អន្តរជាតិ
រុស្ស៊ី សម្ពោធនាវាបំបែកទឹកកកពីរគ្រឿងទៀត ដើម្បីពង្រឹងមុខមាត់ជាមហាអំណាចតំបន់អាក់ទិក
23, Nov 2022 , 3:09 pm        
រូបភាព
ដោយ:
ជាអធិបតីក្នុងពិធីសម្ពោធនាវាបំបែកទឹកកកដើរដោយនុយក្លេអ៊ែរពីរគ្រឿងនៅថ្ងៃទី២២ ខែវិច្ឆិកា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន លើកឡើងថា នាវាបំបែកទឹកកកប្រភេទនេះពិតជាសំខាន់ណាស់សម្រាប់រុស្ស៊ីបង្កើតផ្លូវដឹកជញ្ជូនដ៏មានប្រសិទ្ធភាពតាមបណ្តោយផ្លូវសមុទ្រខាងជើង និងទៅកាន់អាស៊ីអាគ្នេយ៍។

 
ប៉ុន្មានឆ្នាំចុងក្រោយនេះ រុស្ស៊ីបានបង្កើនវត្តមានយោធានៅតំបន់អាក់ទិកទីដែលសម្បូរធនធានធម្មជាតិដូចជាប្រេង ហ្គាស និងរ៉ែបម្រុងជាដើម។ តាំងពីឆ្នាំ២០០៥ រុស្ស៊ីបានបើកមូលដ្ឋានយោធាកាលពីសម័យសហភាពសូវៀតឡើងវិញចំនួន១០ ធ្វើទំនើបកម្មកងទ័ពជើងទឹក ហើយអភិវឌ្ឍមីស៊ីលល្បឿនលឿនជាសំឡេងថ្មីដើម្បីគេចពីឧបករណ៍ចាប់សញ្ញារបស់អាម៉េរិក។ 
 
បើទោះជាប់ដៃក្នុងសង្រ្គាមនៅអ៊ុយក្រែន ក៏ដូចជាប្រឈមនឹងបញ្ហាសេដ្ឋកិច្ច ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ប្តេជ្ញាអភិវឌ្ឍកងនាវានុយក្លេអ៊ែរ។ ក្រោមអធិបតីរបស់លោក ពូទីន តាមរយៈវីដេអូពីវិមានក្រេមឡាំង រុស្ស៊ីនៅថ្ងៃទី២២ ខែវិច្ឆិការៀបចំពិធីសម្ពោធ និងលើកទង់ជាតិលើនាវាបំបែកទឹកកកដើរដោយនុយក្លេអ៊ែរពីរគ្រឿងនាទីក្រុង St. Petersburg នៅភាគខាងជើងរុស្ស៊ី។ 
 
«នាវាបំបែកទឹកកកទាំងពីរត្រូវបានសាងសង់ឡើងជាផ្នែកនៃគម្រោងជាបន្តបន្ទាប់ធំមួយ ហើយជាផ្នែកនៃកិច្ចការជាប្រព័ន្ធទ្រង់ទ្រាយធំដើម្បីបំពាក់គ្រឿងបរិក្ខា និងបំពេញបន្ថែមកងនាវាបំបែកទឹកកកក្នុងស្រុកដើម្បីពង្រឹងមុខមាត់រុស្ស៊ីជាមហាអំណាចដ៏អស្ចារ្យនៅតំបន់អាក់ទិក»។ លោក ពូទីន លើកឡើងបែបនេះដោយបញ្ជាក់ថា នាវាបំបែកទឹកកកដើរដោយនុយក្លេអ៊ែរមានសារសំខាន់ជាយុទ្ធសាស្រ្តសម្រាប់ប្រទេសលោក។
 
បើតាមលោក ពូទីន រុស្ស៊ីនឹងបង្កើនសមត្ថភាពរបស់កងនាវាបំបែកទឹកកកដើរដោយនុយក្លេអ៊ែរដោយប្រើប្រាស់ឧបករណ៍ និងគ្រឿងផ្គុំក្នុងស្រុក។ មេដឹកនាំរុស្ស៊ីរូបនេះបន្ថែមថា ក្រុងមូស្គូនឹងបើកចំហកិច្ចសហប្រតិបត្តិការជាមួយដៃគូ ហើយបើទោះប្រឈមភាពលំបាកបច្ចុប្បន្ន ក្រុងមូស្គូនឹងសម្រេចអ្វីគ្រប់យ៉ាងដែលបានគ្រោងទុក។ 
 
នាវាបំបែកទឹកកកពីរគ្រឿងនោះមានឈ្មោះ Yakutia ដែលនឹងចាប់ផ្តើមដំណើរការនៅចុងឆ្នាំ ២០២៤ និងមួយគ្រឿងទៀតឈ្មោះ Ural គ្រោងចេញប្រតិបត្តិការនៅខែធ្នូ។ នាវាបំបែកទឹកកកប្រភេទនេះមានប្រវែង១៧៣,៣ ម៉ែត្រជាមួយសមត្ថភាពរំកិលផ្ទៃទឹកកកដល់ទៅ ៣៣,៥៤០ តោនហើយអាចបំបែកកម្រាស់ទឹកកកដល់ទៅបីម៉ែត្រ។ 
 
ជាថ្មីម្តងទៀត លោក ពូទីន ក៏បានសង្កត់ធ្ងន់ពីសារសំខាន់នៃការអភិវឌ្ឍដែលខ្លួនហៅថា ផ្លូវសមុទ្រខាងជើងដែលអាចឱ្យកប៉ាល់ធ្វើដំណើរទៅដល់កំពង់ផែអាស៊ីលឿនជាងតាមរយៈប្រឡាយស៊ុយអេដល់ទៅ១៥ថ្ងៃ៕
 
 
 
 
 

Tag:
 រុស្ស៊ី
  អាក់ទិក
© រក្សាសិទ្ធិដោយ thmeythmey.com