FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ឈ្នះអាហ្សង់ទីន ពលរដ្ឋអារ៉ាប៊ីសាអូឌីតកាន់តែមានមោទកភាពចំពោះប្រទេសខ្លួន
23, Nov 2022 , 3:39 pm        
រូបភាព
សំឡេងភ្លេងជាតិរបស់អារ៉ាប៊ីសាអូឌីតបានបន្លឺឡើងនៅតាមហាងលក់ទំនិញ ហាងកាហ្វេ និងតាមការិយាល័យនានាក្នុងទីក្រុង Jeddah ដើម្បីអបអរជ័យជម្នះរបស់ជម្រើសជាតិអារ៉ាប៊ីសាអូឌីតលើក្រុមខ្លាំងអាហ្សង់ទីន ២-១ ដ៏គួរភ្ញាក់ផ្អើល នាការប្រកួតបើកឆាក FIFA World Cup 2022។ មិនត្រឹមតែអារ៉ាប៊ីសាអូឌីតឡើយ មនុស្សរាប់លាននាក់ដែលទស្សនាការប្រកួតនេះ ក៏ភ្ញាក់ផ្អើលខ្លាំងចំពោះលទ្ធផលនេះដែរ។



អ្នកគាំទ្រខ្លះបានច្រៀងរាំនៅតាមដងផ្លូវ ខណៈអ្នកគាំទ្រផ្សេងទៀតបានលើកទង់ជាតិអារ៉ាប៊ីសាអូឌីតក្រវី ហើយខ្លះបានផ្តល់ទង់ជាតិ និងនុំនែកនានាដល់មនុស្សដែលបានដើរកាត់ដោយផ្សព្វផ្សាយពីជ័យជម្នះ។ ការអបអរមិនមែនតែអ្នកគាំទ្រនៅកីឡដ្ឋាននាប្រទេសកាតាផ្ទាល់ឡើយ។
 
«ខ្ញុំស្រក់ទឹកភ្នែក ខ្ញុំមិនអាចជឿរឿងនេះបានឡើយ វាជាការប្រកួតដ៏អស្ចារ្យបំផុតក្នុងជីវិតខ្ញុំ។»។ នេះបើតាមសម្តីអ្នកគាំទ្រអារ៉ាប៊ីសាអូឌីត ​​​​​​​​​​Ameera Mohammed ដែលស្ថិតក្នុងទីក្រុង Jeddah ប្រាប់កាសែត​ The National។
 
Pupil Faisal Alamri ដែលជាសិស្សជនជាតិអារ៉ាប៊ីសាអូឌីតថារូបគេបានទស្សនាការប្រកួតនៅសាលារៀន និងបានច្រៀងចម្រៀងជាតិអបអរជ័យជម្នះលើក្រុមខ្លាំងអាហ្សង់ទីន។ 
«នេះជាអារម្មណ៍ដ៏ល្អបំផុតមួយក្នុងពិភពលោក ខ្ញុំពិតជាមានមោទកភាពខ្លាំងលើប្រទេសខ្ញុំ ក្រុមខ្ញុំ ហើយពួកគេលេងដូចក្រុមជើងឯកអ៊ីចឹងទល់អាហ្សង់ទីន ពួកគេមិនបណ្តោយឱ្យ Messi ឬពិភពលោកដទៃដាក់សម្ពាធលើបានឡើយ។»។ Alamri និយាយបែបនេះ។
 
លើកពីនេះទៅទៀតការិយាល័យរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតត្រូវបានតម្រូវឱ្យបិទលឿនជាងពេលធម្មតាដើម្បីអនុញ្ញាតឱ្យបុគ្គលិកបានទស្សនាការប្រកួត។ លោក Afzal Khan ដែលជាជនជាតិឥណ្ឌារស់នៅអារ៉ាប៊ីសាអូឌីតបាននិយាយថាប្រធានក្រុមហ៊ុនលោកតម្រូវឱ្យបិទហាងលឿនជាងពេលរាល់ដងដើម្បីអបអរជ័យជម្នះលើអាហ្សង់ទីន។ 
 
បុរសជនជាតិឥណ្ឌាបន្ថែមថា៖«ប្រធានខ្ញុំបានប្រាប់ថាឱ្យខ្ញុំទៅផ្ទះដើម្បីអបអរជ័យជម្នះដ៏អស្ចារ្យ នេះជារឿងដ៏កអស្ចារ្យខ្លាំងមួយសម្រាប់ខ្ញុំ ព្រោះខ្ញុំក៏បានកើតនៅទីនេះ ខ្ញុំមានអារម្មណ៍ថាមោទកភាព និងគិតចំពោះការបង្ហាញទម្រង់លេងដ៏ល្អខ្លាំងនៃពួកគេជាពិសេសអ្នកចាំទី គេល្អខ្លាំងណាស់។»។ 
 
នៅតាមដងវិថីនានាក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ​ប្រជាជនបានស្រែកច្រៀងឈ្មោះកីឡាករ និងការក្រវីទង់ជាតិពីសំណាក់ប្រជាជនទូទាំងទីក្រុង។ សូម្បីតែមន្ត្រីប៉ូលិស មន្ត្រីផ្នែកផ្សព្វផ្សាយក៏អបអរលើការឈ្នះនេះដែរ។ 
 
«គួរឱ្យភ្ញាក់ផ្អើលអារ៉ាប៊ីសាអូឌីតបង្ហាញការលេងថ្មីជាមួយភាពជាអ្នកដឹកនាំ យើងអាចរំពឹងថាយើងនឹងទទួលបានការឈ្នះនៅប្រកួតបន្ត។ ទាំងក្រុមបាល់ទាត់បុរស និងស្ត្រីអារ៉ាប៊ិសាអូឌីត ខ្ញុំពិតជាមានមោទកភាពខ្លាំងចំពោះប្រទេសខ្ញុំ និងក្រុមឥន្ទ្រីពណ៍បៃតងរបស់យើង។»។ នេះជាការអះអាងរបស់លោក Shaima Abbasi មន្ត្រីមួយរូបរស់នៅទីក្រុង Jeddah។
 
តាមរយៈជ័យជម្នះនេះ អារ៉ាប៊ីសាអូឌីតបានបញ្ចប់កំណត់ត្រាមិនដែលចាញ់របស់អាហ្សង់ទីន ៣៦ប្រកួតមិនដែលចាញ់តាំងឆ្នាំ ២០១៨ មក ហើយនេះក៏ជាការប្រកួតប្រវត្តិសាស្ត្រមួយសម្រាប់អារ៉ាប៊ីសាអូឌីត ដែលពួកគេឈ្នះការប្រកួតបើកឆាកតាមពូលលើកដំបូងតាំងពីឆ្នាំ ១៩៨៦ មក។ ការប្រកួតបន្ទាប់របស់អារ៉ាប៊ីសាអូឌីតនឹងត្រូវជួបប៉ូឡូញ និងម៉ិកស៊ិក៕
 
 
 
 
 
 

Tag:
 ​​​​​World Cup
  Qatar 2022
© រក្សាសិទ្ធិដោយ thmeythmey.com