ជាតិ
ពីនេះ ពីនោះ
បេក្ខភាព១០រូប ទទួលបានជ័យលាភី ក្នុងកម្មវិធីប្រកួតប្រជែងមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥
23, Nov 2022 , 9:50 am        
រូបភាព
ម្ចាស់ជ័យលាភី (អវត្តមានមួយរូប) និងគណៈអធិបតី ក្នុងកម្មវិធីប្រកួតប្រជែងអក្សរសិល្ប៍​រឿងខ្លី និង កំណាព្យ ក្រោមការរៀបចំ មហោស្របអក្សរសិក្ប៍ខ្មែរ។ រូបភាពពីទំព័រហ្វេកប៊ុក មហោស្រពអក្សរសិល្ប៍ខ្មែរ។
ម្ចាស់ជ័យលាភី (អវត្តមានមួយរូប) និងគណៈអធិបតី ក្នុងកម្មវិធីប្រកួតប្រជែងអក្សរសិល្ប៍​រឿងខ្លី និង កំណាព្យ ក្រោមការរៀបចំ មហោស្របអក្សរសិក្ប៍ខ្មែរ។ រូបភាពពីទំព័រហ្វេកប៊ុក មហោស្រពអក្សរសិល្ប៍ខ្មែរ។
ភ្នំពេញ៖ មហោស្របអក្សរសិល្ប៍ខ្មែរលើកទី៥ រកឃើញម្ចាស់ជ័យលាភី១០រូប ដោយផ្នែករឿងខ្លីមាន៥ចំណាត់ថ្នាក់ និង កំណាព្យចំនួន៥ចំណាត់ថ្នាក់។



«សំឡេងទ្រកំដរប្រាសាទ» គឺជាកំណាព្យ របស់លោក វណ្ណ សារ៉េត កវីមកពីខេត្តព្រៃវែង ទទួលបានជ័យលាភីលេខ១។ ជ័យលាភីលេខ២បានទៅលើកំណាព្យក្រោមចំណងជើង «ល្បើកសត្វខ្លា» ជាស្នាដៃរបស់ លោក ឡឹក សុធារ និង ជ័យលាភីលេខ៣បានទៅលើកំណាព្យ «វេទិកាតុកាហ្វេ» របស់កវី ហ៊ួត វាសនា។ 
  

អ្នកចូលរួមក្នុងពិធីប្រគល់ពានរង្វាន់អក្សរសិល្ប៍ នៃមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥។ រូបភាពពីទំព័រហ្វេកប៊ុក មហោស្រពអក្សរសិល្ប៍ខ្មែរ។ 
 
ក្រៅពីជ័យលាភីទាំងបីខាងលើ ក្នុងនោះមានកំណាព្យ២ចំណងជើងទៀត ដែលទទួលបានជ័យលាភីកិតិយស ក្នុងនោះ«ទំនួញអក្សរសាស្ត្រ» ជាស្នាដៃ កញ្ញា ហេង មៀនមៀន និង «ឆ័ត្រ» ជាស្នាដៃ កញ្ញា លឹម ផាន់ណា។ 
 
ដោយឡែកផ្នែករឿងខ្លី ជ័យលាភីលេខ២ បានទៅលើ លោក អៀម ទិត្យសីហា ជាម្ចាស់ស្នាដៃ «ខ្សែទឹក»។ លំដាប់ជ័យលាភីទី៣ស្ទួន លោក ស៊ុន វិជ័យចិត្រា ក្រោមស្នាដៃ «អ្នកណានៅលើគ្រែ?» និង រឿង «ក្រោយភ្លៀង» ជាប់ជ័យលាភីទី៣ស្ទួន របស់លោក ជា តុងហៃ។ ផ្នែកជ័យលាភីរឿងខ្លីនេះ ជាប់ជ័យលាភីកិត្តិយស២រូបផងដែរ គឺកញ្ញា ហ៊ល លីណា ម្ចាស់ស្នាដៃ «លតឆាមួយ» និង «ដួងព្រលឹង» ជាស្នាដៃរបស់ កញ្ញា កែម ចន្ទបុប្ផា។ 
 
លោក ឃុត ស៊ីខឿន នាយកគ្រប់គ្រងមហោស្រពអក្សរសិល្ប៍ខ្មែរ លោកសង្កេតឃើញថា អ្នកចូលរួមប្រកួតប្រជែងឆ្នាំនេះ គឺមានច្រើនជាងឆ្នាំមុនៗ។ ប៉ុន្តែលោកចង់ឱ្យមានការចូលរួមផ្សព្វផ្វាយបន្ថែម និងការចូលរួមឧបត្ថមពីវិស័យឯកជន ខណៈឆ្នាំនេះក្រោមការគាំទ្រដោយសណ្ឋាគារ Rosewood Phnom Penh។ 


 លោក ឃុត សុខឿន នាយកគ្រប់គ្រងមហោស្រពអក្សរសិល្ប៍ខ្មែរ។ រូបភាពពីទំព័រហ្វេកប៊ុក មហោស្រពអក្សរសិល្ប៍ខ្មែរ។ 
 
លោកសង្កត់ធ្ងន់ដូច្នេះ៖ «នៅឆ្នាំបន្ទាប់យើងក៏នឹងមានរៀបចំការប្រឡងប្រកួតប្រជែងអក្សរសិល្ប៍ដូចឆ្នាំកន្លងមកដែរ ហើយសង្ឃឹមថាឆ្នាំបន្តបន្ទាប់ នឹងមានវិស័យឯកជន សប្បុរសជនចូលរួមឧបត្ថមគាំទ្រ ឬប្រាក់ឧបត្ថមដល់ជ័យលាភីកាន់តែច្រើន»។ លោកក៏លើកទឹកចិត្ត យុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែងស្នាដៃអក្សរសិល្ប៍ ក្រោមការរៀបចំមហោស្រពអក្សរសិល្ប៍ខ្មែរ កាន់តែច្រើនផងដែរ។ 
 
នេះជាលើកទី៥ហើយ ដែលកម្មវិធីប្រកួតស្នាដៃរឿងខ្លី និង កំណាព្យ នៃមហោស្រពអក្សរសិល្ប៍ខ្មែរ រៀបចំឡើង។ ក្នុងឆ្នាំនេះ មានអ្នកចូលរួមប្រកួតស្នាដៃអក្សរសិល្ប៍ជិត២០០ស្នាដៃ។ ប៉ុន្តែមានស្នាដៃអក្សរសិល្ប៍ចំនួន១៣៣ស្នាដៃ ក្នុងនោះរឿងខ្លីចំនួន ៥៤ស្នាដៃ និង កំណាព្យចំនួន ៧៩ស្នាដៃ ត្រូវជ្រើសរើសវាយតម្លៃ។ ក្នុងចំណោមស្នាដៃដែលត្រូវបានជ្រើសរើស មានស្នាដៃរឿងខ្លីចំនួន៥ និង កំណាព្យចំនួន៥ ត្រូវបានជ្រើសរើសផ្ដល់ពានរង្វាន់ ក្នុងមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥ ឆ្នាំ២០២២នេះ។ 
 
គួរជម្រាបផងដែរថា ការប្រកួតប្រជែងអក្សរសិល្ប៍ ត្រូវបានបានចាប់ផ្ដើមឡើងក្នុងឆ្នាំ២០១៨ ក្រោមការរៀបចំឡើង ដោយមហោស្រពអក្សរសិល្ប៍ខ្មែរ។ កម្មវិធីធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួមលើកកម្ពស់វិស័យអក្សរសិល្ប៍ និង អក្សរសាស្ត្រជាតិ, លើកទឹកចិត្តដល់កវី អ្នកនិពន្ធខ្មែរ ដែលចង់សាកល្បង និង បង្ហាញស្នាដៃតែងនិពន្ធរបស់ខ្លួន៕ 
 

Tag:
 ThmeyThmey25
  អក្សរសិល្ប៍
  មហោស្រពអក្សរសិល្ប៍ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com