ជាតិ
សេដ្ឋកិច្ច
ក្រសួងរ៉ែ ប្រកាសទទួលពាក្យក្រុមហ៊ុនសុំអាជ្ញាបណ្ណរុករករ៉ែលើផ្ទៃដី១៥៥​ នៅខេត្តកំពត
23, Nov 2022 , 4:09 pm        
រូបភាព
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ រូបពី៖ ក្រសួងរ៉ែ និងថាមពល
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ រូបពី៖ ក្រសួងរ៉ែ និងថាមពល
ដោយ៖ ចៀន និតា

ក្រសួងរ៉ែ និងថាមពល ប្រកាសបើកឱ្យក្រុមហ៊ុនក្រុមហ៊ុនជាតិ និងអន្តជាតិ ដាក់ពាក្យប្រកួតប្រជែងជាសាធារណៈសម្រាប់ទទួលបានអាជ្ញាបណ្ណស្វែងរុករករ៉ែមួយ​កន្លែង លើផ្ទៃដី១៥៥។​ បើតាមក្រសួង​​ តំបន់សម្បទានរុករករ៉ែនេះ គឺស្ថិតនៅ​តំបន់ភ្នំទ្វារប្រាំបី និងភ្នំជ្រោះកណ្តោល ឃុំ តាកែន ស្រុងឈូក ខេត្តកំពត។

 
សាធារណជន បណ្តាក្រុមហ៊ុនជាតិ និងអន្តជាតិ  ដែលចាប់អារម្មណ៍លើគម្រោងរុករករ៉ែនេះ  គឺអាចដាក់ពាក្យសុំអាជ្ញាបណ្ណ នៅនាយកដ្ឋានឧស្សាហកម្មអាជីវកម្មធនធានរ៉ែ នៃទីស្តីការក្រសួងរ៉ែ និងថាមពល​។ នេះយោងតាមសេចក្តីជូនដំណឹងរបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ 
 
លោក បានបញ្ជាក់ថា​​ ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករករ៉ែ ដែលបំពេញរួចរាល់ គឺត្រូវភ្ជាប់មកជាមួយនូវឯកសារ និងរបាយការណ៍តម្រូវពាក់ព័ន្ធ ហើយដាក់ក្នុងស្រោមសំបុត្របិទជិតដោយការខ្នង«ឯកសារស្នើសុំប្រកួតប្រជែង» រួចប្រគល់ទៅ«ការិយាល័យច្រកចេញតែមួយ» របស់ក្រសួងរ៉ែ​ និង ថាមពល យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ធ្នូ​ ឆ្នាំ២០២២។
 
បើតាមប្រភពដដែល បន្ទាប់ពីអនុវត្តតាមនីតិវិធីចប់សព្វគ្រប់ស្របតាមអនុក្រឹត្យលេខ ៧២ អនុក្រ.បក ចុះថ្ងៃទី៥ ឧសភា ឆ្នាំ២០១៦ និងបានដោះស្រាយបណ្តឹងតវ៉ាចប់ ជាសា្ថពរ  ក្រសួងរ៉ែ និងថាមពល នឹងប្រកាសផ្សាយជាសាធារណៈ ចំពោះរូបវន្តបុគ្គល  ឬនីតិបុគ្គលជ័យលាភីដែលក្រសួងសម្រេចជ្រើសរើស និងផ្តល់អាជ្ញាបណ្ណស្វែងរុករករ៉ែ​នៅតំបន់​​ភ្នំទ្វារប្រាំបី និងភ្នំជ្រោះកណ្តោល ឃុំ តាកែន ស្រុងឈូក ខេត្តកំពត លើផ្ទៃដី១៥៥ហិកតានេះ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com