កីឡាអន្តរជាតិ
អន្តរជាតិ
Man United ប្រកាសបញ្ចប់ទំនាក់ទំនងជាមួយ Ronaldo អំឡុង World Cup
23, Nov 2022 , 6:29 am        
រូបភាព
ក្លិប Manchester United ថ្ងៃទី២២ ខែវិច្ឆិកា បានប្រកាសបញ្ចប់ទំនាក់ទំនងខ្លួនជាមួយខ្សែប្រយុទ្ធ Cristiano Ronaldo ក្រោយកីឡាកររូបនេះបានរិះគន់ក្លិប និងអ្នកចាត់ការលោក Erik ten Hag។ ការបញ្ចប់ទំនាក់ទំនងនេះ ក្លិបបិសាចក្រហមបានអះអាងថាដោយការព្រមព្រៀងរវាងក្លិបនឹងកីឡាករផ្ទាល់។

 
សេចក្តីប្រកាសដែលបានផ្សាយនៅលើគេហទំព័រក្លិប Man United ក៏បានអរគុណ និងជូនពរទៅកាន់ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ ចំពោះវត្តមានរូបគេរយៈពេលជាង ១រដូវកាលកន្លះមកនេះ ហើយក្លិបក៏បានបន្ថែមទៀតថាក្រុមត្រូវការផ្តោតអារម្មណ៍បន្តលើការប្រកួតនិងការអភិវឌ្ឍក្រុមធ្វើដំណើរទៅមុខក្រោមការដឹកនាំរបស់លោក Ten Hag។
 
សម្រាប់ Man United ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់បានលេងឱ្យក្រុមដោយសរុបទាំងពីរលើក ចំនួន ៣៤៦ប្រកួត និងស៊ុតរកគ្រាប់បាល់ឱ្យក្រុមចំនួន ១៤៥គ្រាប់ដែលជាកំណត់ត្រាដ៏ច្រើនមួយប្រចាំក្លិប។ កាលពីរដូវកាល ២០២១-២២ Ronaldo រកគ្រាប់បាល់ឱ្យ Man United បានចំនួន ២២គ្រាប់រាល់គ្រប់ការប្រកួត។
 
មូលហេតុចម្បងដែលធ្វើឱ្យក្រុមបិសាចក្រហមសម្រេចបញ្ចប់កិច្ចសន្យាជាមួយ Ronaldo ក៏ព្រោះតែកាលពីពេលថ្មីៗនេះ តារាបាល់ទាត់ឆ្នើមរូបនេះបាននិយាយរិះគន់ចំៗទៅកាន់ក្រុមបិសាចក្រហមថាបានក្បត់រូបគេ ដែលគេក៏ជាមនុស្សម្នាក់បានជួយក្រុមខ្លាំងនាពេលកន្លងមក។

Ronaldo បានរិះគន់ទៅកាន់អ្នកចាត់ការខ្លួនគឺលោក Ten Hag ថាមានបំណងចង់កម្ចាត់រូបគេចេញពីក្លិបដែលមានការចូលរួមពីបុគ្គលមានឥទ្ធពលនៅក្នុងក្លិប ២ ឬ ៣នាក់ ក្រោយរូបគេគ្មានឈ្មោះក្នុងបញ្ជីក្រុមសម្រាប់ការប្រកួត ២លើកជាប់គ្នាមុនការប្រកួត World Cup បានមកដល់។
 
មិនត្រឹមតែប៉ុណ្ណោះនាកិច្ចសម្ភាសន៍ក្នុងកម្មវិធី Piers Morgan Uncensored អតីតកីឡាករក្រុម Real Madrid និង Juventus បានអះអាងបន្ថែមការមកកាន់ទឹកដី Old Trafford ជាលើកទីពីរគឺស្របតាមការណែនាំរបស់លោក Sir Alex Ferguson តែប៉ុណ្ណោះ ខណៈរូបគេផ្ទាល់ក៏ដឹងអំពីស្ថានភាពក្រុមបែបណានាពេលនោះ។
 
បច្ចុប្បន្ន Ronaldo កំពុងតែស្ថិតនៅជាមួយក្រុមជម្រើសព័រទុយហ្កាល់ត្រៀមសម្រាប់ការប្រកួតព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា ហើយដែលជាការបង្ហាញខ្លួនលើកទី៥ សម្រាប់រូបគេក្នុងអាជីពជាកីឡាករបាល់ទាត់។ 
 
ក្រោយការប្រកាសនេះទៀតសោត មិនទាន់មានព័ត៌មានច្បាស់លាស់ណាមួយឡើយថាតើក្លិបថ្មីមួយណាដែល Ronaldo នឹងត្រូវចូលរួមក្រោយពីការបញ្ចប់បេសកកម្មនៅ World Cup ប្រទេសកាតារួចរាល់៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com