អន្តរជាតិ
មហាក្សត្រម៉ាឡេស៊ីដែលមិនកាន់អំណាច ក្លាយជាតួអង្គសំខាន់ក្នុងការជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី 
មហាក្សត្រម៉ាឡេស៊ី Abdullah Sultan Ahmad Shah។ រូបថត China Daily
×![]()
ព្រះមហាក្សត្រម៉ាឡេស៊ី Al-Sultan Abdullah Sultan Ahmad Shah ក្លាយជាតួអង្គសំខាន់ក្រោយក្នុងការបោះឆ្នោតមេដឹកនាំម៉ាឡេស៊ីក្នុងពេលថ្មីៗ បន្ទាប់ពីគ្មានបក្សនយោបាយណាមានសំឡេងគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាល។ មហាក្សត្រម៉ាឡេស៊ីដែលមិនកាន់អំណាច កំពុងស្ថិតនៅចំកណ្ដាលនៃការជាប់គាំងផ្នែកនយោបាយនេះ។
មហាក្សត្រ Al-Sultan Abdullah បានលើកឡើងនៅថ្ងៃ ទី២២ ខែវិច្ឆិកាថា ទ្រង់នឹងសម្រេចចិត្តជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីក្នុងចំណោមមេដឹកនាំគណបក្សដែលទទួលបានការគាំទ្រពីការបោះឆ្នោតថ្ងៃទី១៩ ខែវិច្ឆិកា។ មេដឹកនាំប្រឆាំង អាន់វ៉ា អ៊ីប្រាហ៊ីម និងអតីតនាយករដ្ឋមន្ត្រី មូហ៊ីឌីន យ៉ាស៊ីន ដែលទទួលសំឡេងគាំទ្រលំដាប់ទី១ និងទី២ បានចូលគាល់ព្រះអង្គរួចហើយជុំវិញការបង្កើតរដ្ឋាភិបាលថ្មី ខណៈដែលបក្សទាំងពីរមិនបានទទួលការគាំទ្រគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលឡើយ។
ស្ដេច Al-Sultan Abdullah ឡើងគ្រងរាជ្យក្នុងឆ្នាំ ២០១៩ ក្នុងព្រះជន្ម៥៩វស្សា និងជាសេ្ដចទី១៦ បន្ទាប់ពីម៉ាឡេស៊ីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៥៧។ ម៉ាឡេស៊ី មានប្រព័ន្ធរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញពិសេសដែលព្រះរាជាត្រូវបានជ្រើសរើសជាវេនពីគ្រួសាររាជវង្សនៃរដ្ឋចំនួន៩ ហើយរយៈពេលសោយរាជ្យនីមួយៗគឺរយៈពេល៥ឆ្នាំ។
យ៉ាងណាមិញ ព្រះរាជាមិនមែនតែងតែមានអំណាចក្នុងការជ្រើសរើសមេដឹកនាំប្រទេសនោះឡើយ។ ជាធម្មតា ការបោះឆ្នោត ជាមធ្យោបាយកំណត់នាយករដ្ឋមន្ត្រីក្រោមប្រព័ន្ធសភា។ ខណៈនយោបាយម៉ាឡេស៊ីមិនមានស្ថិរភាពក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ស្ដេច Al-Sultan Abdullah ដែលប្រតិបត្តិតាមរដ្ឋធម្មនុញ្ញខ្ជាប់ខ្ជួន ក៏ត្រូវដើរតួសម្របសម្រួល ដើម្បីទម្លាយការជាប់គាំងពេលនេះ។
ការប្រើសិទ្ធិអំណាចក្នុងការជ្រើតាំងមេដឹកនាំដោយព្រះមហាក្សត្រធ្លាប់កើតមានពីមុន។ ព្រះរាជា Al-Sultan Abdullah តែងតាំងនាយករដ្ឋមន្ត្រីចំនួនពីររូបកន្លងមក ប៉ុន្តែនេះជាលើកទីមួយដែលព្រះរាជាជ្រើសតាំងនាយករដ្ឋមន្ត្រីដោយសារមិនមានសំឡេងគាំទ្រគ្រប់គ្រាន់ក្នុងសភា។ ស្ដេច Al-Sultan Abdullah បានជ្រើងតាំងនាយករដ្ឋមន្ត្រី មូហ៊ីឌីន ក្នុងខែកុម្ភៈឆ្នាំ ២០២០ ក្រោយពេលមហាធៀ មហាម៉ាត់ បានចុះចេញពីតំណែងនៅពេលនោះដោយសារតែការបាក់បែកបក្សសម្ព័ន្ធ។
តិចជាងមួយឆ្នាំក្រោយសម្ព័ន្ធលោក មូហ៊ីឌីន ត្រូវបានបាក់បែក មហាក្សត្រអង្គនេះ បានស្នើឱ្យសភាសម្រេចជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់ទៀតគឺលោក Ismail Sabri Yaakob ដែលកាន់តំណែងរហូតដល់ការបោះឆ្នោតថ្មីៗនេះ។
ចំពោះជំហានបន្ទាប់ ព្រះរាជា Al-Sultan Abdullah បានកោះហៅសមាជិកសភា ៣០ នាក់ពីសម្ព័ន្ធ Barian National សម្រាប់កិច្ចប្រជុំមួយនៅថ្ងៃទី២៣ ខែវិច្ឆិកាដើម្បីកំណត់នាយករដ្ឋមន្ត្រីបន្ទាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com