតៃវ៉ាន់ ជាប្រធានបទដ៏សំខាន់សម្រាប់ប្រជាជនចិន»។ ប្រមុខការពារជាតិចិន បានបន្ថែមថា បញ្ហាតៃវ៉ាន់ ជាបន្ទាត់ក្រហមដ៏សំខាន់នៅក្នុងទំនាក់ទំនងទ្វេភាគីរវាងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង ហើយជាផលប្រយោជន៍ដ៏សំខាន់សម្រាប់ចិន។ 
 
ត្រង់ចំណុចនេះ រដ្ឋមន្រ្តីការពារជាតិចិន បានបញ្ជាក់ថា យោធាចិនផ្តល់តម្លៃលើទំនាក់ទំនងជាមួយអាម៉េរិក ប៉ុន្តែលុះត្រាតែក្រុងវ៉ាស៊ីនតោនគោរពផលប្រយោជន៍ស្នូលរបស់ចិន។ សម្រាប់ផលប្រយោជន៍ស្នូលនេះ លោក វ៉ី គឺចង់សំដៅដល់បញ្ហាតៃវ៉ាន់។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN៕ 
 
 

Tag:
 ចិន
  អាម៉េរិក
  កម្ពុជា
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com